ថៃឈ្លានពាន៖ សម្តេចតេជោ ប្រកាសថា បន្ទាត់ក្រហម ដែលត្រូវតបតបានកំណត់រួចហើយ
S
Soriya Sou
08 ធ្នូ 2025 03:06 AM

រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអគ្គភស្តុភារជាន់ខ្ពស់ នៅព្រឹកថ្ងៃទី៨ធ្នូ បានប្រកាសលុបចោលកម្មវិធីការងារអស់ ដើម្បីយកពេលវេលារួមដៃជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាលើកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយការឈ្លានពានរបស់ភាគីថៃ…។

ស្របពេលថៃបើកការវាយប្រហារលើកម្ពុជាសាជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារលើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃ៨ធ្នូនេះ ដោយលើកទឹកចិត្តដល់កម្លាំងជួរមុខទាំងអស់ឱ្យមានការអត់ធ្មត់ ព្រោះពួកឈ្លានពានថៃ កំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើកងទ័ពកម្ពុជាតាំងពីម្សិលមិញ និង បានបន្តបាញ់មកដល់ព្រឹកនេះ ក្នុងគោលបំណងទាញកម្ពុជាឱ្យតបត ដើម្បីបំផ្លាញចោលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តភាពកម្ពុជា-ថៃ។ សម្ដេចតេជោ ប្រកាសដូច្នេះថា៖ «បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយ សូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហាន ពលទាហានយល់ដឹងគ្រប់ៗគ្នា។ សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាជនដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់ មកកាន់តំបន់មានសុវត្ថិភាព»។

ជាមួយគ្នានេះ សម្ដេចប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសលុបចោលកម្មវិធីការងារផ្សេងទាំងអស់ ដើម្បីរួមគ្នាជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាលើកម្លាំងប្រដាប់អាវុធទប់ទល់នឹងការឈ្លានពានពីសំណាក់ប្រទេសថៃ។ ទោះបីយ៉ាងណាក៏ដោយ សម្ដេចបានផ្ដាំផ្ញើដល់កីឡាករ កីឡាការិនីដែលទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣នៅប្រទេសថៃ សូមចូលរួមការប្រកួតជាធម្មតា។

អស់ពីយកបញ្ហាមីនមកចោទប្រកាន់ដើម្បីយកលេសវាយប្រហារឈ្លានពានកម្ពុជាសាជាថ្មី យោធាថៃ កាលពីរសៀលថ្ងៃទី៧ធ្នូម្សិលមិញ បានបានប្រើប្រាស់កាំភ្លើងដៃ កាំភ្លើងយន្ត B៤០ និងត្បាល់៦០ បើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នៅវេលាយប់ថ្ងៃដដែល យោធាថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាជាលើកទីពីរ ដោយប្រើកាំភ្លើងដៃបាញ់ជាច្រើនគ្រាប់នៅមុខខ្សែត្រៀមរបស់កម្ពុជា ក្នុងភូមិសាស្ត្រអូរផ្កាស្នេហ៍ ខណៈព្រឹកម៉ោងប្រមាណ៥ ថ្ងៃទី៨ធ្នូនេះ យោធាថៃបានបន្តបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ និងប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ រួមទាំងប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន នៅតំបន់ប្រាសាទព្រះវិហារ ក្នុងខេត្តព្រះវិហារ ជាដើម៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត