តុលាការ រឹបអូសរថយន្តម្ចាស់សាលាសុវណ្ណភូមិ ក្រោយគេចវេះមិនដោះស្រាយថ្លៃព្យាបាលភ្នែកក្មេងរងរបួស
ហាក់ អ៊ីឌី
02 ធ្នូ 2025 04:00 PM

រាជធានីភ្នំពេញ៖ តុលាការភ្នំពេញ បានសម្រេរឹបអូសរថយន្តរបស់លោកឧកញ៉ា ជា ធីឡាយ ជាម្ចាស់សាលាសុវណ្ណភូមិ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោយផ្ទុះវិវាទជាមួយអាណាព្យាបាលសិស្ស ជុំវិញការធ្វេសប្រហែសរបស់គ្រូបង្រៀន បណ្ដាលឱ្យក្មេងប្រុសម្នាក់រងរបួសភ្នែកធ្ងន់ធ្ងរ កំលុងពេលសិក្សា ហើយគេចវេះមិនដោះស្រាយថ្លៃព្យាបាលភ្នែកក្មេងរងរបួសនោះ....។

ការអនុវត្តដីការឹបអូសនេះ ធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធីពី លោក ខាំ សុខមករា​ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញ ដោយរឹបអូសយករថយន្តមួយគ្រឿងម៉ាក ESCALADE ទៅរក្សាទុកជាបណ្ដោះអាសន្ននៅតុលាការភ្នំពេញ។ ការអនុវត្តដីការឹបអូសដោយបង្ខំនេះ គឺយោងទៅតាមសាលក្រមរបស់ចៅក្រមជំនុំជម្រះ លោកស្រី​ ឈុន ដាវី ចុះថ្ងៃទី៣ ខែកក្កដាកន្លងទៅ ដោយបានបង្គាបឱ្យលោកឧកញ៉ា ជា ធីឡាយ ម្ចាស់សាលាសុវណ្ណភូមិ បង់សំណងខូចខាត និងជំងឺចិត្តសរុបចំនួន១០ម៉ឺនដុល្លារអាម៉េរិក ឱ្យទៅលោកស្រី សន កញ្ញា ជាម្តាយរបស់កុមារា ញុឹប ចេស្ដា ដែលត្រូវរបួសភ្នែក។ 

លោកស្រី សន កញ្ញា ជាអាណាព្យាបាលកុមារា ញុឹប ចេស្ដា 
លោកស្រី សន កញ្ញា ជាអាណាព្យាបាលកុមារា ញុឹប ចេស្ដា 

ក្មេងប្រុសឈ្មោះ ញុឹប ចេស្ដា របួសភ្នែក ដោយសារខ្មៅដៃ បង្កឡើងដោយកុមារាម្នាក់ទៀត រៀននៅសាលាសុវណ្ណភូមិ​ សាខាចម្ការដូងទី១ជាមួយគ្នា កាលពីប្រមាណ១ឆ្នាំមុន តែពេលនោះ គ្រូបន្ទុកថ្នាក់ទាំងពីរនាក់ ពុំបានយកកុមារឈ្មោះ ញ៉ុប ចេស្ដា ទៅបន្ទប់សង្គ្រោះបឋមទេ បែរជានាំយកកុមាររងគ្រោះចេញមកខាងមុខសាលា រង់ចាំអាណាព្យាបាលមកទទួលទៅវិញ ទើបបណ្ដាលឱ្យស្ថានភាពរបួសកាន់តែធ្ងន់ធ្ងរ។ កន្លងមក លោកស្រី សន កញ្ញា ធ្លាប់ប្រាប់អង្គភាពសារព័ត៌មាន SBM News ថា លោកស្រីបានជម្នះការលំបាកជាច្រើនទាំងការសង្គ្រោះកូន តាំងពីពេលកើតហេតុ និងការពិនិត្យព្យាបាលជាបន្តបន្ទាប់។ លោកស្រី សង្ឃឹមថា ឧកញ៉ា ជា ធីឡាយ នឹងទទួលយកការសម្រេចរបស់តុលាការទៅអនុវត្តដោយស្ម័គ្រចិត្ត ឱ្យសក្តិសមនឹងកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់លោក ចៀសវាងបន្តអូនបន្លាយកាន់តែយូរ។ ពេលនេះ លោកស្រី ប្រាប់ SBM News នៅថ្ងៃ២ធ្នូនេះថា លោកស្រី នឹងរង់ចាំមើលថាតើខាងសាលារៀនសុវណ្ណភូមិ នៅបន្តគេចវេះពីការទទួលខុសត្រូវបន្តទៀតឬទេ?

លោកឧកញ៉ា ជា ធីឡាយ ដែលគេស្គាល់ជាម្ចាស់សាលាសុវណ្ណភូមិ 
លោកឧកញ៉ា ជា ធីឡាយ ដែលគេស្គាល់ជាម្ចាស់សាលាសុវណ្ណភូមិ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត