ថៃបិទច្រកឈូងសមុទ្ទ តែកម្ពុជាមានច្រកសមុទ្ទចម្រុះ និងប្រទាក់ក្រឡាគ្នាសម្រាប់ដឹកទំនិញ
S
Soriya Sou
15 ធ្នូ 2025 02:45 AM

រាជធានីភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា កម្ពុជាមិនមែនជាក្មេងបៀមដៃ ដែលព្រមឱ្យថៃអាចធ្វើអ្វីបានតាមទំនើងចិត្តឡើយ បន្ទាប់ពីថៃចេញបញ្ជាបិទច្រកឈូងសមុទ្ធ...។

ការលើកឡើងរបស់លោក ផន រឹម គឺឆ្លើយតបនឹងយោធាថៃ ដែលកាលពីថ្ងៃទី១៤ធ្នូ បានចេញបទបញ្ជាបន្ទាន់ឱ្យបិទច្រកឈូងសមុទ្ទ ដើម្បីរាំងខ្ទប់ប្រេងឥន្ធនៈ បរិក្ខារសឹកយោធា និងទំនិញមួយចំនួនទៀតដែលត្រូវដឹកជញ្ជូនមកកាន់ប្រទេសកម្ពុជា។ អ្នកនាំពាក្យក្រសួងដឹកជញ្ជូនរូបនេះ បានចាត់ទុកទង្វើរបស់ថៃបិទច្រកសមុទ្ទនេះ ជាលេសមួយក្នុងចំណោមលេសជាច្រើនផ្សេងទៀតរបស់ថៃ ដើម្បីចិញ្ចឹមមហិច្ចតាឈ្លានពាន បង្កសង្គ្រាម និងពង្រីកជម្លោះជាមួយកម្ពុជា។ យ៉ាងណាក៏ដោយ តាមរយៈសារលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃ១៥ធ្នូនេះ លោក ផន រឹម អះអាងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងប្រាប់ទៅភាគីថៃថា៖«កម្ពុជាមិនមែនក្មេងបៀមដៃទេ ហើយកម្ពុជាបានគិតគូររឿងនេះ និងបានត្រៀមលក្ខណៈរួចរាល់ ឆ្លើយតបគ្រប់ទម្រង់ចំពោះមហិច្ចតាបង្កសង្គ្រាមពង្រីកទំនាស់របស់ថៃ»។ 

លោក សង្កត់ធ្ងន់ទៀតថា កម្ពុជាមានច្រកដឹកទំនិញសមុទ្ទចម្រុះ និងប្រទាក់ក្រឡា ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព និងម្ចាស់ការលើគ្រប់ទម្រង់ ស្របតាមច្បាប់ និងវិធានការអន្តរជាតិ។ សាធារណជនជាតិ និងអន្តរជាតិ សុទ្ធតែដឹងថា «ឈូងសមុទ្ទថៃ» មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ថៃតែម្នាក់ឯងទេ តែកម្ពុជា វៀតណាម និងម៉ាឡេស៊ី ក៏មានចំណែកក្នុងដែនទឹកនោះដែរ ដូច្នេះ តើថៃមានអំណាចអ្វីមកប្រកាសបិទជាឯកតោភាគីបែបនេះ?៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត