
រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញមកបញ្ជាក់ជាថ្មីជុំវិញព្រំដែនកម្ពុជា-ថៃ ដែលថៃបានបិទជាឯកតោភាគីកាលពីខែមិថុនាកន្លងទៅ។ សម្ដេចអះអាងថា ទោះថៃបន្តបិទរហូតដល់៥០០ឆ្នាំទៀត ក៏កម្ពុជាមិនស្លាប់ដែរ ផ្ទុយទៅវិញមានតែជួយជំរុញផលិតកម្មក្នុងប្រទេសកម្ពុជាឱ្យកាន់តែកើនឡើងបន្ថែមទៀត...។

សម្ដេចបញ្ជាក់ជាថ្មីដូច្នេះ បន្ទាប់ពីប្រធានបទពាក់ព័ន្ធនឹងរឿងបើកព្រំដែនកម្ពុជា-ថៃ ឡើងវិញ នៅតែត្រូវបានថ្នាក់ដឹកនាំថៃមួយចំនួនលើកយកមកនិយាយយ៉ាងច្រើន ដែលសម្ដេចយល់ថា បញ្ហានេះក៏ប្រហែលក្លាយជាប្រធានបទសម្រាប់ឃោសនាបោះឆ្នោត នាពេលខាងមុខនៅថៃទៀតដែរ។ តាមរយៈទំព័រហ្វេសប៊ុកកាលពីយប់ថ្ងៃទី៤វិច្ឆិកា សម្ដេចតេជោមានប្រសាសន៍ថា ថ្នាក់ដឹកនាំថៃ រាប់ទាំងនាយករដ្ឋមន្ត្រីថៃផង និយាយរឿងបើកច្រកព្រំដែនច្រើនបែបនេះ បានបង្កឱ្យមានការយល់ច្រឡំក្នុងចំណោមប្រជាជនកម្ពុជា ឬប្រជាជនថៃ ថា ភាគីកម្ពុជាជាអ្នកទៅសុំភាគីថៃឱ្យបើកច្រកឡើងវិញ ជាហេតុនាំឱ្យសម្ដេចត្រូវតែចេញមកបញ្ជាក់ ដើម្បីកុំឱ្យប្រជាជនកម្ពុជាមានការយល់ច្រឡំ។ សម្ដេចសង្កត់ធ្ងន់ថា៖«សម្រាប់ប្រជាជនកម្ពុជា ខ្ញុំសូមបញ្ជាក់ឡើងវិញថា តាំងពីថៃបិទច្រកទ្វារព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានទៅសុំថៃឱ្យបើកច្រកឡើងវិញនោះទេ»។

«សង្ឃឹមថាប្រជាជនកម្ពុជាមិនយល់ច្រឡំថា ថ្នាក់ដឹកនាំកម្ពុជាធ្វើថោកទៅសុំថៃឱ្យបើកច្រកព្រំដែនវិញនោះដែរ។ ថៃអាចបន្តបិទ១០០ឆ្នាំ ឬ៥០០ឆ្នាំទៀតក៏ជារឿងរបស់ថៃ ព្រោះកូនសោស្ថិតក្នុងដៃរបស់ថៃ។ ការបិទកន្លងមកនេះ មិនធ្វើឱ្យកម្ពុជាស្លាប់នោះទេ តែផ្ទុយទៅវិញ ធ្វើទំនិញក្នុងស្រុកចូលមកជំនួសទំនិញថៃ ដែលនោះ គឺជាឱកាសជំរុញផលិតកម្មក្នុងស្រុកឱ្យកើនឡើង»។ ពាក់ព័ន្ធនឹងការបិទព្រំដែនជាឯកតោភាគីពីសំណាក់ភាគីថៃ សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់បន្ថែមថា សម្ដេចបាននិយាយប្រាប់ប្រតិភូជាមិត្តភក្តិបរទេសថា ថៃបិទច្រកព្រំដែនជាមួយកម្ពុជាមិនមែនគ្រាន់កាត់ផ្តាច់ការតភ្ជាប់រវាងកម្ពុជា-ថៃប៉ុណ្ណោះទេ តែជាការកាត់ផ្តាច់ការតភ្ជាប់អាស៊ាន និងអាស៊ីផងដែរ។ «ឯណាទៅហាយវេអាស៊ាន ផ្លូវដែកអាស៊ាន និងហាយវេអាស៊ី? សង្ឃឹមថា សារនេះនឹងបានទៅដល់ថ្នាក់ដឹកនាំថៃ និងប្រជាជនថៃថា កម្ពុជាមិនទៅសុំថៃបើកច្រកព្រំដែនវិញឡើយ»។

សូមជម្រាបថា ថៃបានបិទព្រំដែនជាមួយកម្ពុជា ជាឯកតោភាគីកាលពីថ្ងៃទី៧មិថុនា ធ្វើឱ្យទំនិញថៃនាំកម្ពុជាចូលមិនបាន បូករួមប្រជាជនកម្ពុជានាំគ្នាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃផងនោះ ជាឱកាសឱ្យទំនិញកម្ពុជាដែលផលិតក្នុងស្រុកមានការរីកចម្រើនយ៉ាងខ្លាំង។ ប្រជាជនកម្ពុជាដែលស្រឡាញ់ជាតិ នាំគ្នាគាំទ្រប្រើប្រាស់ទំនិញក្នុងស្រុក ដែលនេះនឹងគាំទ្រដល់ការរីកចម្រើនខាងសេដ្ឋកិច្ចសម្រាប់រយៈពេលវែង។ មួយរយៈដែលថៃបានទាញរបងព្រំដែនបិទជាឯកតោភាគី ធ្វើឱ្យទីផ្សារកម្ពុជាមានស្ថិរភាព មានទំនិញប្រើប្រាស់គ្រប់គ្រាន់ និងអតិផរណាទាបនិយាយដោយឡែក និងនិយាយជារួមម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រងបានល្អ៕



