រាជធានីគូឡាឡាំពួរ៖ នៅចំពោះមុខថ្នាក់ដឹកនាំគណៈប្រតិភូសមាជិកអន្តរសភាអាស៊ាន (អាយប៉ា) ដែលដឹកនាំប្រជុំដោយសភាម៉ាឡេស៊ី មានទាំងថៃចូលរួមផង ប្រធានសភាកម្ពុជា សម្តេច ឃួន សុដារី លើកឡើងពីឆន្ទៈរបស់កម្ពុជា ក្នុងការលើកកម្ពស់សន្តិភាព សុខដុមនីយកម្មក្នុងអាស៊ាន តាមរយៈការដោះស្រាយជម្លោះព្រំដែនកម្ពុជា និងថៃដោយសន្តិវិធី រួមទាំងគោរពច្បាប់អន្តរជាតិនានា..។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ឆ្នាំ២០២៥ ដែលសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ«សភាទៅមុខសម្រាប់កំណើនប្រកបដោយបរិយាបន្ន និងអាស៊ានប្រកបដោយចីរភាព» ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែកញ្ញា។ ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ាយលើកទី៤៦ នៅរាជធានីគូឡាឡាំពួរ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចប្រធានរដ្ឋសភាកម្ពុជា លើកឡើងថា៖«កម្ពុជា..គោរពបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់ គោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា»។ ក្នុងពេលជាមួយគ្នា កម្ពុជា ដោះស្រាយបញ្ហាតាមរយៈការចរចាដោយសន្តិវិធីឈរលើយន្តការដែលមានស្រាប់ ដើម្បីធ្វើយ៉ាងណាឱ្យស្ថានភាពព្រំដែនកម្ពុជា និងថៃ វិលទៅរកភាពប្រក្រតីឡើងវិញ។

ក្នុងន័យនេះ សម្តេច ឃួន សុដារី លើកឡើងថា សុខសន្តិភាពតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក៏ជាសុខសន្តិភាពរបស់សហគមន៍អាស៊ាន ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ ក្នុងការកសាងសហគមន៍រួម ប្រកបដោយចីរភាព និងបរិយាបន្នដោយយកពលរដ្ឋជាស្នូល។ តាមរយៈការថ្លែងបទអន្តរាគន៍ របស់ប្រធានសភាកម្ពុជា ប្រតិភូនៃបណ្តាប្រទេសអាស៊ាន ដែលជាសមាជិកសភាផ្សេងៗ បានថ្លែងការគាំទ្រឱ្យកម្ពុជា-ថៃ រក្សាឱ្យបាននៅបទឈប់បាញ់ជាគោលការណ៍ ហើយត្រូវអនុវត្តឱ្យបាននៅក្នុងតំបន់ មិនគួរឱ្យកើតមាននូវទង្វើហិង្សាលើពលរដ្ឋស្លូតត្រង់ដូចករណី ដែលទាហានថៃចូលមករាយលួសបន្លា បាញ់គ្រាប់កាំភ្លើងជ័រ និងឧស្ម័នបង្ហូរទឹកភ្នែកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃ១៧កញ្ញា។ នេះបើតាមការបញ្ជាក់របស់ លោក សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេសនៃរដ្ឋសភា ក្រោយកិច្ចប្រជុំនៅរាជធានីគូឡាឡាំពួ។

សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា រៀបចំឡើងដោយ លោក តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភាប្រទេសម៉ាឡេស៊ី និងជាប្រធានអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៦ ដោយមានការអញ្ជើញចូលរួមពីប្រធានគណៈប្រតិភូសភាសមាជិកអាយប៉ា រួមមាន ព្រុយណេដារូស្សាឡាម កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងឡាវ។ អន្តរសភាអាស៊ាន ហៅកាត់ (អាយប៉ា/AIPA) ជាវេទិកាសភា នៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យប្រជាពលរដ្ឋប្រមាណជិត៧០០លាននាក់។ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ មហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ា រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់យន្តការសភា បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ានដើម្បីសម្រេចបានចក្ខុវិស័យសហគមន៍មួយ ដែលយកប្រជាពលរដ្ឋជាស្នូល៕



