
រាជធានីភ្នំពេញ៖ លោក មូន ពេជ្រ បញ្ញវន្តខ្មែរមួយរូបកំពុងបម្រើការនៅបណ្ឌិត្យសភាអាម៉េរិក បានសម្រេចដាក់លិខិតតវ៉ាមួយច្បាប់ទៅកាន់សភា និងព្រឹទ្ធសភាអាម៉េរិក ដើម្បីប្ដឹងប្រទេសថៃដែលប្រើប្រាស់សព្វាវុធអាម៉េរិក ឈ្លានពានកម្ពុជាដោយខុសច្បាប់ បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរលើប្រជាជនស៊ីវិលកម្ពុជា…។

តាមរយៈលិខិតតវ៉ាផ្ញើជូន លោក ម៉ៃក៏ ចនសុន (Mike Johnson) ប្រធានសភាអាម៉េរិក ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនាមសហគមន៍ខ្មែរ-អាម៉េរិក និងជាប្រធានក្រុមបញ្ញវន្តខ្មែរ លោក មូន ពេជ្រ បានបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ យោធាថៃ បានបើកការឈ្លានពានយ៉ាងគឃ្លើនក្នុងទឹកដីកម្ពុជា បណ្ដាលឱ្យជនស៊ីវិលស្លូតត្រង់១១នាក់បានស្លាប់ និងរបួសជាង៧០នាក់ ខណៈពលរដ្ឋជាង២០ម៉ឺននាក់ ត្រូវរត់ភៀសខ្លួនទាំងភាពភ័យខ្លាច ឯសាលារៀនជាង៩០០ ក៏ត្រូវបិទទ្វារ។ ទាំងនេះ មិនទាន់រាប់បញ្ចូលទាហានខ្មែរជាច្រើនដែលបានពលី ដើម្បីការពារអធិបតេយ្យជាតិ កំលុងពេលសង្រ្គាមនេះឡើយ។ កាន់តែហួសចិត្តទៅទៀត យោធាថៃ ក៏បានបាញ់ផ្លោងបំផ្លិចបំផ្លាញតំបន់បេតិកភណ្ឌ ប្រាង្គប្រសាទជាច្រើនរបស់កម្ពុជា ពោរពេញដោយសំណើចក្អាកក្អាយ។

លោក មូន ពេជ្រ បញ្ជាក់ថា ថៃបានប្រើសព្វាវុធ រួមទាំងយន្តហោះ F-16 របស់អាម៉េរិក វាយប្រហារយ៉ាងព្រៃផ្សៃលើបូរណភាពទឹកដី និងប្រជាជនស៊ីវិលកម្ពុជា។ ការប្រើប្រាស់អាវុធដោយខុសច្បាប់ ដែលផលិតដោយសហរដ្ឋអាម៉េរិក ពីសំណាក់យោធាថៃ ក្នុងសកម្មភាពឈ្លានពានកម្ពុជានាពេលនេះ គឺផ្ទុយពីគោលការណ៍ និងកាតព្វកិច្ចផ្លូវច្បាប់របស់សហរដ្ឋអាម៉េរិក។ «ក្នុងន័យនេះ ក្នុងនាមប្រជាពលរដ្ឋកម្ពុជា សូមអំពាវនាវដោយក្ដីគោរព ចំពោះភាពជាអ្នកដឹកនាំរបស់ស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភាអាម៉េរិក សូមពិនិត្យមើលការប្រើប្រាស់អាវុធរបស់សហរដ្ឋអាម៉េរិក ជាពិសេសយន្តហោះ F-16 ដែលថៃកំពុងប្រើប្រាស់ក្នុងការវាយប្រហារឈ្លានពានកម្ពុជា និងរឹតបន្តឹងការប្រើប្រាស់ចុងក្រោយរបស់អាម៉េរិក និងច្បាប់មនុស្សធម៌អន្តរជាតិ»។ ការធានាថា អាវុធរបស់អាម៉េរិក មិនត្រូវបានប្រើប្រាស់ដោយខុសច្បាប់ នឹងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយូរអង្វែងរបស់អាម៉េរិក ចំពោះច្បាប់អន្តរជាតិ និងការដឹកនាំពិភពលោកប្រកបដោយការទទួលខុសត្រូវ។

ក្នុងនាមប្រជាជនកម្ពុជានៅសហរដ្ឋអាម៉េរិក លោក មូន ពេជ្រ ក៏បានអំពាវនាវឱ្យសហរដ្ឋអាម៉េរិក ដាក់កម្រិតបណ្តោះអាសន្នលើកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសថៃ ព្រមទាំងដាក់សម្ពាធឱ្យប្រទេសល្មោភសង្រ្គាមមួយនេះ បញ្ឈប់ការរំលោភបំពានលើកម្ពុជាជាបន្ទាន់ ហើយវិលទៅរកយន្តការផ្លូវច្បាប់ សន្តិភាព និងការទូត ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី។ ទោះបីជាដឹងថា លិខិតតវ៉ាមួយច្បាប់នេះមិនអាចបញ្ឈប់សកម្មភាពរបស់យោធាថៃបានភ្លាមៗ ប៉ុន្តែ លោក មូន ពេជ្រ ថា ការតវ៉ានេះជាសំឡេងរបស់ប្រជាជនខ្មែររស់នៅសហរដ្ឋអាម៉េរិកទៅកាន់អន្តរជាតិ ឱ្យបានដឹងពីការឈ្លានពានដោយខុសច្បាប់របស់ថៃមកលើកម្ពុជា។

សូមជម្រាបថា គិតត្រឹមម៉ោងនេះ ការប្រយុទ្ធគ្នាប្រដាប់ដោយអាវុធរវាងយោធាកម្ពុជា-ថៃ បាននិងកំពុងតែក្ដៅគគុកនៅឡើយ ដោយសារយោធាថៃឈ្លានពាននៅតែបន្តបាញ់ផ្លោងមកលើកម្ពុជា ជាច្រើនទីតាំង។ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានបញ្ជាក់ថា លោកនឹងទូរសព្ទមកមេដឹកនាំកម្ពុជា-ថៃជាថ្មីម្ដងទៀត ដើម្បីសម្រួលឱ្យមានបទឈប់បាញ់ ប៉ុន្តែកិច្ចពិភាក្សាតាមទូរសព្ទមិនទាន់បានធ្វើឡើងផង ស្រាប់តែ លោក អនុទីន ឆានវីរគុល នាយករដ្ឋមន្រ្តីថៃ កាលពីយប់ថ្ងៃទី១១ធ្នូ បានប្រកាសប្រគល់អំណាចជូនប្រជាពលរដ្ឋវិញ ដោយបានដាក់សំណើសុំទៅព្រះមហាក្សត្រ រំលាយសភាតំណាងរាស្ត្របន្ទាន់ និងអំពាវនាវឱ្យមានការបោះឆ្នោតសកលសាជាថ្មី៕



