សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងមិនចូលរួមកិច្ចប្រជុំកំពូលនៃមហាសន្និបាត UN ឆ្នាំនេះទេ
K
Kimhuoy K.
22 កញ្ញា 2024 04:00 AM

រាជធានីភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថា លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្ដីពីអនាគត និងសម័យប្រជុំលើកទី៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ តំណាងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) កាលពីខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) កាលពីខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក

ក្នុងកិច្ចប្រជុំកំពូលដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉កនេះ លោក សុខ ចិន្តាសោភា នឹងអញ្ជើញថ្លែងសុន្ទរកថា ក្រោមមូលបទ «ដំណោះស្រាយពហុភាគីសម្រាប់ថ្ងៃស្អែកកាន់តែប្រសើរ» និងមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ការមិនទុកនរណាម្នាក់ចោល៖ ធ្វើការរួមគ្នាដើម្បីលើកស្ទួយសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសេចក្តីថ្លៃថ្នូរជាមនុស្ស សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត»។ ឆ្លៀតក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិនោះដែរ លោកឧបនាយករដ្ឋមន្ត្រីនឹងអញ្ជើញចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រី អាស៊ាន-សម្ព័ន្ធប៉ាស៊ីហ្វិក លើកទី៧ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G២០ លើកទី២ និងកិច្ចពិភាក្សាតុមូលអាហារពេលល្ងាចរៀបចំដោយក្រុមប្រឹក្សាធុរកិច្ចសម្រាប់ការយល់ដឹងអន្តរជាតិ។ បន្ថែមពីនោះ លោក សុខ ចិន្តាសោភា ក៏នឹងគ្រោងជួបពិភាក្សាទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជនជាន់ខ្ពស់មកពីបណ្តាប្រទេសនានាផងដែរ។ 

លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា
លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា

គួររំលឹកផងដែរថា កាលពីកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) កាលពីខែកញ្ញាឆ្នាំមុននៅទីក្រុងញូវយ៉ក សម្តេចធិបតី បានឡើងថ្លែងសុន្ទរកថា ដោយផ្ដោតលើទិដ្ឋភាពសំខាន់ៗ ចំនួន៣ រួមមាន៖ បរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្ដេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាព បដិវត្តកម្មនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs)។ ដោយឡែក ចំពោះមូលហេតុអវត្តមាននាពេលនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពុំមានបញ្ជាក់អ្វីក្នុងសេចក្តីប្រកាសព័ត៌មានឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត