វិបត្តិគ្រោះទឹកជំនន់កំពុងទាញទម្លាក់ប្រជាប្រិយភាពលោក អានុទីន មុនការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី
ហៀប ស៊ីថេត
02 ធ្នូ 2025 03:00 AM

រាជធានីបាងកក៖ មិនមែនតែក្នុងសំណុំរឿងព្រំដែនកម្ពុជា-ថៃទេ ដែលមេដឹកនាំថៃដោះស្រាយបញ្ហាវ៉ល់ៗ ដូចកូនក្មេងលេងដី សូម្បីតែគ្រោះទឹកជំនន់ដែលវាយប្រហារប្រទេសខ្លួនឯង ក៏មេដឹកនាំថៃចាត់ចែងមិនគ្រប់ជ្រុងជ្រោយ និងមិនច្បាស់លាស់ដែរ។ ប្រការនេះ នាំឱ្យនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរគុល ប្រឈមនឹងការរិះគន់យ៉ាងគំហុក ជុំវិញការឆ្លើយតបយឺតយ៉ាវរបស់រាជរដ្ឋាភិបាល ចំពោះគ្រោះទឹកជំនន់ដ៏សាហាវនៅខេត្តភាគខាងត្បូង ខណៈគ្រោះមហន្តរាយដ៏ធំមួយនេះ កំពុងគំរាមជោគវាសនាអនាគតនយោបាយរបស់គណបក្សភូមិចៃថៃ នៅមុនការបោះឆ្នោតដ៏ខ្លីខាងមុខ...។

លោក អានុទីន ឆានវីរគុល
លោក អានុទីន ឆានវីរគុល

តំណែងនាយករដ្ឋមន្រ្តីរបស់លោក អានុទីន កំពុងដង្ហើមចង្រិត បន្ទាប់ពីគ្រោះទឹកជំនន់ដ៏សាហាវបំផុតមិនធ្លាប់មានអស់រយៈពេលជាច្រើនទសវត្សរ៍ បានវាយប្រហារប្រទេសថៃ និងបានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់១៧៦នាក់ និងមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងតំបន់នៃទីក្រុងហាដយ៉ៃ ត្រូវបានបំផ្លិចបំផ្លាញយ៉ាងដំណំ។ គេនៅចាំបានថា គ្រោះមហន្តរាយដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបំផុត ក្នុងរយៈពេល៣សតវត្សរ៍ចុងក្រោយ បានវាយលុកទីក្រុងហាដយ៉ៃនៃខេត្តសង្ឃរា ឬស៊ុងក្លា និងខេត្តផ្សេងៗជាច្រើនទៀតក្នុងតំបន់ភាគខាងត្បូង។ គ្រោះទឹកជំនន់មួយនេះ គឺជាវិញ្ញាសាដ៏លំបាក និងជាអម្រែកដ៏ធ្ងន់នៅលើស្មាទាំងគូររបស់មេដឹកនាំថៃវ័យ៥៩ឆ្នាំ ដែលទើបចូលកាន់តំណែងជានាយករដ្ឋមន្ត្រី កាលពីខែកញ្ញាថ្មីៗ ហើយក៏អាចនឹងជះឥទ្ធិពលដល់ការឈរឈ្មោះប្រជែងតំណែងនាយករដ្ឋមន្ត្រី នាការបោះឆ្នោតឆ្នាំ២០២៦ខាងមុខនេះផងដែរ។

ឥឡូវនេះ អ្នកបោះឆ្នោតនៅក្នុងខេត្តរងគ្រោះដោយទឹកជំនន់ ស្ទើរតែមួយចំហៀងប្រទេស បានចោទជាសំណួរថា តើគណបក្សភូមិចៃថៃរបស់លោក អានុទីន អាចឱ្យពួកគេផ្ញើជោគវាសនាបានដែរឬទេ..? ទន្ទឹមនឹងគណបក្សមួយនេះ ចង់ជាប់ការបោះឆ្នោតនៅខែមីនា ឬខែមេសា ឆ្នាំ២០២៦ខាងមុខ។ ជាក់ស្តែង អ្នកវិភាគនយោបាយក្នុងប្រទេសថៃ អះអាងថា៖«គ្រោះទឹកជំនន់នេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រជាប្រិយភាពរបស់លោក អានុទីន និងរាជរដ្ឋាភិបាលរបស់លោក ព្រោះថា ក្នុងភាពអាសន្ន លោក អានុទីន គឺមិនមានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ទាល់តែសោះ[..]ខណៈពលរដ្ឋថៃ លើកឡើងផ្ទាល់មាត់ថា វាគ្រាន់តែជាការសម្ដែងដើម្បីទាញយកប្រជាប្រិយភាព ជាជាងឆន្ទៈពិតប្រាកដ នៃការដោះស្រាយវិបត្តិរបស់ពលរដ្ឋរងគ្រោះ»។ 

ការស្ទង់មតិមនុស្ស២២០៨នាក់របស់សាកលវិទ្យាល័យសួនតុសិត (สวนดุสิต) បានរកឃើញថា ប្រជាប្រិយភាពគាំទ្ររបស់លោក អានុទីន បានធ្លាក់ចុះពី៤៨ភាគរយមកត្រឹម២៣ភាគរយវិញ។ ទឹកជំនន់ មិនត្រឹមតែបណ្ដាលឱ្យស្លាប់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ប្រជាប្រិយភាពរបស់រាជរដ្ឋាភិបាលលោកអនុទីនផ្ទាល់ផងដែរ ដែលនោះគឺមកពីមានភាពកម្សោយនៃការវាយតម្លៃស្ថានការជាក់ស្តែង។ ទន្ទឹមគ្នា ការស្ទង់មតិមនុស្ស២០០០នាក់នៅតំបន់ភាគខាងត្បូងនៃចំនួន១៤ ដោយវិទ្យាស្ថានជាតិនៃរដ្ឋបាលអភិវឌ្ឍន៍ បានចេញផ្សាយកាលពីថ្ងៃអាទិត្យទី៣០វិច្ឆិកាកន្លងទៅ បានបង្ហាញថា លោក អានុទីន ឈរនៅលំដាប់ទី៣ ក្នុងបញ្ជីជម្រើសនាយករដ្ឋមន្ត្រីនាំមុខគេ ដោយមានការគាំទ្រ១៥,៤ភាគរយ

គួរបញ្ជាក់ថា ការឆ្លើយតបដ៏យឺតយ៉ាវរបស់រាជរដ្ឋាភិបាល ធ្វើឱ្យប្រជាជនថៃ ជាពិសេសអ្នកស្រុកនៅតំបន់ងាយរងគ្រោះ ខឹងសម្បារ និងជះកំហឹងលើ លោក អានុទីន ជាខ្លាំង។ អ្នកស្រុកខ្លះ បានស្រែកជេរប្រទេចលោក អានុទីន ទាំងកម្រោល និងខ្លះទៀតបើកការបាញ់ប្រហារ និងគប់វត្ថុរឹងផ្សេងៗសំដៅទៅរកក្រុមសង្គ្រោះរបស់រាជរដ្ឋាភិបាលថៃថែមទៀតផង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត