
រាជធានីបាងកក៖ នៅយប់ថ្ងៃព្រហស្បតិ៍ទី១១ ខែធ្នូនេះ លោក អនុទីន ឆានវីរគុល បានសម្រេចស្នើចុះចេញពីតំណែងនាយករដ្ឋមន្ត្រី ខណៈសមាជិកសភាបានបោះឆ្នោតលើមាត្រា២៥៦/២៨ រួចច្រានចោលសំណើពីមតិភាគច្រើនលើគណៈកម្មាធិការតាក់តែងច្បាប់រដ្ឋធម្មនុញ្ញ ទន្ទឹមនឹងគណបក្សភូមិចៃថៃ ចែកផ្លូវគ្នាជាមួយគណបក្សប្រជាជន។ នេះបើតាមអ្នកយកព័ត៌មាននៅឯសភា។

នាវេលាម៉ោង១០:០៥នាទីយប់ ថ្ងៃទី១១ ខែធ្នូ នាយករដ្ឋមន្ត្រី អានុទីន ឆានវីរគុល បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា៖«ខ្ញុំប្រគល់អំណាចជូនប្រជាពលរដ្ឋវិញហើយ[នេះមានន័យថា លោក អនុទីន ស្នើលាលែងពីតំណែងហើយ]»។ មែនទែនទៅការបង្ហោះសារនេះ កើតឡើងក្រោយ លោក អនុទីន បានដាក់សំណើនៅថ្ងៃទី១១ ខែធ្នូ ដើម្បីសុំការប្រោសប្រទានពីព្រះមហាក្សត្រ អនុម័តព្រះរាជក្រឹត្យរំលាយសភាតំណាងរាស្ត្របន្ទាន់មួយ និងអំពាវនាវឱ្យមានការបោះឆ្នោតសកលសាជាថ្មី។

នេះមានន័យថា ក្រោយការរំលាយសភា ការបោះឆ្នោតសកលថ្មីនឹងត្រូវតែរៀបចំឡើងក្នុងរយៈពេលចន្លោះពី៤៥ថ្ងៃ ទៅ៦០ថ្ងៃ ដើម្បីស្វែងរកមុខនាយករដ្ឋមន្រ្តីថ្មី។ ចំណែកឯរាជរដ្ឋាភិបាលថៃក្នុងពេលបច្ចុប្បន្ន នឹងមានអំណាចជារាជរដ្ឋាភិបាលចាំផ្ទះ។ រង់ចាំមើលទាំងអស់់គ្នា តើនរណានឹងក្លាយជានាយករដ្ឋមន្រ្តីថៃបន្ទាប់...? តើសមីការសង្គ្រាមឈ្លានពានរបស់ថៃលើកម្ពុជាអាចស្រាយបំភ្លឺបានទេ...? ស្របពេលដែលយោធាថៃកំពុងបើកការឈ្លានពានមកលើកម្ពុជាពេញទីបែបនេះ...?

ទន្ទឹមនេះ ថ្លែងនៅឯសភា ក្នុងអំឡុងពេលប្រជុំសភា និងព្រឹទ្ធសភា ដើម្បីពិចារណាលើសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ សមាជិកសភាបានបោះឆ្នោតលើមាត្រា២៥៦/២៨ ហើយបានច្រានចោលសំណើពីមតិភាគច្រើនលើគណៈកម្មាធិការតាក់តែងច្បាប់រដ្ឋធម្មនុញ្ញ។ សមាជិកសភាគណបក្សភូមិចៃថៃជាច្រើននាក់ បានចូលរួមបោះឆ្នោតដើម្បីទម្លាក់តំណែងភាគច្រើនរបស់គណៈកម្មាធិការ ហើយអ្នកផ្សេងទៀតរួមទាំងសមាជិកសភាប្រចាំខេត្តបុរីរម្យ និងអគ្គលេខាធិការគណបក្សភូមិចៃថៃ បានបោះឆ្នោតប្រឆាំងនឹងគណៈកម្មាធិការភាគច្រើន។ ទន្ទឹមនឹង សមាជិកសភាចម្រុះរាជរដ្ឋាភិបាលក៏បោះឆ្នោតក្នុងទិសដៅដូចគ្នានឹងគណបក្សភូមិចៃថៃ ផងដែរ។
ប្រការនេះបានជំរុញឱ្យលោក ណាត់ថៈពង្ស រឿងបញ្ញវុទ្ធ (Nattapong Ruangpanyawut) ប្រធានគណបក្សប្រជាជន និងជាមេដឹកនាំបក្សប្រឆាំងនៅក្នុងសភាតំណាងរាស្ត្របានស្នើបទប្បញ្ញត្តិរបស់សភា ហើយបានស្នើសុំឱ្យកិច្ចប្រជុំរាប់សន្លឹកឆ្នោតម្ដងទៀតតាមឈ្មោះ។ មេដឹកនាំគណបក្សប្រជាជនរូបនេះ កោះហៅសមាជិកសភារបស់ខ្លួនឱ្យចុះហត្ថលេខាលើញត្តិមួយនៅក្រោមមាត្រា១៥១ នៃរដ្ឋធម្មនុញ្ញដើម្បីចាប់ផ្តើមការជជែកដេញដោលភាពមិនទុកចិត្តគ្នាជុំវិញការបោះឆ្នោតនៅម៉ោង៨យប់។ ភាពប្រេះឆារវាងគណបក្សប្រជាជន និងគណបក្សភូមិចៃថៃ ក៏កើតមាន រួចក៏ដើរដល់ផ្លូវបំបែក ចែកផ្លូវគ្នា៕



