របាយការណ៍ថ្មី៖ បញ្ហា១០ចំណុចដែលជះឥទ្ធិពលលើការចូលរួមរបស់ស្ត្រី ក្នុងប្រតិបត្តិការរក្សាសន្តិភាព នៅក្នុងកងយោធពលខេមភូមិន្ទ
K
Kimhuoy K.
30 កក្កដា 2024 11:30 AM

រាជធានីភ្នំពេញ៖ ក្នុងតារាងតួនាទីរបស់កងយោធពលខេមភូមិន្ទ (ខ.ភ.ម) ដែលត្រូវបានបែងចែកបញ្ជូនទៅក្នុងបេសកកម្មរក្សាសន្តិភាពក្នុងឆ្នាំ២០២៣ បានបង្ហាញថា ភាគច្រើនបុរសមានចំនួនច្រើនជាងស្ត្រី។ នេះបើតាមរបាយការណ៍ឆ្នាំ២០២៣ ស្តីពីលទ្ធផលនៃការវាស់ស្ទង់នូវឱកាសសម្រាប់ស្ត្រីនៅក្នុងប្រតិបត្តិការរក្សាសន្តិភាព (MOWIP) ដែលចេញផ្សាយដោយអង្គការសហប្រជាជាតិ នារសៀលថ្ងៃទី៣០កក្កដា ឆ្នាំ២០២៤។ 

ក្នុងចំណោមតួនាទីផ្សេងៗក្នុងបេសកកម្មទាំងនោះ ស្ត្រីមានសមាសភាគច្រើនបំផុតក្នុងតួនាទីជាតម្រួតយោធា និងការងារភស្តុភារ និងហិរញ្ញវត្ថុ ប៉ុន្តែស្ត្រីមានសមាសភាគតិចបំផុតក្នុងតួនាទីដឹកជញ្ជូន និងជួសជុលថែទាំ ដឹកនាំ វិស្វកម្ម និង បោសសម្អាតមីន។ ក្នុងន័យនេះ ស្ត្រីមានសមាសភាគទាបនៅក្នុងការងារបច្ចេកទេស និងការងារគ្រោះថ្នាក់ ដូចជា វិស្វកម្ម និងការកម្ទេចសំណល់ជាតិផ្ទុះ ប៉ុន្តែស្ត្រីមានសមាសភាគខ្ពស់នៅក្នុងការងារការិយាល័យ និងហិរញ្ញវត្ថុ និងតួនាទីជាតម្រួតយោធា។ ជាមួយគ្នានោះ ការវាស់ស្ទង់ឱកាសសម្រាប់ស្ត្រីនៅក្នុងប្រតិបត្តិការរក្សាសន្តិភាព (MOWIP) សម្រាប់ ខ.ភ.ម បានពិនិត្យមើលសមត្ថភាពរបស់ខ.ភ.ម ក្នុងការបញ្ជូនកម្លាំងស្ត្រីទៅបេសកកម្មនិងធានាការចូលរួមប្រកបដោយអត្ថន័យរបស់ស្ត្រី នៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយផ្អែកលើបញ្ហា១០ចំណុច។

បញ្ហាទី១៖ កម្លាំងស្ត្រីដែលមានលក្ខណៈសម្បត្តិ បញ្ហានេះពិនិត្យមើលថា តើមានចំនួនស្ត្រីគ្រប់គ្រាន់នៅក្នុងកងកម្លាំងប្រដាប់អាវុធកម្ពុជា ដើម្បីបំពេញចំណុចដៅឆ្នាំ២០២៨ នៃយុទ្ធសាស្ត្រយុគភាពយេនឌ័រក្នុងកងកម្លាំងរក្សាសន្តិភាព អ.ស.ប ឬទេ?។ បញ្ហាទី២៖ លក្ខណៈវិនិច្ឆ័យនៃការបញ្ជូនទៅបេសកកម្ម បញ្ហានេះវាយតម្លៃថា តើស្ត្រីអាចបំពេញលក្ខខណ្ឌតម្រូវនៃការបញ្ជូនទៅបេសកកម្មដូចបុរស ឬទេ? មួយវិញទៀតក៏ពិនិត្យលើជំនាញដែលគេផ្តល់តម្លៃ និងជំនាញផ្ទាល់ខ្លួនរបស់កងកម្លាំង។ ការយល់ឃើញខុសគ្នាតាមទស្សនៈយេនឌ័របង្ហាញពីជំនាញដែលគេផ្តល់តម្លៃ និងជំនាញដែលគេមិនផ្តល់តម្លៃ។

បញ្ហាទី៣៖ ការជ្រើសរើសសម្រាប់ការបញ្ជូនទៅបេសកកម្ម បញ្ហានេះពិនិត្យមើលថា តើស្ត្រីត្រូវបានរារាំងពីឱកាសបញ្ជូនទៅបេសកកម្មដោយសារកង្វះព័ត៌មាន កង្វះខ្សែយៈជាមួយអ្នកធ្វើសេចក្តីសម្រេចសំខាន់ដែលមានឥទ្ធិពល និង/ឬដោយសារតែថ្នាក់លើរបស់ពួកគេសម្រេចថា ការបញ្ជូនទៅបេសកកម្មគឺគ្រោះថ្នាក់ពេកសម្រាប់ពួកគេ។បញ្ហាទី៤៖ កត្តារារាំងក្នុងគ្រួសារ កត្តានេះបង្ហាញពីផលប៉ះពាល់នៃការមានកូនតូច ឪពុកម្តាយចាស់ជរា ឬកាតព្វកិច្ចគ្រួសារលើសមត្ថភាពរបស់ស្ត្រី​ ការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពធៀបនឹងបុរស ក៏ដូចជាវាយតម្លៃថា តើមានសម្ពាធសង្គមមកលើស្ត្រីដែលចង់ចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព ឬទេ?

បញ្ហាទី៥៖ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រតិបត្តិការរក្សាសន្តិភាព បញ្ហានេះពិនិត្យមើលថា តើកង្វះគ្រឿងបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធធ្វើឱ្យស្ត្រីមិនអាចចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព ឬយ៉ាងណា? ។ បញ្ហាទី៦៖ បទពិសោធនៅក្នុងប្រតិបត្តិការរក្សាសន្តិភាព បញ្ហានៃបទពិសោធនៅក្នុងប្រតិបត្តិការរក្សាសន្តិភាព វាយតម្លៃផលប៉ះពាល់នៃបទពិសោធ (វិជ្ជមាន និងអវិជ្ជមាន) ក្នុងពេលចេញបេសកកម្ម ដូចជា បទពិសោធនៃការចូលរួមប្រកបដោយអត្ថន័យ ការសម្រេចចិត្តរបស់ស្ត្រីថា តើត្រូវចូលរួមក្នុងការចេញបេសកកម្មជាថ្មីឬទេ និងការលើកទឹកចិត្ត ឬបន្ទុចបង្អាក់មិនឱ្យចូលរួមក្នុងការចេញបេសកកម្ម..? ។

បញ្ហាទី៧៖ គុណតម្លៃអាជីព វាស់ស្ទង់ថា តើប្រតិបត្តិការរក្សាសន្តិភាពជួយដល់អាជីពការងាររបស់កងកម្លាំង ឬទេ? ពោលគឺថាតើបុរស និងស្ត្រីងាយនឹងត្រូវបានបញ្ជូនទៅបេសកកម្ម និងចូលរួមក្នុងបេសកកម្មជាថ្មី ឬទេ។ កងកម្លាំងជាស្ត្រីដែលត្រូវបានបញ្ជូនទៅបេសកកម្មអាចសម្រេចមិនចូលរួមក្នុងបេសកកម្មជាថ្មីប្រសិនបើការចូលរួមនោះ មិនជួយដល់វឌ្ឍនភាពអាជីពរបស់ពួកគេ។ បញ្ហាទី៨៖ ថ្នាក់ដឹកនាំពីលើចុះក្រោម ផ្តោតលើផលប៉ះពាល់នៃឆន្ទៈនយោបាយ (ឬកង្វះឆន្ទៈនយោបាយ) ក្នុង ចំណោមអ្នកកាន់មុខតំណែងធំៗលើការបញ្ជូនកម្លាំងទៅបេសកកម្មរក្សាសន្តិភាព អ.ស.ប និងការចូលរួមប្រកបដោយអត្ថន័យរបស់ស្ត្រីនៅក្នុងប្រតិបត្តិការរក្សាសន្តិភាព។

