ឈឺចាប់ណាស់! ចោរឈ្លានពានបំផ្លាញសម្បត្តិបេតិកភណ្ឌខ្មែរ យោធាថៃបា.ញ់.ផ្លោ.ងចំទីតាំងមួយចំនួននៃប្រាសាទព្រះវិហារជាថ្មី
L
Linda Sorn
08 ធ្នូ 2025 08:45 AM

រាជធានីភ្នំពេញ៖ បន្ទាប់ពីបាញ់ប្រហារនៅប្រាសាទតាមាន់ធំ និងទីតាំងផ្សេងៗតាមបណ្តោយព្រំដែន ដោយប្រើប្រាស់អាវុធធុនធ្ងន់ជាច្រើន ពេលនេះ យោធាថៃបានបន្តបាញ់សំដៅទីតាំងតំបន់ជុំវិញ និងទីតាំងផ្ទាល់ប្រាសាទព្រះវិហារ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ...។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា យោធាថៃ បានបាញ់ផ្លោងទៅដល់ប្រាសាទព្រះវិហារ នៅវេលាម៉ោងប្រមាណ៧:០០នាទីព្រឹកថ្ងៃចន្ទទី៨ធ្នូ ឆ្នាំ២០២៥ ដោយបានបំផ្លាញអគារអភិរក្សរបស់គម្រោងអភិរក្ស និងជួសជុលគោបុរៈទី៥ ប្រាសាទព្រះវិហារ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា ដែលស្ថិតនៅបរិវេណគោបុរៈទី៥ និងហេដ្ឋារចនាសម្ព័ន្ធអភិរក្សដទៃទៀត។ ក្រសួងបានប្រកាសថ្កោលទោសចំពោះការបង្កហេតុសាជាថ្មីម្ដងទៀត ​នៅតំបន់ប្រាសាទព្រះវិហារ ដែលបានបង្កការលំបាកយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សប្រាសាទព្រះវិហារ និងការជម្លៀសមន្ត្រី បុគ្គលិក ឆ្មាំ ពលករ របស់អាជ្ញាធរជាតិព្រះវិហារ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងតំបន់ ទៅកាន់ទីកន្លែងសុវត្ថិភាព។

ប្រាសាទព្រះវិហាររងការខូចខាតដោយសារយោធាថៃបាញ់ប្រហារកាលពី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥
ប្រាសាទព្រះវិហាររងការខូចខាតដោយសារយោធាថៃបាញ់ប្រហារកាលពី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥

ក្រសួង អំពាវនាវភាគីថៃឱ្យបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភា និងកាតព្វកិច្ចទាំងហ្លាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។ ទន្ទឹមនោះ ក្រសួងក៏បានស្នើឱ្យសហគមន៍អន្តរជាតិថ្កោលទោសចំពោះសកម្មភាពឈ្លានពានរបស់ភាគីថៃ មកលើបូរណភាពទឹកដីកម្ពុជា និងការបន្តបំផ្លាញបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ ដោយបន្តរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាឆ្នាំ១៩៧២ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភពលោក និងអនុសញ្ញាឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌ក្នុងពេលមានជម្លោះប្រដាប់អាវុធ ដែលរដ្ឋភាគីទាំងអស់នៃអនុសញ្ញានេះ ត្រូវគោរពយ៉ាងម៉ឺងម៉ាត់បំផុត និងទាមទារឱ្យថែទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។

ប្រាសាទព្រះវិហាររងការខូចខាតដោយសារយោធាថៃបាញ់ប្រហារកាលពី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥
ប្រាសាទព្រះវិហាររងការខូចខាតដោយសារយោធាថៃបាញ់ប្រហារកាលពី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥

គួរជម្រាបថា ចាប់តាំងពីប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ភាគីថៃ បានបង្កើតលេស និងបង្កជម្លោះប្រដាប់អាវុធនៅតំបន់ប្រាសាទព្រះវិហារជាច្រើនលើកច្រើនសាមកហើយ ដោយលើកទី១នៅចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០១១ និងបន្ទាប់មកទៀតក្នុងពេល បង្កជម្លោះសាជាថ្មីនៅថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥៕

ប្រាសាទព្រះវិហាររងការខូចខាតដោយសារយោធាថៃបាញ់ប្រហារកាលពី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥
ប្រាសាទព្រះវិហាររងការខូចខាតដោយសារយោធាថៃបាញ់ប្រហារកាលពី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត