
រាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៤ធ្នូ ឆ្នាំ២០២៥ គឺមានរយៈពេល៧០ឆ្នាំហើយ ដែលប្រទេសកម្ពុជា បានក្លាយជាសមាជិកអង្គការសហប្រជាជាតិ (UN) ដើម្បីរួមដៃជាមួយប្រទេសសមាជិកផ្សេងទៀត ក្នុងការថែរក្សាសន្តិភាព...។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១៤ធ្នូនេះ បានចេញមកអបអរសាទរ ដោយបញ្ជាក់ថា កម្ពុជាបានចូលជាសមាជិក UN នៅថ្ងៃ១៤ធ្នូ ឆ្នាំ១៩៥៥ ហើយបើគិតដល់ថ្ងៃទី១៤ធ្នូ ឆ្នាំ២០២៥ គឺមានរយៈពេល៧០ឆ្នាំហើយ។ ក្នុងភាពជាសមាជិក កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព។ តាមការបញ្ជាក់របស់សម្ដេចតេជោ ក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវ មានទាំងកងទ័ពជាស្ត្រី និងកងទ័ពបុរស ទៅកាន់ប្រទេសមួយចំនួនដូចជា៖ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៊ីរី សាយប្រឹស ម៉ាលី ។ល។ កងកម្លាំងទ័ពមួកខៀវទាំងនេះ សុទ្ធតែជាកម្លាំងជំនាញផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

ថ្មីៗនេះ កម្ពុជាទើបតែជាប់ឈ្មោះជាប្រទេសនាំមុខគេ ដែលផ្តល់ឱកាសឱ្យនារីកងទ័ពមួកខៀវទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ សូមជម្រាបថា អង្គការសហប្រជាជាតិ គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់។ អង្គការអន្តរជាតិធំជាងគេលើពិភពលោកមួយនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិ ក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនឱ្យមានសង្គ្រាមលោក។

គួរកត់សម្គាល់ថា ក្រៅពី សម្ដេចតេជោ ហ៊ុន សែន ក៏មានក្រសួង-ស្ថាប័ន ព្រមទាំងសាធារណជនជាច្រើន បាននាំគ្នាចូលរួមអបអរសាទរក្នុងឱកាសខួប៧០ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិក UN។ ខួបគម្រប់៧០ឆ្នាំដែលកម្ពុជាចូលជាសមាជិក UN គឺចំពេលកម្ពុជាកំពុងរងការឈ្លានពានពីយោធាថៃ។ ក្រៅពីអបអរសាទរ គេឃើញសាធារណជនអ្នកលេងបណ្ដាញសង្គមមួយចំនួន បានរួមគ្នាអំពាវនាវដល់អង្គការ UN សូមក្រឡេកមើលប្រទេសកម្ពុជាក្នុងគ្រានេះ ដែលកំពុងរងការវាយប្រហារយ៉ាងក្ដៅគគុកមិនដកដៃ ពីសំណាក់យោធាថៃឈ្លានពាន បើ UN ពិតជាបង្កើតឡើងដើម្បីថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិ ក្រោមច្បាប់អន្តរជាតិ និងចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិកពិតមែន មិនគួរឱបដៃឈរមើលថៃវាយប្រហារកម្ពុជា ដែលជាប្រទេសដ៍តូច សម្រាប់ប្រជាជនស៊ីវិលដោយមិនញញើតច្បាប់អន្តរជាតិបែបនេះឡើយ៕




