
រាជធានីភ្នំពេញ៖ ម្ដងនេះ តើប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ អាចបង្អាក់មហិច្ចតាឈ្លានពានរបស់ថៃ មកលើកម្ពុជាបានដែរឬទេ..? ខណៈបុរសមានរហស្សនាមថា «បុរសសន្តិភាព» ធ្លាប់បានទាញដៃមេដឹកនាំប្រទេសទាំងពីរ ចូលតុចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពម្តងរួចទៅហើយ។ ក្នុងនាមជាអ្នកសម្របសម្រួល និងជាមេដឹកនាំមានអំណាចកំពូលពិភពលោក តើម្តងនេះ ត្រាំមានវិធានការយ៉ាងណា ជុំវិញភាពច្រឡោងខាមរបស់ភាគីថៃ ដែលហ៊ានទាត់ចោលកិច្ចព្រមព្រៀងសន្តិភាព មានហត្ថលេខារបស់លោក?

ផែនការ លោក ដូណាល់ ត្រាំ ថាអាចនឹងទាញដៃកម្ពុជា-ថៃ ចូលតុនិយាយគ្នាម្ដងទៀត ក្នុងនាមជាមេដឹកនាំពិភពលោក កំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល ដ្បិតឥទ្ធិពលសហរដ្ឋអាម៉េរិកចុះអន់ខ្សោយ។ អន់ខ្សោយក៏នៅត្រង់ថា ថៃហ៊ានជាន់ឈ្លី ប្រមាថ និងមើលងាយសម្ព័ន្ធមិត្តដ៏ធំរបស់ខ្លួន គឺអាម៉េរិក តាមរយៈការមិនគោរពកិច្ចព្រមព្រៀងសន្តិភាពនីរាជធានីគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ។ កន្លងមក ត្រាំបានបង្ហាញពីភាពខ្លាំងលើការចរចារកសន្តិភាព ដូចជា ជម្លោះព្រំដែន ឥណ្ឌា-ប៉ាគីស្ថាន សង្គ្រាមឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន និងការផ្ទុះឡើងវិញនូវជម្លោះរវាងកុងហ្គោ និងរ្វាន់ដា ដូច្នេះ រហស្សនាម «បុរសសន្តិភាព» អាចនឹងជួបបញ្ហា ប្រសិនបញ្ហាជម្លោះព្រំដែនថៃ-កម្ពុជា ត្រាំមិនអាចរកដំណោះស្រាយបានទេនោះ។ ជាក់ស្តែង ពន្លឺសន្តិភាពកម្ពុជា-ថៃ នៅរាជធានីគូឡាឡាំពួរ មានអាយុខ្លីណាស់ ដោយសារភាគីថៃ បានរំលោភបំពានស្រស់ៗ ដោយការមិនទុកមេដឹកនាំអាម៉េរិក និងម៉ាឡេស៊ីដែលជាប្រធានអាស៊ានប្តូរវេន ក្នុងកែវភ្នែក។

មិនខុសពីរាល់ដងទេ មុនដឹកដៃមេដឹកនាំកម្ពុជា-ថៃ ចូលតុកិច្ចចរចាសន្តិភាព លោក ត្រាំ តែងបង្កើតទំនាក់ទំនងផ្ទាល់ជាមួយមេដឹកនាំទាំង២ ដើម្បីជាកូនសោបើកទ្វារសម្រាប់កិច្ចចរចា។ យ៉ាងណា ដោយសារ ការខ្ជីខ្ជា និងរំលោភបំពានម្ដងហើយម្ដងទៀតពីសំណាក់ភាគីថៃ លើកិច្ចព្រមព្រៀងសន្តីភាពរាជធានីគូឡឡាំពួរ ធ្វើឱ្យក្រដាសកិច្ចព្រមព្រៀងដាច់រហែក និងឈានដល់ការផ្ទុះភ្លើងសង្គ្រាមសាជាថ្មី ធ្វើឱ្យ លោក ដូណាល់ ត្រាំ ឈរមិននឹង អង្គុយមិនស្ងៀម ចេញមកប្រកាស ថានឹងទូរសព្ទទៅមេដឹកនាំកម្ពុជា-ថៃ សាជាថ្មី ដើម្បីពន្លត់ភ្លើងសង្គ្រាមរវាងប្រទេសក្បែរខាងទាំង២។ ដំណឹងនេះ ត្រូវបានពលរដ្ឋកម្ពុជា រង់ចាំអ៊ុតមើលយ៉ាងអន្ទះសា តែហាក់ដូចជាស្ងាត់ឈឹង ខណៈយោធាឈ្លានពានថៃ បន្តការវាយលុកមកលើអធិបតេយ្យភាពកម្ពុជាយ៉ាងសន្ធាប់។

