កម្ពុជាមានសន្ទុះកើនឡើងរថយន្តអគ្គិសនីចុះបញ្ជីជាង១ពាន់គ្រឿង ក្នុងរយៈពេល៩ខែឆ្នាំ២០២៤
អុន សម្ផស្ស
22 វិច្ឆិកា 2024 09:30 AM

រាជធានីភ្នំពេញ៖ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា មានទំនោរទៅរកការតម្រង់ទិស និងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី។ ក្នុងរយៈពេល៩ខែឆ្នាំនេះ មានរថយន្តអគ្គិសនីប្រមាណ១៦៤៤គ្រឿង ត្រូវបានក្រសួងសាធារណកា និងដឹកជញ្ជូន អះអាងថាបានចុះបញ្ជីរួចរាល់ ខណៈចំនួននេះមានការកើនឡើងបើធៀបទៅឆ្នាំមុន..។

រូបភាពតំណាង
រូបភាពតំណាង

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម តាមរយៈសំណេរលើហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២២ ខែវិច្ឆិកានេះ បានឱ្យដឹថា មកទល់ពេលនេះ កម្ពុជាមានរថយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន២៣២៧គ្រឿង។ ដ្បិតរយៈពេល៩ខែ ឆ្នាំ២០២៣ មានរថយន្តអគ្គិសនីចុះបញ្ជីចំនួន២០៣គ្រឿង ខណៈរយៈពេលដូចគ្នានៅឆ្នាំ២០២៤ មានរថយន្តអគ្គិសនីចុះបញ្ជីចំនួន១៦៤៤គ្រឿង។ «[..]មានន័យថា រថយន្តអគ្គិសនីមានសន្ទុះកើនឡើង៧១០ភាគរយ ខណៈទោចក្រយានកើនឡើង៣៦៨ភាគរយ។ ដោយឡែក ត្រីចក្រយានថយចុះ-១៥ភាំគរយ»។ នេះជាការអះអាងបន្ថែមតាមរយៈសំណេរអ្នកនាំពាក្យរូបនេះ។

លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន
លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បច្ចុប្បន្នទីតាំងបញ្ចូលថាមពលអគ្គិសនីនៅទូទាំងប្រទេសមានចំនួន២១កន្លែង មានទូបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនសរុបចំនួន២៧ទូ។ កាលពីខែកញ្ញាកន្លងទៅលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ ធ្លាប់បានបញ្ជាក់ថា ការកើនឡើងនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា បាននិងកំពុងដើរទន្ទឹមគ្នា ទៅនឹងការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅក្នុងក្របខណ្ឌ នៃនិន្នាការសកលដែលកំពុងមានសន្ទុះយ៉ាងលឿនគួរឱ្យកត់សម្គាល់។ ទន្ទឹមគ្នានោះ ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើង ដោយការបំភាយឧស្ម័នកាបូន ឌីអុកស៊ីត (CO2) ចេញពីយានយន្តប្រភេទប្រេងឥន្ធនៈ។ ដើម្បីសម្រេចឱ្យបាននូវការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា៤០ភាគរយ និងទោចក្រយាន យន្តអគ្គិសនីក្នុងងអត្រា៧០ភាគរយ នៅត្រឹមឆ្នាំ២០៥០។ 

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

សូមរំឭកថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានដាក់ចេញ​គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ ដើម្បីជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា និងការប្រើប្រាស់រថយន្តអគ្គិសនី ព្រមទាំងទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនក្នុងវិស័យនេះ។ ចក្ខុវិស័យនៃគោលនយោបាយជាតិ គឺប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានការប្រើប្រាស់យានយន្តអគ្គិសនីក្នុងកម្រិតសុភបរមា (optimal) ដើម្បីគាំទ្រ និងសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព និងធានានូវសុខុមាលភាពប្រជាជន៕

រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត