
រាជធានីបាងកក៖ ប្រមុខកងកម្លាំងការពារជាតិថៃ បានព្រមានចាត់វិធានការដ៏តឹងរ៉ឹង បន្ទាប់ពីគ្រាប់កាំភ្លើងធំវាយប្រហារគ្នាក្នុងប្រទេសមីយ៉ាន់ម៉ា បានផ្លោងឆ្លងចូលព្រំដែនថៃ បណ្ដាលឱ្យជនស៊ីវិលរងរបួសនៅខេត្តតាក...។

ឧត្តមសេនីយ៍ ឧកគ្រៀត បុណ្យតានន្ន อุกฤษฎ์ บุญตานนท์ រាយការណ៍ថា គ្រាប់កាំភ្លើងធំពីការប៉ះទង្គិចគ្នារវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច បានផ្លោងចូលទៅក្នុងស្រុកម៉ែសត ក្នុងខេត្តតាក កាលពីថ្ងៃទី០៦ធ្នូកន្លងទៅថ្មីៗ។ អង្គភាពយោធាថៃ នៅតាមព្រំដែនបានឆ្លើយតបដោយការបាញ់ព្រមាន និងបានធ្វើការទំនាក់ទំនងតាមរយៈយន្តការសម្របសម្រួលព្រំដែនថៃ-មីយ៉ាន់ម៉ា។ ឧត្តមសេនីយ៍ ឧកគ្រៀត បានបញ្ជាក់ថា ទាំងមន្ត្រីរដ្ឋាភិបាលមីយ៉ាន់ម៉ា និងតំណាងជនជាតិភាគតិច ត្រូវបានព្រមានជាផ្លូវការ ដើម្បីទប់ស្កាត់ឧប្បត្តិហេតុបែបនេះតទៅមុខទៀត។ លោកបញ្ជាក់ថា ប្រទេសថៃត្រៀមខ្លួនជាស្រេចក្នុងការចាត់វិធានការខ្លាំងជាងនេះ ប្រសិនបើករណីបែបនេះកើតឡើងម្ដងទៀត។

ហេតុការណ៍នេះបានបង្កឱ្យអ្នកភូមិពីរនាក់រងរបួស ក្នុងនោះមានបុរសអាយុ៦៨ឆ្នាំម្នាក់។ អ្នកស្រុកជាច្រើនដែលបានត្រឡប់ទៅផ្ទះរបស់ពួកគេវិញ បន្ទាប់ពីបានភៀសខ្លួនទៅផ្ទះសាច់ញាតិ។ អ្នកភូមិដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យម៉ែសត ហើយត្រូវបានរាយការណ៍ថា ស្ថិតក្នុងស្ថានភាពប្រក្រតី។ អ្នកនាំពាក្យកងទ័ពKaren លោក ប៉ាដូ ស-តូណេ (ភាសាភូមា៖ဖဒိုစောတော်နီ) បានជំរុញឱ្យយោធាមីយ៉ាន់ម៉ា បញ្ឈប់ការវាយលុករបស់ខ្លួនជាបន្ទាន់ ដោយបានគូសបញ្ជាក់ថា ហេតុការណ៍នេះបង្កគ្រោះថ្នាក់ដល់សហគមន៍ក្នុងស្រុក និងជនបរទេស ដោយបន្ថែមថា ជនជាតិចិន៤នាក់បានរងរបួសផងដែរ៕



