ស្ពានជ័យជំនះ រងការខូចខាតយ៉ាងដំណំ ដោយសារការទម្លាក់គ្រា.ប់បែ.កពីយន្តហោះចម្បាំងរបស់យោធាថៃ
L
Linda Sorn
13 ធ្នូ 2025 02:30 AM

ក្រុងពោធិ៍សាត់៖ ស្ពានជ័យជំនះ ឬហៅថា ស្ពានស្ទឹងមេទឹក ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានរងការខូចខាតយ៉ាងដំណំ ដោយសារការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 របស់យោធាថៃ។ នេះបើតាមការឱ្យពីក្រសួងការពារជាតិ។

ស្ពានជ័យជំនះ ឬហៅថា ស្ពានមេទឹក។ រូបភាព៖ ទីភ្នាក់ងារព័ត៌មានកម្ពុជា(AKP)
ស្ពានជ័យជំនះ ឬហៅថា ស្ពានមេទឹក។ រូបភាព៖ ទីភ្នាក់ងារព័ត៌មានកម្ពុជា(AKP)

ក្រសួងការពារជាតិបានឱ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ទី១៣ធ្នូ ឆ្នាំ២០២៥ យោធាថៃ កំពុងប្រើប្រាស់យន្តហោះចម្បាំងF-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែកចំនួន៧គ្រាប់ ចូលមកក្នុងភូមិសាស្រ្ត ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅម៉ោង៥:៥០នាទី យោធាថៃបានបាញ់កម្ទេចអគារសណ្ឋាគារនៅភូមិសាស្រ្តថ្មដា ចំនួន១គ្រាប់ និងនៅម៉ោង៥:៥៥នាទី បានបាញ់កម្ទេច អគារសណ្ឋាគារនៅភូមិសាស្រ្តថ្មដា ១គ្រាប់ទៀត។ ដោយឡែក នៅម៉ោងប្រមាណ៦ព្រឹកវិញ យោធាថៃបាញ់កម្ទេចស្ពានជ័យជំនះចំនួន២គ្រាប់ និងបាញ់កម្ទេចស្ពានជ័យជំនះ១ទៀតនៅជិតគ្នា ជាស្ពានចាស់ ចំនួន១គ្រាប់ផងដែរ។ ក្រសួងការពារជាតិ អះអាងថា មកទល់នឹងពេលនេះ យន្តហោះយោធាថៃនៅមិនទាន់បញ្ឈប់សកម្មភាពទម្លាក់គ្រាប់បែកនៅឡើយទេ។

ស្ពានជ័យជំនះ ឬហៅថា ស្ពានមេទឹក។ រូបភាព៖ ទីភ្នាក់ងារព័ត៌មានកម្ពុជា(AKP)
ស្ពានជ័យជំនះ ឬហៅថា ស្ពានមេទឹក។ រូបភាព៖ ទីភ្នាក់ងារព័ត៌មានកម្ពុជា(AKP)

ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានបង្ហោះសារលើបណ្តាញសង្គមនៅព្រឹកសៅរ៍ទី១៣ធ្នូ ដោយអះអាងថា«នៅចំពោះស្ថានភាពបែបនេះ យើងរង់ចាំការអនុញ្ញតិពីសមរភូមិមុខ ដើម្បីចូលជួសជុល ធ្វើផ្លូវវាង ធានាការតភ្ជាប់ សម្រួលដល់ការចរាចរណ៍ឡើងវិញ» គួរជម្រាបថា ស្ពានជ័យជំនះ(ស្ពានស្ទឹងមេទឹក) ​មានចម្ងាយពីព្រំដែនប្រហែល៨,៥គីឡូម៉ែត្រ ជាច្រកងាយស្រួលតែមួយគត់ ភ្ជាប់ទៅប្រជុំជនថ្មដា ស្រុកវាលវែង។ ស្ពាននេះ ត្រូវបានស្ថាបនារួចក្នុងឆ្នាំ២០១៨ ហើយជាស្ពានបេតុង ដែលតភ្ជាប់ពីពីត្រើយម្ខាងទៅម្ខាងទៀតនៃស្ទឹងមេទឺក៕

ស្ពានជ័យជំនះ (ស្ពានចាស់)។ រូបភាព៖ ទីភ្នាក់ងារព័ត៌មានកម្ពុជា(AKP)
ស្ពានជ័យជំនះ (ស្ពានចាស់)។ រូបភាព៖ ទីភ្នាក់ងារព័ត៌មានកម្ពុជា(AKP)
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត