ជំនួយរបស់ចិនជួយរំដោះផ្ទៃដីមានមីននៅកម្ពុជាបាន១៦០គីឡូម៉ែត្រ ផ្ដល់ប្រយោជន៍ដល់ពលរដ្ឋ២,៦លាននាក់
S
Soriya Sou
17 សីហា 2025 02:16 AM

រាជធានីភ្នំពេញ៖ គិតចាប់ពីឆ្នាំ២០១៨ មកដល់ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋាភិបាលចិន បានរួមចំណែកជួយកម្ពុជា បោសសម្អាតមីនលើផ្ទៃដីសរុបប្រមាណ១៦០គីឡូម៉ែត្រក្រឡា។ នេះបើតាមការបញ្ជាក់របស់ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) នៅល្ងាចថ្ងៃទី១៦សីហា...។

រូបភាព/ លោក ហេង រតនា អគ្គនាយក CMAC
រូបភាព/ លោក ហេង រតនា អគ្គនាយក CMAC

ក្នុងនាមអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានបន្តគាំទ្រហិរញ្ញប្បទានឥតសំណងជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីនមនុស្សធម៌ទៅតាមអាទិភាពតំបន់ចាំបាច់របស់កម្ពុជា​ ដើម្បីសុខសុវត្ថិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា។ លោកបានឱ្យដឹងថា បច្ចុប្បន្ន អង្គភាព ស៊ីម៉ាក់ បាននិងកំពុងអនុវត្តលើ «គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា»គិតតាំងពីឆ្នាំ២០១៨មក ត្រឹមខែកក្កដាឆ្នាំ២០២៥ ជំនួយរបស់ចិនបានជួយរំដោះផ្ទៃដីមានមីននៅកម្ពុជាសរុបជាង១៦លាន៤៤ម៉ឺនម៉ែត្រក្រឡា ស្មើនឹង១៦០គីឡូម៉ែត្រក្រឡា, រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌសំណល់សង្រ្គាមសរុបជាង៩ម៉ឺន៥ពាន់គ្រាប់, ឆ្លើយតបតាមសំណើរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានសរុបជាង៥ពាន់សំណើ និងបានអប់រំផ្សព្វផ្សាយពីគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដល់ប្រជាពលរដ្ឋសរុបជាង៣លាន៣៥ម៉ឺននាក់។

លោក ហេង រតនា អគ្គនាយក CMAC
លោក ហេង រតនា អគ្គនាយក CMAC

គិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៤ ជំនួយរបស់ចិនផ្ដល់ជូនកម្ពុជាបានរួមចំណែកជួយ និងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋផ្ទាល់ និងប្រយោលសរុបជាង២លាន៦១ម៉ឺននាក់​។ បើតាម លោក ហេង រតនា អង្គភាពស៊ីម៉ាក់ បានធ្វើការស្នើសុំរដ្ឋាភិបាលចិននូវគម្រោងថ្មីមួយទៀត គឺ «China-Aided Project for Landmine Impact Free Cambodia 2030 and Maximum ERW Reduction» ដោយគម្រោងនេះ មានរយពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២៦-២០២៨ ផ្តោតលើកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌសង្រ្គាមមិនទាន់ផ្ទុះ។ អគ្គនាយកស៊ីម៉ាក់ អះអាងថា គម្រោងនេះ ក៏ផ្តោតសំខាន់ផងដែរលើការជួយជនរងគ្រោះដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដោយមានផែនការបោសសម្អាតផ្ទៃដីសរុប១៣៥គីឡូម៉ែត្រ​ក្រឡា ក្នុងខេត្តចំនួន៦ រួមមាន៖ ខេត្តកំពង់ធំ ក្រចេះ ឧត្តមានជ័យ ព្រះវិហារ សៀមរាប និងស្ទឹងត្រែង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត