
រាជធានីភ្នំពេញ៖ ក្លឹបកម្សាន្តពេលរាត្រីល្បីកក្រើកក្នុងខណ្ឌពោធិ៍សែនជ័យ មានយីហោ អេជហ្ស៊ូម (X-Zoom) ស្ថិតនៅមហាវិថីចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ អាជ្ញាធររដ្ឋបាលខណ្ឌទើបតែរកឃើញថា គ្មានច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្ម ទាំងដែលក្លិបកម្សាន្តមួយនេះ បើកដំណើរការឱ្យយុវជនប្រុសស្រីចូលផឹកស៊ីរាំលេងកម្សាន្តរង្គើអស់ឋានទាំងបី ជាយូរមកហើយ...។

ការបញ្ជាក់របស់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យនេះ គឺបន្ទាប់ពីមានការចុះត្រួតពិនិត្យកាលពីយប់ថ្ងៃទី០៣ ខែធ្នូម្សិលមិញ។ លោក ផុន សុផាន អភិបាលរងខណ្ឌ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះធ្វើការត្រួតពិនិត្យទីតាំងអាជីវកម្មចំនួនពីរកន្លែង ក្នុងនោះមានទីតាំងអាជីវកម្មក្លឹបកម្សាន្ដយីហោ អេជហ្ស៊ូម X-ZOOM និងភោជនីយដ្ឋានឈ្មោះ HOKI ផងដែរ។ ជាលទ្ធផល អាជ្ញាធររដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានរកឃើញថា ទីតាំងខាងលើ ពុំមានច្បាប់អនុញ្ញាតប្រកបអាជីវកកម្មត្រឹមត្រូវឡើយ។ ក្រោយពីធ្វើការត្រួតពិនិត្យលើឯកសារផ្លូវច្បាប់រួច អាជ្ញាធរខណ្ឌបានធ្វើការណែនាំ ម្ចាស់ទីតាំងខាងលើ ដូចខាងក្រោម៖ ទី១-ត្រូវស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មឱ្យបានត្រឹមត្រូវ។ ទី២-ហាមជួញដូរ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ។ ទី៣-ហាមមិនឱ្យប្រើប្រាស់បារីអេឡិចត្រូនិចគ្រប់ប្រភេទ។ ទី៤-ត្រូវរៀបចំច្រកសុវត្ថិភាព (ច្រកអាសន្ន) ឱ្យបានត្រឹមត្រូវ។ ទី៥-ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន។

ទោះយ៉ាងណា មហាជនកំពុងមានចម្ងល់ថា បើក្លឹបកម្សាន្ដយីហោ អេជហ្ស៊ូម X-ZOOM និងភោជនីយដ្ឋានឈ្មោះ HOKI គ្មានច្បាប់អនុញ្ញាតប្រកបអាជីវកកម្មត្រឹមត្រូវ ហេតុដូចម្តេច ក៏អាជ្ញាធរមូលដ្ឋានហ៊ានអនុញ្ញាតឱ្យម្ចាស់ទីតាំងធ្វើការសាងសង់ និងបើកអាជីវកម្មយ៉ាងរលូនបែបនេះ? តើមន្ត្រីជំនាញមិនចុះត្រួតពិនិត្យឯកសារពាក់ព័ន្ធនឹងការសាងសង់ ឬបណ្ណប៉ាតង់សម្រាប់ការធ្វើអាជីវកម្មជាមុនទេឬ? ហេតុអ្វីកន្លងមក នូវរាល់ពេលដែលម្ចាស់អាជីវកម្មបើកដំណើរការអាជីវកម្មរបស់ខ្លួនបានយ៉ាងរលូន តែនៅពេលមានរឿងរ៉ាវអ្វីមួយផ្ទុះឡើង គឺអាជ្ញាធរមូលដ្ឋានតែងតែចេញមកប្រាប់ពលរដ្ឋថា ម្ចាស់ឱសថស្ថាន, ម្ចាស់ក្លិបកម្សាន្ត, ម្ចាស់គ្លីនិកឯកជន, ម្ចាស់លក់សម្ភារប្រើប្រាស់, និងហាងលក់ទំនិញគ្រឿងឧបភោគបរិភោគទាំងអស់នោះ គ្មានច្បាប់អនុញ្ញាត។ តើប្រព័ន្ធគ្រប់គ្រងច្បាប់ភូមិបាលរបស់មន្ត្រីមូលដ្ឋាន បែបនេះឬ? ទាំងនេះ សុទ្ធសឹងជាចម្ងល់មហាជន ជុំវិញចំណាត់ការរបស់អាជ្ញាធរមូលដ្ឋាន។

សូមជម្រាបផងដែរថា ក្រៅពីក្រុមយុវជនចូលចិត្តផឹកស៊ីរាំលេងកម្សាន្ត បុគ្គលដែលមានឥទ្ធិពលក្នុងបណ្ដាញសង្គមជាច្រើន បាននាំគ្នាបំផុសក្នុងន័យអូសទាញមនុស្សចម្រុះវ័យ ឱ្យចូលទៅលេងកម្សាន្តកាន់តែច្រើនឡើង នៅក្លិបកម្សាន្តមួយនេះផងដែរ។ មាតាបិតា ជាពិសេស អាណាព្យាបាលយុវជន-យុវនារីផ្ទាល់ បានសំណូមពរអាជ្ញាធរពាក់ព័ន្ធ គួរមានវិធានការណែនាំដល់ម្ចាស់ទីតាំងខាងលើ ត្រូវកំណត់អាយុភ្ញៀវឱ្យបានច្បាស់លាស់ ចៀសវាងអនុញ្ញាតឱ្យក្មេងៗមិនទាន់គ្រប់អាយុ ចូលលេងកម្សាន្ត ទទួលទានគ្រឿងស្រវឹង ឬអាចឈានដល់ការសេពគ្រឿងញៀន ក៏ដូចជាការប្រព្រឹត្តិអំពើអនាចារផ្សេងៗ ដែលប្រាស់ចាកពីសីលធម៌សង្គម៕





