
រាជធានីភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំ នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីពិនិត្យ និងអនុម័តសេចក្តីស្នើធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា។ មាត្រា៣៣នេះ បានចែងថា៖ «ប្រជាពលរដ្ឋខ្មែរ មិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ តែមានកិច្ចព្រមព្រៀងជាមួយគា្នទៅវិញទៅមក...»។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា កិច្ចប្រជុំនឹងប្រព្រឹត្តទៅក្រោមការដឹកនាំរបស់សម្តេច ឃួន សុដារី ជាប្រធានរដ្ឋសភា។ គួររម្លឹកខ្លីថា កាលថ្ងៃទី២កក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គក្រោមវត្តមានលោក ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យមើលលើការធ្វើវិសោធនកម្ម ឬការកែប្រែមាត្រា៣៣នេះ ហើយក៏សម្រេចថា «អាចធ្វើទៅបាន»។

មាត្រា៣៣នៃរដ្ឋធម្មនុញ្ញ នឹងកែពី «មិនអាច ទៅជាអាចដកសញ្ជាតិខ្មែរ» ពីពលរដ្ឋខ្មែរណាម្នាក់ ដែលត្រូវបានរកឃើញថា បានគប់គិតជាមួយបរទេស ប្រព្រឹត្តទង្វើបំផ្លាញជាតិសាសន៍ខ្លួន។ គួរជម្រាបថា គំនិតកែប្រែមាត្រា៣៣នេះ ផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ក្នុងពិធីមួយនៅខេត្តព្រះវិហារ នាចុងខែមិថុនា សម្តេចបានផ្តាំទៅលោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យសិក្សាអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ (ត្រង់មាត្រា៣៣នេះ)។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា នៅព្រឹកថ្ងៃទី៥កក្កដានេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន (AKP) ថា ពលរដ្ឋខ្មែរដែលស្រឡាញ់ជាតិពិតប្រាកដ គឺគ្មានអ្វីត្រូវបារម្ភ ពីការដកសញ្ជាតិនោះទេ។ មេដឹកនាំកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីមួយ នៅខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៣កក្កដា ថានៅលើពិភពលោក មានប្រទេសដល់ទៅ១៥០ឯណោះ ដែលមានច្បាប់ដកសញ្ជាតិពីពលរដ្ឋខ្លួន៕