គួរជម្រាបផងដែរថា លោក ដូណាល់ ត្រាំ អាចនាំសន្តិភាពជូនកម្ពុជាបាន ល្កឹកណាប្តូរយុទ្ធសាស្ត្រសម្របសម្រួល ព្រោះថា នេះមិនមែនជាលើកទី១ទេ ដែលថៃក្រឡាស់សម្តី សញ្ញេនឹងដៃលុបនឹងជើង ដូច្នេះ លោក ត្រាំ មិនអាចដោះស្រាយតាមរបៀបចាស់បានឡើយ។ ជម្លោះព្រំដែនកម្ពុជា-ថៃ មិនមែនទើបតែផ្ទុះឡើងថ្មីទេ វាជាវិបត្តិដ៏រ៉ាំរ៉ៃ ដែលបានចាក់ស្រែះយ៉ាងស្មុគស្មាញ រាប់ចាប់ពីជម្លោះបូរណភាពទឹកដី នៃគំនូសផែនទីបារាំង-សៀម រហូតដល់វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណី។ ក្រៅពីនេះ ទឹកដីនៅតាមបណ្តោយព្រំដែន (ទាំងដែនទឹក និងដែនគោក) សុទ្ធតែមានការទាមដូចៗគ្នា ដោយសារតែភាគីថៃមិនទទួលស្គាល់ការពិត ប្រើប្រាស់ផែនទីចោរ គូសដោយឯកតោភាគី។ សម្រាប់ត្រាំ បើមានសុឆន្ទៈដោះស្រាយបញ្ចប់ជម្លោះពិតប្រាកដ គឺមិនពិបាកទេ ដោយគ្រាន់តែកោះហៅបារាំងដែលជាអតីតអាណាព្យាបាលខ្មែរ ឱ្យយកផែនទីនៃកិច្ចព្រមព្រៀងបារាំង-សៀម ១៩០៤-១៩០៧ មកពិនិត្យ និងបង្កើតគណៈកម្មការអន្តរជាតិឯករាជមួយ ត្រួតពិនិត្យលើការវាស់វែងរបស់គណៈកម្មការវាស់វែងព្រំដែនគោក និងទឹកនៃប្រទេសទាំងពីរ គឺជាការស្រេចទៅហើយ។

ងាកត្រឡប់មកមើលការដោះស្រាយកន្លងមកវិញ គេនៅចាំបានថា ត្រាំ បានយកសម្ពាធសេដ្ឋកិច្ច និងពាណិជ្ជកម្មពន្ធគយមកដាក់សម្ពាធលើប្រទេសកម្ពុជា-ថៃ ឱ្យចូលនឹមកិច្ចព្រមព្រៀងសន្តិភាពរាជធានីគូឡាឡាំពួរ។ យ៉ាងណា គំនាបនេះ ហាក់មិនជះឥទ្ធិពលខ្លាំងលើភាគីថៃទេ ព្រោះថា ថៃបានធ្វើសកម្មភាពរំលោភកិច្ចព្រមព្រៀងសន្តិភាព ងាកមកឈ្លានពានកម្ពុជា សម្លាប់ជនស៊ីវិល និងបំផ្លាញសំណង់ប្រាសាទបុរាណខ្មែរ សាជាថ្មីម្តងទៀត ដូចនេះ តើ ត្រាំ នឹងយកអ្វីមកបញ្ចប់ជម្លោះព្រំដែនដ៏រ៉ាំរ៉ៃនេះ ហើយធ្វើឱ្យថៃខ្លបខ្លាចអំណាចក្នុងនាមជាបងធំពិភពលោក?...៕




