
ក្រុងប៉ោយប៉ែត៖ យ៉ាងហោចណាស់បុរសម្នាក់បានដេកស្លាប់ក្នុងថ្លុកឈាម និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីត្រូវជនជាតិថៃមួយក្រុមចាក់សម្លាប់ ក្នុងផ្ទះល្វែងមួយកន្លែង ស្ថិតនៅបុរីសានហូ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥នេះ...។

មន្រ្តីជំនាញផ្នែកស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ បានលួចបង្ហើបប្រាប់ភ្នាក់ងារអង្គភាពសារព័ត៌មាន SBM News ប្រចាំខេត្តបន្ទាយមានជ័យ ថា ក្រោយទទួលបានសេចក្ដីរាយការណ៍ពីពលរដ្ឋ ថាមានករណីឃាតកម្មចាក់សម្លាប់បុរសសន្តិសុខម្នាក់ ខណៈម្នាក់ទៀតត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ភ្លាមៗកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះទៅកាន់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនដៃដលពីរនាក់ និងបន្តក្រសោបបានបក្ខពួកសរុបចំនួន៩នាក់ ដែលសុទ្ធសឹងជាជនជាតិថៃ បញ្ជូនមកកាន់ការិយាល័យនគរបាលជំនាញដើម្បីធ្វើការសាកសួរព័ត៌មានបន្ថែម។

ទោះយ៉ាងណា មកទលពេលនេះ អត្តសញ្ញាណរបស់ក្រុមជនសង្ស័យ និងមូលហេតុដែលឈានដល់ការចាក់សម្លាប់ពលរដ្ឋខ្មែរទាំង២រូបនោះ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅមិនទាន់អាចទម្លាយបាននៅឡើយទេ។ ទោះយ៉ាងណា ជុំវិញករណីខាងលើ អង្គភាពសារព័ត៌មាន SBM News និងបន្តតាមដានលម្អិតព័ត៌មាននេះជូនប្រិយមិត្តនៅពេលក្រោយបន្ថែមទៀត៕






