
រដ្ឋធានីវ៉ាស៊ីនតោន៖ យោងតាមឯកសារយុទ្ធសាស្ត្រថ្មីរបស់សហរដ្ឋអាម៉េរិក លោកប្រធានាធិបតី ដូណាល់ ត្រាំ មានគោលបំណងទប់ស្កាត់ជម្លោះជាមួយប្រទេសចិនលើបញ្ហាតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង តាមរយៈការកសាងអំណាចយោធារបស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត។

រដ្ឋបាលលោក ត្រាំ បានបង្ហាញវិធីសាស្ដ្ររបស់ខ្លួនចំពោះបញ្ហាការទូតដ៏រសើបបំផុតមួយរបស់ពិភពលោក នៅក្នុងឯកសារយុទ្ធសាស្ត្រសន្តិសុខជាតិផ្លូវការមួយ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រទី៥ ធ្នូ។ ឯកសារយុទ្ធសាស្ត្រសន្តិសុខជាតិនេះលេចឡើងនៅពេលដែលរដ្ឋធានីប៉េកាំងបង្កើនសម្ពាធលើតៃវ៉ាន់ និងជប៉ុន ដោយដាក់ពង្រាយនាវាឆ្លងកាត់ដែនទឹកអាស៊ីបូព៌ានៅសប្តាហ៍នេះ ក្នុងការបង្ហាញកម្លាំងលើផ្ទៃសមុទ្រដ៏ធំបំផុតរបស់ខ្លួនរហូតមកដល់បច្ចុប្បន្ន។ ឯកសារនេះបានបញ្ជាក់ថា ការទប់ស្កាត់ជម្លោះលើកោះតៃវ៉ាន់ ជាពិសេសដោយការរក្សាការត្រួតត្រាយោធា គឺជាអាទិភាពមួយ ដែលជាសេចក្តីថ្លែងការណ៍ចក្ខុវិស័យដែលបានធ្វើបច្ចុប្បន្នភាពជាប្រចាំពីរដ្ឋបាលទៅកាន់សភា និងជាលើកដំបូងចាប់តាំងពីលោក ត្រាំ ឡើងកាន់តំណែងកាលពីខែមករា។

មហាយក្សចិនចាត់ទុកកោះតៃវ៉ាន់ជាទឹកដីមិនអាចកាត់ផ្តាច់បានរបស់ខ្លួន ហើយរដ្ឋធានីប៉េកាំងមិនដែលបោះបង់ចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីនាំកោះតៃវ៉ាន់មកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។ ចិនក៏មានការទាមទារក្នុងតំបន់យ៉ាងទូលំទូលាយផងដែរ រួមទាំងសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូល ដែលត្រួតស៊ីគ្នាជាមួយនឹងការទាមទាររបស់ប្រទេសជិតខាងតូចៗជាច្រើន។ សហរដ្ឋអាម៉េរិកមិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយកោះតៃវ៉ាន់ទេ ប៉ុន្តែរដ្ឋធានីវ៉ាស៊ីនតោនគឺជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់បំផុតរបស់កោះនេះ ហើយត្រូវបានតម្រូវដោយច្បាប់ឱ្យផ្តល់មធ្យោបាយដល់កោះតៃវ៉ាន់ដើម្បីការពារខ្លួន។ បញ្ហានេះបានក្លាយជាការរំខានដល់ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងចិនអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ភាសានៃឯកសារស្តីពីតៃវ៉ាន់គឺខ្លាំងជាងយុទ្ធសាស្ត្រសន្តិសុខជាតិដែលបង្កើតឡើងក្នុងអាណត្តិដំបូងរបស់លោក ត្រាំ។ ឯកសារក្នុងឆ្នាំ ២០១៧ បានលើកឡើងពីតៃវ៉ាន់៣ ដងក្នុងប្រយោគតែមួយ។ ទោះជាយ៉ាងណាក៏ដោយ យុទ្ធសាស្ត្រដែលបានធ្វើបច្ចុប្បន្នភាពបានលើកឡើងពីតៃវ៉ាន់ចំនួន៨ ដងក្នុង៣ កថាខណ្ឌ។ ការផ្តោតអារម្មណ៍យ៉ាងខ្លាំងទៅលើតៃវ៉ាន់ ដោយសារតែទីតាំងយុទ្ធសាស្ត្ររបស់កោះនេះនៅក្នុងដែនទឹកដែលសម្បូរទៅដោយពាណិជ្ជកម្ម និងការផលិតឧបករណ៍អេឡិចត្រូនិក។ ឯកសារចុងក្រោយបំផុតបានបញ្ជាក់ថា៖«សហរដ្ឋអាម៉េរិកនឹងកសាងយោធាដែលមានសមត្ថភាពប្រឆាំងការឈ្លានពាននៅគ្រប់ទីកន្លែងនៅក្នុងតំបន់កោះដែលលាតសន្ធឹងពីប្រទេសជប៉ុនដល់អាស៊ីអាគ្នេយ៍។ ប៉ុន្តែយោធាអាម៉េរិកមិនអាច និងមិនគួរធ្វើបែបនេះតែឯងទេ។ សម្ព័ន្ធមិត្តរបស់យើងត្រូវតែបោះជំហានទៅមុខ និងចំណាយលុយកាន់ច្រើន ហើយសំខាន់ជាងនេះទៅទៀតត្រូវធ្វើច្រើនជាងនេះសម្រាប់ការការពាររួម។»

លោក ត្រាំ ដែលជាសមាជិកគណបក្សសាធារណរដ្ឋ ភាគច្រើនបានជៀសវាងការនិយាយដោយផ្ទាល់អំពីរបៀបដែលលោកនឹងឆ្លើយតបទៅនឹងការកើនឡើងនៃភាពតានតឹងលើកោះនេះ។ អ្នកកាន់តំណែងមុន គឺលោក ចូ បៃឌិន ដែលជាអ្នកប្រជាធិបតេយ្យ បាននិយាយម្ដងហើយម្ដងទៀតក្នុងអំឡុងពេលអាណត្តិឆ្នាំ២០២១ ដល់២០២៥ថា សហរដ្ឋអាម៉េរិកនឹងការពារតៃវ៉ាន់ ប្រសិនបើប្រទេសចិនឈ្លានពាន។ ទំនោររបស់លោក ត្រាំ ក្នុងការចរចា និងការខិតខំប្រឹងប្រែងដើម្បីស្វែងរកទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបង្កឱ្យមានការភ័យខ្លាចនៅក្នុងតំបន់អំពីការធ្លាក់ចុះនៃការគាំទ្ររបស់សហរដ្ឋអាម៉េរិកចំពោះតៃវ៉ាន់ និងសម្ព័ន្ធមិត្តក្នុងតំបន់ ពីរាជធានីតូក្យូដល់ម៉ានីល។

កាលពីខែមុន នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណា តាកៃឈី បានធ្វើឱ្យចិនខឹងសម្បារ ក្រោយលោកស្រីបានប្រាប់សភាថា ការវាយប្រហាររបស់ចិនលើតៃវ៉ាន់ ដែលគំរាមកំហែងដល់ប្រទេសជប៉ុន អាចបង្ហាញអំពីភាពត្រឹមត្រូវនៃការឆ្លើយតបផ្នែកយោធា។ លោក ត្រាំ បានស្នើសុំជាឯកជនដល់លោកស្រី តាកៃឈី កុំឱ្យបង្កើនជម្លោះជាមួយប្រទេសចិន។ ប៉ុន្តែលោក ត្រាំ ក៏បានចុះហត្ថលេខាលើច្បាប់ថ្មីមួយដែលតម្រូវឱ្យរដ្ឋបាលរបស់លោកពិនិត្យឡើងវិញជាប្រចាំអំពីរបៀបដែលខ្លួនធ្វើអន្តរកម្មជាមួយទីក្រុងតៃប៉ិ។ បងធំទី១ លើលោកនេះក៏បានអនុម័តការលក់យន្តហោះចម្បាំង និងគ្រឿងបន្លាស់យន្តហោះផ្សេងទៀតទៅឱ្យតៃវ៉ាន់ក្នុងតម្លៃ៣៣០ លានដុល្លារផងដែរ។ ចំណាត់ការទាំងពីរត្រូវបានគេមើលឃើញថាជាសញ្ញានៃការគាំទ្រតៃវ៉ាន់។ លោក ត្រាំ ក៏បានជំរុញឱ្យប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តសំខាន់ពីរក្នុងតំបន់ បង្កើនការចំណាយលើវិស័យការពារជាតិផងដែរ៕




