កាន់តែព្រហើន! អនុទីនថា បើត្រាំចង់ជួបខ្លួន ត្រូវ​​កំណត់​ពេល​វេលាឱ្យបានច្បាស់ និងឆ្លងក្រសួងការបរទេសឱ្យត្រឹមត្រូវ
ហៀប ស៊ីថេត
10 ធ្នូ 2025 12:10 PM

រាជធានីបាងកក៖ កាន់តែព្រហើនទៅៗ មិនស្គាល់មួក មិនស្គាល់ម្កុដ នាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរគុល បាននិយាយទាំងក្រអឺតក្រទមថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ មិនទាន់បានទាក់ទងទៅលោក ដើម្បីពិភាក្សាអំពីបទឈប់បាញ់នៅឡើយទេ។ លោកបន្តថា បើ ត្រាំ ចង់ជួបលោកនោះ គឺត្រូវតែកំណត់ពេលវេលាឱ្យបានច្បាស់លាស់ជាមុន ហើយកិច្ចពិភាក្សាត្រូវតែអនុវត្តតាមបណ្តាញក្រសួងការបរទេសឱ្យបានត្រឹមត្រូវ។ នេះបើតាមកសែតខាវសតចុះផ្សាយនាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥...។

អនុទីន ឆានវីរគុល
អនុទីន ឆានវីរគុល

មេដឹកនាំថៃបច្ចុប្បន្ន មិនចាត់ទុកអាម៉េរិកជាមហាអំណាចទី១លើលោកទៀតទេ ទន្ទឹមនឹង លោក អនុទីន រលាស់អណ្តាតទាំងព្រហើនថា ​ដូណាល់ ត្រាំ មិន​ទាន់​​ទាក់​ទងទៅលោក​នៅ​ឡើយ​ទេ។ សម្តីនេះពិតជាមិនធម្មតា! មិនធម្មតា ក៏ព្រោះកិច្ចពិភាក្សាតាមទូរសព្ទរវាងប្រមុខរដ្ឋត្រូវតែកំណត់ពេលទុកជាមុន តាមរយៈបណ្តាញផ្លូវការ ហើយរាល់ការប្រាស្រ័យទាក់ទងទាំងអស់ ត្រូវឆ្លងកាត់បណ្តាញការទូត និងក្រសួងការបរទេស រួចបន្តជូនដំណឹងទៅកាន់រាជរដ្ឋាភិបាល។ នៅពេលសួរថា តើលោកនឹងនិយាយជាមួយប្រធានាធិបតីអាម៉េរិកដែរឬទេ ប្រសិនបើត្រូវបានទាក់ទងមែន..? លោក អនុទីន បាននិយាយទាំងក្រអឺតក្រទមមួយម៉ាត់យ៉ាងខ្លី ថា លោកនឹងនិយាយជាមួយ!

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

ទន្ទឹមគ្នា នៅពេលសួរថា តើបទ​ឈប់​បាញ់​អាច​ត្រូវ​បាន​បញ្ជា​ពី​សម្ពាធខាង​ក្រៅ​ ឬ​យ៉ាង​ណា...? លោក អនុទីន បាន​បោះសម្តី​ថា វា​ជា​រឿង​ដាច់​ដោយ​ឡែក ព្រោះជម្លោះ​នេះពាក់ព័ន្ធតែ២ប្រទេសប៉ុណ្ណោះ [កម្ពុជា-ថៃ]។ លោកក៏បានបន្ថែមថា រាល់ការកំណត់ពេលកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំទាមទារឱ្យមានការរៀបចំចំណុចពិភាក្សា រួមទាំងការចូលរួមពីរដ្ឋមន្ត្រីការបរទេស អគ្គមេបញ្ជាការ និងរដ្ឋមន្ត្រីការពារជាតិ ដើម្បីដោះស្រាយបញ្ហាប្រកបដោយតម្លាភាព។

នេះបង្ហាញឱ្យឃើញយ៉ាងជាក់នឹងភ្នែកថា ថៃមិនត្រឹមតែមិនទុកអាម៉េរិកក្នុងកែវភ្នែកទេ ប៉ុន្តែថែមទាំងហ៊ានដាក់លក្ខខណ្ឌជាមួយសហរដ្ឋអាម៉េរិកថែមទៀតផង។ តាមពិតទៅ ភាពអំណួត អួតអាង ខែងរ៉ែងរបស់ថៃ មិនមែនជារឿងចម្លែកទេ ព្រោះថា កន្លងទៅ ថៃបានយកដៃហែកកិច្ចព្រមព្រៀងសន្តិភាពរាជធានីគូឡាឡាំពួរចោល រួចយកជើងជាន់ឈ្លី បើទោះបីកិច្ចព្រមព្រៀងនេះ ស្ថិតក្រោមក្រសែភ្នែកនៃការសម្របសម្រួលចូលខ្លួនធ្វើជាសាក្សី ដោយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដោយបើកការឈ្លានពានមកលើកម្ពុជាសាជាថ្មី ចាប់ពីថ្ងៃទី៧ ខែធ្នូមក...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត