
រាជធានីភ្នំពេញ៖ ព្រះរាជសារ ព្រះករុណា ព្រះបាទសម្ដេច ព្រះមរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ទតឃើញរដ្ឋសភា (ស្ថាប័ននីតិប្បញ្ញត្តិ) និងរាជរដ្ឋាភិបាល (ស្ថាប័ននីតិប្រតិបតិ្ត) នីតិកាលទី៧ ពិតជាសហការគ្នាបានយ៉ាងល្អ ក្នុងការជំរុញនៃការអនុវត្តច្បាប់, កម្មវិធីនយោបាយ, និងយុទ្ធសាស្តអភិវឌ្ឍជាតិ…។

ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅថ្ងៃទី២២ឧសភា ឆ្នាំ២០២៥ ព្រះមហាក្សត្រ ទ្រង់សព្វព្រះរាជហឫទ័យ ចេញព្រះរាជសារកោតសរសើរដល់ស្ថាប័នកំពូលទាំងពីរ ដែលមានកិច្ចសហការគ្នាល្អ បង្ហាញពីស្មារតីកសាង និងអភិវឌ្ឍប្រទេសកម្ពុជាឱ្យរីកចម្រើនជាលំដាប់។ ជាប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន ដោយបន្តជំរុញការធ្វើសមាហរណកម្ម និងពិពិធកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងសកលលោក ជាពិសេស វិស័យកសិកម្ម កសិ-ឧស្សាហកម្ម, ឧស្សាហកម្ម, ទេសចរណ៍, បច្ចេកវិទ្យា, នវានុវត្តន៍, និងអភិវឌ្ឍន៍ជនបទ។ បើនិយាយចំពោះតែរដ្ឋសភា នីតិកាលទី៧ ក្នុងរយៈពេលកន្លងទៅ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់ទតឃើញ ស្ថាប័ននេះបំពេញការងារស្នូលរបស់ខ្លួនយ៉ាងសកម្ម និងប្រកបដោយថាមពលខ្លាំងក្លា ហើយសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។

ជាក់ស្ដែង គណៈកម្មការនានារបស់រដ្ឋសភា បានប្រជុំពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់សំខាន់ៗ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល នឹងត្រូវអនុម័តក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភានាពេលខាងមុខ ដោយផ្ដល់នូវក្របខ័ណ្ឌច្បាប់ជាមូលដ្ឋាន សំដៅបម្រើជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជានុរាស្ដ្រទូទាំងប្រទេស។ ពាក់ព័ន្ធនឹងការងារការទូតវិញ រដ្ឋសភា ក៏បានបំពេញការងារការទូតសភាយ៉ាងសកម្ម និងផុលផុស ដោយបានចូលរួមកិច្ចប្រជុំអន្តរសភាថ្នាក់តំបន់ និងពិភពលោក លើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង មានព្រះរាជបន្ទូលថា ការប្រឹងប្រែងទាំងអស់នេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសុខសន្តិភាព, សណ្តាប់ធ្នាប់សង្គម, កំណើនសេដ្ឋកិច្ច, និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន៕



