
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានរំលេចពីសារសំខាន់នៃភាពមិនលម្អៀង និងយុត្តិធម៌ ក្នុងការវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងការវាយតម្លៃពីសិទ្ធិមនុស្សនេះ លោករដ្ឋមន្រ្តីការបរទេស ថែមទាំងស្នើឱ្យមន្រ្តីរបស់អង្គការសហប្រជាជាតិ ដែលបំពេញការងារដោយមានអាណត្តិ ត្រូវប្រកាន់ខ្ជាប់នូវវិធីសាស្ត្រប្រកបដោយតុល្យភាព និងកម្មវត្ថុច្បាស់លាស់ ដើម្បីជៀសវាងការបង្វែរទៅជារឿងនយោបាយ និងមានស្តង់ដាពីរ។

សាររបស់លោក ប្រាក់ សុខុន ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនេះ ធ្វើឡើងតាមរយៈវីដេអូឃ្លីបដែលថតទុកជាមុន ហើយបានចាក់ជូនអង្គប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សលើកទី៥៨ នៃអង្គការសហប្រជាជាតិ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងវីដេអូឃ្លីប លោកឧបនាយករដ្ឋមន្រ្តី បញ្ជាក់ជាថ្មីអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះបញ្ហាសិទ្ធិមនុសស្ស។

លោករដ្ឋមន្រ្តីការបរទេស លើកឡើងថា កម្ពុជាទទួលយកអនុសាសន៍៨៥ភាគរយ ក្នុងចំណោមអនុសាសន៍ទាំងអស់ នៃយន្តការពិនិត្យជាសកលតាមកាលកំណត់ (ឬUPR) បង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស។ ជាមួយគ្នានេះ លោកអះអាង កម្ពុជាបន្តពង្រឹងអភិបាលកិច្ចប្រកបដោយគណនេយ្យភាព និងគោរពនីតិរដ្ឋ ដែលជាសសរស្តម្ភនៃលទ្ធិប្រជាធិបតេយ្យ៕




