អន្តរតំបន់៖ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងជំនួយកំពុងដំណើរការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ខណៈភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានឆក់យកជីវិតមនុស្សអស់ប្រមាណជាង១០០០នាក់ គិតត្រឹមថ្ងៃទី១ធ្នូនេះ។

មនុស្សយ៉ាងហោចណាស់៤៦៩នាក់ បានស្លាប់នៅក្នុងប្រទេសឥណ្ឌូណេស៊ី, ១៧០នាក់នៅក្នុងប្រទេសថៃ និង៣៣៤នាក់នៅស្រីលង្កា ដោយសារតែភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានទឹកជំនន់។ នៅប្រទេសថៃ លោកនាយករដ្ឋមន្រ្តី អនុទីន ឆានវីរកុល បានប្រកាសពីគំនិតផ្តួចផ្តើមស្តារឡើងវិញ និងផ្តល់សំណងសម្រាប់ខេត្តភាគខាងត្បូង ដែលរងផលប៉ះពាល់ រួមមានផ្ទះសម្បែងរបស់ប្រជាជនជាង១,៤លានគ្រួសារ និងមនុស្ស៣,៨លាននាក់ដែលបានរងផលប៉ះពាល់។ ទន្ទឹមនោះ អាជ្ញាធរស្រីលង្កា នៅតែកំពុងស្វែងរកអ្នកបាត់ខ្លួនចំនួន៣៧០នាក់ ដោយមានមនុស្សប្រហែល១៤៨ 000នាក់ កំពុងស្ថិតនៅក្នុងជម្រកសុវត្ថិភាពបណ្តោះអាសន្ន ដោយសារទឹកជំនន់ និងការរអិលបាក់ដីភាគច្រើននៅតំបន់ភ្នំកណ្តាល។

នៅក្នុងប្រទេសឥណ្ឌូណេស៊ីឯណេះវិញ លោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ បានប្តេជ្ញាកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ខណៈកំពុងដោះស្រាយបញ្ហាប្រឈមនៅលើកោះសូម៉ាត្រា ដោយមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង និងមនុស្ស៤៧៤នាក់ត្រូវបានរាយការណ៍ថា កំពុងបាត់ខ្លួន។ តំបន់ជាច្រើននៅតែមិនអាចចូលទៅដល់បាន ហើយអ្នកស្រុកដែលផ្លាស់ទីលំនៅពឹងផ្អែកលើការដឹកជញ្ជូនតាមអាកាស។ លោក ប្រាបូវ៉ូ បានសង្កត់ធ្ងន់លើតម្រូវការក្នុងការប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព និងបានជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់ ចាត់វិធានការយ៉ាងសកម្មក្នុងការការពារបរិស្ថាន និងការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរនាពេលអនាគត៕


