
រាជធានីភ្នំពេញ៖ ប្រជានេសាទគំរូម្នាក់ដែលរស់នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ទទួលបានលិខិតសរសើរពីរដ្ឋបាលជលផល ក្រោយលែងត្រីរាជ១ក្បាលទម្ងន់១២០គីឡូក្រាមចូលទន្លេវិញ បន្ទាប់ពីនេសាទបាន។ នេះបើយោងតាមការឱ្យដឹងពី រដ្ឋបាលជលផល កាលពីល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤...។

រដ្ឋបាលជលផល បានគូសបញ្ជាក់ឱ្យដឹងថា៖«សូមកោតសរសើរដ៏ស្មោះជូនចំពោះ លោក សុឺម៉ៅ អាយុ៤៩ឆ្នាំ មានទីលំនៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានលែងត្រីរាជ១ក្បាល ទម្ងន់១២០គីឡូក្រាម ប្រវែង២ម៉ែត្រ ចូលក្នុងទន្លេសាបវិញ បន្ទាប់ពីនេសាទបាននាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅគន្លងដាយលេខ១៥E ភូមិតាពៅ ឃុំកោះចិន ស្រុកពញាឭ ខេត្តកណ្តាល»។ សកម្មភាពនេះ គឺជាគំរូដ៏ល្អ និងមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជនេះ ឱ្យមានវត្តមានកាន់តែច្រើនក្នុងដែនទឹកធម្មជាតិសម្រាប់កូនចៅក្រោយៗទៀត។

សូបជម្រាបថា ត្រីរាជ ជាត្រីទឹកសាបដ៏ធំបំផុតរបស់ពិភពលោក។ វាអាចលូតលាស់ដល់ទំហំអតិបរមាប្រវែង៣ម៉ែត្រ និងមានទម្ងង់៣០០គីឡូក្រាម ហើយវាត្រូវបានរកឃើញតែនៅក្នុងទន្លេមេគង្គប៉ុណ្ណោះ។ វាត្រូវបានហាមឃាត់ការធ្វើនេសាទ ទិញ-លក់ និងដឹកជញ្ជូន តាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ តាមរយៈក្រមនេសាទលេខ៨០ន.ស ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៥៦ និងបច្ចុប្បន្នតាមរយៈអនុក្រឹត្យលេខ១២៣ អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់នៅកម្ពុជា(ទឹកសាប)។ ទន្ទឹមនឹងនោះ ត្រីរាជ ក៏ស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែងយ៉ាងខ្លាំងឈានទៅរកការផុតពូជ (Critical Endangered) របស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ IUCN ហើយត្រីនេះ ត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ១របស់អនុសញ្ញាសាយតេស(CITES)ផងដែរ ដែលហាមដាច់ខាត ការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូនផ្សេងៗ៕