បញ្ហាទី៩៖ តួនាទីយេនឌ័រ បញ្ហាឆ្លងវិស័យដែលពាក់ព័ន្ធនឹងតួនាទីយេនឌ័រ ពិនិត្យមើលថា តើប្រេវ៉ាឡង់ (prevalence) នៃផ្នត់គំនិត យេនឌ័រ និងឥរិយាបថរើសអើង ជះឥទ្ធិពលដូចម្តេចលើការបញ្ជូនកងកម្លាំងជាស្ត្រីទៅបេសកកម្ម និងសមត្ថភាពរបស់ពួកគេក្នុងការចូលរួមប្រកបដោយអត្ថន័យនៅក្នុងប្រតិបត្តិការរក្សាសន្តិភាព។ យើងវាយតម្លៃបញ្ហានេះ ដោយពិនិត្យមើលកម្រិតដែលស្ត្រី និងបុរស ប្រកាន់ខ្ជាប់តួនាទី និងទស្សនៈបែបប្រពៃណីស្តីពីតួនាទីរបស់បុរស និងស្ត្រីនៅក្នុងសង្គម។ ក្រៅពីនេះ យើងវាយតម្លៃកម្រិតនៃបទដ្ឋានការពារយេនឌ័រនៅក្នុងស្ថាប័នយោធា។ មានន័យថា យើងវាយតម្លៃថា តើបុរស និងស្ត្រីយល់ថា ស្ត្រីនៅតែត្រូវការការពារគ្រោះថ្នាក់ ទោះបីជាពួកគេជាយោធិន ស្រាប់ ឬយ៉ាងណា?

បញ្ហាទី១០៖ ការផាត់ចេញពីសង្គម ពិនិត្យមើលថា តើការគិត ឬអាកប្បកិរិយារបស់សមាជិកក្នុងក្រុម/សមាជិកក្រៅក្រុម ជាមូលហេតុធ្វើឱ្យស្ត្រីមិនទទួលបានការយកចិត្តទុកដាក់ ត្រូវបានផាត់ចេញពីសង្គម រងការរិះគន់ រងការបៀតបៀន ឬរងការវាយប្រហារ ដែលជាបច្ច័យរារាំងមិនឱ្យស្ត្រីត្រូវបានបញ្ជូនទៅបេសកកម្ម ឬចូលរួមក្នុង ប្រតិបត្តិការរក្សាសន្តិភាពប្រកបដោយអត្ថន័យ ឬទេ? 

យ៉ាងណាមិញ ផ្អែកតាមទម្រង់បែបបទស្វែងរកការពិតអង្គភាពយោធា/អង្គភាពនគរបាលដែលត្រូវបានបង្កើតឡើងមាន សមាសភាគស្ត្រីតិចជាង២០ភាគរយ។ ក្រៅពីនេះ អង្គភាពប្រតិបត្តិការមានសមាសភាគស្ត្រី១០ភាគរយ ឬស្មើនឹងសមាសភាគបុរស៩០ភាគរយ។ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការចូលរួមរបស់ស្ត្រីនៅក្នុងដំណើរការសន្តិភាពជាជំហានសំខាន់មួយ ឆ្ពោះទៅរកការធានាការដោះស្រាយជម្លោះនិងការកសាងសន្តិភាព ហើយរាជរដ្ឋាភិបាលមានឆន្ទៈក្នុងការចាត់វិធានការយ៉ាងសកម្មដើម្បីបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងដំណើរការធ្វើសេចក្តីសម្រេចទាំងអស់ដែលពាក់ព័ន្ធនឹងការទប់ស្កាត់ ការគ្រប់គ្រង និងការដោះស្រាយជម្លោះ៕ 

(ចំពោះរបាយការណ៍ទាំងស្រុងសូមអាន៖ របាយការណ៍ឆ្នាំ២០២៣ ស្តីពីលទ្ធផលនៃការវាស់ស្ទង់នូវឱកាសសម្រាប់ស្ត្រីនៅក្នុងប្រតិបត្តិការរក្សាសន្តិភាព (MOWIP) )

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត