អង្គការទេសន្តរប្រវេសន៍ សន្យាជួយស្វែងរកទីផ្សារការងារជូនពលករខ្មែរមកពីថៃ និងឧបត្ថម្ភថវិកាដល់ជនភៀសសឹក
L
Linda Sorn
12 ធ្នូ 2025 01:00 PM

រាជធានីភ្នំពេញ៖ ប្រធានបេសកកម្មរបស់អង្គការអន្តរជាតិ ទេសន្តរប្រវេសន៍ (IOM) ប្រចាំនៅកម្ពុជា លោកស្រី ណែលលី ហ្គូសាយនី Nellie Ghusayni យល់ព្រមជួយផ្តល់ការបណ្ដុះបណ្ដាលជំនាញដល់ពលករខ្មែរ ដែលទើបមកពីប្រទេសថៃ និង​ជួយឧបត្ថម្ភថវិកាដល់ពលរដ្ឋរងគ្រោះ ដោយសារការវាយប្រហាររបស់យោធាថៃឈ្លានពាន។

ការលើកឡើងរបស់ លោកស្រី ណែលលី ហ្គូសាយនី ធ្វើឡើងក្នុងពេលមានជំនួបពិភាក្សាការងារជាមួយ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ ជុំវិញការគ្រប់គ្រង និងការផ្ដល់ការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការជួយគាំពារដល់ពលករទេសន្តរប្រវេសន៍ ជាពិសេស​ អតីតពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ។ ក្នុងជំនួបនោះ លោក ហេង សួរ បានលើកពីបញ្ហាប្រឈមដែលក្រសួងបានដោះស្រាយតាមយន្តការផ្សេងៗឱ្យស្របទៅនឹងស្ថានភាពពិត និងសំណូមពរជាក់ស្តែង ខណៈជំនាញខ្លះពលករទទួលបាននៅប្រទេសថៃមិនស៊ីគ្នាទាំងស្រុងជាមួយតម្រូវការទីផ្សារការងារក្នុងស្រុក ដែលតម្រូវឱ្យមានការបណ្ដុះបណ្ដាលជំនាញឡើងវិញ និងការទទួលស្គាល់ជំនាញតាមរយៈការវាយតម្លៃផ្អែកលើសមត្ថភាពរបស់អតីតពលករ ដែលត្រឡប់មកប្រទេសកំណើត។ 

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ   
លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ   

លោកក៏បានស្នើសុំភាគីអង្គការ IOM ជួយផ្ដល់កិច្ចសហការលើការអនុវត្តការធ្វើតេស្តវាយតម្លៃផ្អែកលើសមត្ថភាព ទទួលស្គាល់ការសិក្សាដែលមានពីមុន (RPL), ជំរុញការផ្សព្វផ្សាយការធ្វើតេស្តវាយតម្លៃផ្អែកលើសមត្ថភាពទទួលស្គាល់ការសិក្សា ដែលមានពីមុន (RPL), កៀរគរដៃគូអភិវឌ្ឍន៍សម្រាប់ចូលរួមគាំទ្រផ្នែកហិរញ្ញវត្ថុដល់អតីតពលករដែលចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខ្លីៗ, កិច្ចសហការក្នុងការបើកទីផ្សារការងារថ្មីបន្ថែមទៀត, និងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ IOM ក្នុងការសហការជាមួយអាជ្ញាធរនានា ក្នុងការផ្ដល់កិច្ចគាំពារជូនពលករទេសន្តរប្រវេសន៍កម្ពុជា។

លោកស្រី ណែលលី ហ្គូសាយនី Nellie Ghusayni ប្រធានបេសកកម្មរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំនៅកម្ពុជា
លោកស្រី ណែលលី ហ្គូសាយនី Nellie Ghusayni ប្រធានបេសកកម្មរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំនៅកម្ពុជា

ជាការឆ្លើយតប លោកស្រី ណែលលី ហ្គូសាយនី បានឯកភាពតាមការស្នើសុំ ជួយពង្រីកការគាំទ្រសម្រាប់កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈរយៈពេលខ្លី, ការពង្រីកវេទិកាការងារ និងសិក្សាលទ្ធភាពផ្ដល់ការជួយឧបត្ថម្ភជាកញ្ចប់ថវិកា ឬសម្ភារប្រើប្រាស់ជូនដល់បងប្អូនពលករវិលត្រឡប់ពីប្រទេសថៃ និងជនភៀសសឹក ដែលបង្កដោយសង្គ្រាមព្រំដែនកម្ពុជា-ថៃ។ លោកស្រីក៏អះអាងថា នឹងបន្តគាំទ្រលើការប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដោះស្រាយបញ្ហាឱ្យមានប្រសិទ្ធភាព ហើយនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ IOM ក្នុងការសហការជាមួយអាជ្ញាធរនានា ក្នុងការផ្ដល់កិច្ចគាំពារជូនពលករទេសន្តរប្រវេសន៍កម្ពុជា។

ពលករខ្មែរវិញត្រឡប់មកស្រុកកំណើតវិញ
ពលករខ្មែរវិញត្រឡប់មកស្រុកកំណើតវិញ

គួរបញ្ជាក់ថា ការឈ្លានពានយ៉ាងកំរោល ចាប់ពីថ្ងៃទី៧ធ្នូ ដល់ម៉ោង៦ល្ងាចថ្ងៃទី១១ធ្នូ ឆ្នាំ២០២៥ យោធាថៃឈ្លានពាន បានសម្លាប់ប្រជាជនស៊ីវិលកម្ពុជាចំនួន១១នាក់ រងរបួស៧៤នាក់ ខណៈពលរដ្ឋប្រមាណ៧ម៉ឺន៨ពាន់គ្រួសារ ស្មើនឹងប្រមាណ២៦ម៉ឺន៥ពាន់នាក់ ត្រូវបានជម្លៀសទៅកាន់មណ្ឌលសុវត្ថិភាព។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ៕

ពលរដ្ឋខ្មែរត្រូវបានជម្លៀសទៅរកកន្លែងសុវត្តិភាពដោយសារការវាយប្រហាររបស់យោធាថៃ
ពលរដ្ឋខ្មែរត្រូវបានជម្លៀសទៅរកកន្លែងសុវត្តិភាពដោយសារការវាយប្រហាររបស់យោធាថៃ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត