
រាជធានីភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជានៅទីក្រុងហ្សឺណែវ បានចាត់ទុក ការអត្ថាធិប្បាយអ្នកនាំពាក្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ Thameen Al-Kheetan កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការកាត់ទោសសកម្មជនបរិស្ថានដោយតុលាការកម្ពុជា គឺជាការអត្ថាធិប្បាយគ្មានមូលដ្ឋាន និងដោយបំភ័ន្ត...។

យោងតាមសេចក្ដីថ្លែងការណ៍ព័ត៌មាន នាថ្ងៃទី១០កក្កដា ស្ថានបេសកកម្មអចិន្ត្រៃយ៍បានលើកឡើងថា៖«ការអះអាងថា ដំណើរការកាត់ក្ដីលើសកម្មជនបរិស្ថានទាំង១០រូបមិនអនុលោមតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ គឺគ្មានមូលដ្ឋាន ដែលបង្ហាញពីការយល់ឃើញមានកម្រិត ឬការបដិសេធដោយចេតនាក្នុងការយល់ដឹងពីនីតិវិធីរបស់តុលាការនៅកម្ពុជា»។ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានបញ្ជាក់ថា សកម្មជនបរិស្ថានទាំងនេះ ត្រូវបានផ្តន្ទាទោសពុំមែនដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេនោះទេ ប៉ុន្តែដោយសារការរៀបចំសកម្មភាពប្រឆាំងរដ្ឋាភិបាល និងប្រមាថព្រះមហាក្សត្រ ដែលជាបទល្មើសប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា។ មួយវិញទៀត ជនជាប់ចោទទាំងអស់មានឱកាសពេញលេញក្នុងការចូលរួមរាល់នីតិវីធីរបស់តុលាការ រួមទាំងសិទ្ធិក្នុងការការពារផ្នែកច្បាប់ និងបដិសេធរាល់ការចោទប្រកាន់ដែលជាផ្នែកនៃសិទ្ធិទទួលបាននូវការជំនុំជម្រះក្ដីដោយយុត្តិធម៌ និងដំណើរការតាមនីតិវិធីត្រឹមត្រូវ។

ដូច្នេះ ការលើកឡើងថា មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការអនុវត្តច្បាប់ដោយអាជ្ញាធរ គឺជាការមាក់ងាយដល់នីតិរដ្ឋ និងការអនុវត្តដោយស្មើភាពគ្នា ចំពោះប្រជាពលរដ្ឋទាំងអស់ ដូចត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។ ចំពោះការអំពាវនាវឱ្យ «ពិនិត្យឡើងវិញនូវសំណុំរឿង» ឬ «ពិនិត្យឡើងវិញនូវការផ្តន្ទាទោស» ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ចាត់ទុកថាជាការរើសអើងយ៉ាងខ្លាំង ចំពោះសុចរិតភាពរបស់តុលាការកម្ពុជា និងដំណើរការនៃការសម្រេចរបស់តុលាការ ព្រោះការសម្រេចរបស់តុលាការ គឺផ្អែកលើភស្តុតាងជាក់ស្តែង និងប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងទៅលើដំណើរការតាមនីតិវិធីត្រឹមត្រូវ និងគោលការណ៍ច្បាប់។ ជនជាប់ចោទមានសិទ្ធិពេញលេញក្នុងការការពារខ្លួនតាមផ្លូវច្បាប់ ដោយបណ្តឹងជំទាស់ទៅនឹងសេចក្ដីសម្រេចរបស់តុលាការ។

ដោយឡែក ការអំពាវនាវឱ្យមានការកែប្រែមាត្រាពាក់ព័ន្ធនៃក្រមព្រហ្មទណ្ឌ គឺជាការបំភ័ន្ត ក្រមព្រហ្មទណ្ឌត្រូវបានចូលរួមបង្កើតឡើងដោយអ្នកជំនាញផ្នែកច្បាប់មកពីបស្ចិមប្រទេស ហើយមានការពិគ្រោះយោបល់យ៉ាងទំលំទូលាយជាមួយភាគីពាក់ព័ន្ធ ដើម្បីធានាថា សិទ្ធិជាមូលដ្ឋានដូចដែលធានាដោយរដ្ឋធម្មនុញ្ញ និងអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិដែលកម្ពុជាជារដ្ឋភាគីត្រូវបានការពារ ហើយអ្នកបំពានច្បាប់ត្រូវទទួលខុសត្រូវចំពោះការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌរបស់ពួកគេ។ ជាក់ស្តែង មិនមានអ្វីដែលត្រូវឱ្យព្រួយបារម្ភចំពោះបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌឡើយ។ អ្នកនាំពាក្យគួរតែធ្វើការអប់រំសកម្មជនសិទ្ធិមនុស្សឱ្យអនុវត្តសិទ្ធិរបស់ពួកគេស្របតាមដែនកំណត់នៃច្បាប់។

ជាចុងក្រោយ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជានៅទីក្រុងហ្សឺណែវបានទទូចឱ្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិអនុវត្តអាណត្តិរបស់ខ្លួនដោយអនុលោមតាមសេចក្ដីសម្រេចលេខ A/RES/48/141 ដែលការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិត្រូវបំពេញមុខងារ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងត្រូវគោរពអធិបតេយ្យ និងយុត្តាធិការក្នុងស្រុករបស់រដ្ឋនីមួយៗ។



