ប្រមុខរដ្ឋសភាកម្ពុជា បន្តផ្ញើលិខិតរំលែកទុក្ខដល់ប្រទេសកំពុងជួបគ្រោះទឹកជំនន់
អុន សម្ផស្ស
01 ធ្នូ 2025 08:45 AM

រាជធានីភ្នំពេញ៖ បន្ទាប់ពីប្រទេសវៀតណាម និងម៉ាឡេស៊ី ឥណ្ឌូណេស៊ី គឺជាប្រទេសទីបីហើយ ដែលប្រធានរដ្ឋសភាកម្ពុជា ផ្ញើលិខិតទៅចូលរួមរំលែកទុក្ខកំលុងពេលជួបគ្រោះមហន្តរាយ។ ឥណ្ឌូណេស៊ី ជាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយកំពុងជួបគ្រោះមហន្តរាយធម្មជាតិនៃទឹកជំនន់ និងការបាក់ស្រុតដីដ៏ធ្ងន់ធ្ងរនៅចុងឆ្នាំ២០២៥នេះ..។

តាមរយៈលិខិតផ្ញើជូនប្រធានរដ្ឋសភាឥណ្ឌូណេស៊ី លោកជំទាវ ពាន់ ម៉ាហារ៉ានី (Puan Maharani) សម្តេច ឃួន សុដារី បានបង្ហាញក្ដីក្ដុកក្ដួល រន្ធត់ចិត្ត ដោយបានទទួលដំណឹងអំពីគ្រោះធម្មជាតិនៃទឹកជំនន់ និងការបាក់ស្រុតដីដ៏ធ្ងន់ធ្ងរ នៅកោះសូម៉ាត្រា។ គ្រោះធម្មជាតិនេះ បណ្ដាលឱ្យប្រជាពលរដ្ឋឥណ្ឌូណេស៊ីបាត់បង់ជីវិត រងរបួស បាត់ខ្លួន និងប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារទៀត ត្រូវជម្លៀសចេញពីលំនៅឋាន ព្រមទាំងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិយ៉ាងច្រើន។

ក្នុងនាមរដ្ឋសភាកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចសរសេរថា៖«ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងក្ដីអាណិតអាសូររដោយស្មោះអស់ពីដួងចិត្ត[..]ជូនចំពោះក្រុមគ្រួសារនៃសព ដែលបានបាត់បង់សមាជិកក្រុមគ្រួសារជាទីស្រឡាញ់ និងក្រុមគ្រួសារដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយគ្រោះមហន្តរាយធម្មជាតិនេះ»។ ប្រមុខរដ្ឋសភាកម្ពុជា បន្ថែមថា ក្នុងស្មារតីនៃសាមគ្គីភាពជាមួយប្រជាពលរដ្ឋ និងរដ្ឋាភិបាលឥណ្ឌូណេស៊ី ក្នុងអំឡុងពេលដ៏លំបាកនេះ ក្នុងនាមកម្ពុជា សម្តេចជូនពរដល់ពលរដ្ឋ និងសហគមន៍ដែលទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះ ឱ្យឆាប់ទទួលបាននូវសេចក្ដីសុខ និងប្រក្រតីភាពឡើងវិញ។

ដោយសារទឹកជំនន់ និងការរអិលបាក់ដី បន្ទាប់ពីព្យុះភ្លៀងស៊ីក្លូននៅកោះសូម៉ាត្រា គិតត្រឹមថ្ងៃទី៣០វិច្ឆិកា ចំនួនអ្នកស្លាប់ដោយទឹកជំនន់នៅឥណ្ឌូណេស៊ី បានកើនឡើងដល់៣០៣នាក់។ រីឯមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព ខណៈរាប់រយនាក់ផ្សេងទៀត កំពុងជាប់គាំងនៅក្នុងខេត្តចំនួន៣នៅទូទាំងកោះសូម៉ាត្រា។ ជាការកត់សម្គាល់ ក្នុងគ្រាដែលប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេស៍ កំពុងរងគ្រោះមហន្តរាយធម្មជាតិ សម្តេចប្រធានសភាកម្ពុជា កាលពីថ្ងៃទី២៦,២៧វិច្ឆិកា បានផ្ញើសាររំលែកទុក្ខជាមួយវៀតណាម និងម៉ាឡេស៊ី ហើយនៅថ្ងៃទី១ធ្នូនេះ ក៏បន្តផ្ញើក្តីអាណិតអាសូរទៅកាន់ឥណ្ឌូណេស៊ី ក្នុងគ្រាដ៏លំបាកនេះដែរ៕   

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត