
រាជធានីភ្នំពេញ៖ ក្រោយចុះជួបដោយផ្ទាល់ ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយករណីទំនាស់ដីធ្លីនៅខេត្តបន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ គណៈកម្មការទី១នៃរដ្ឋសភា បានណែនាំឱ្យអាជ្ញាធរតំបន់ខិតខំពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លី ដែលកើតមានក្នុងខេត្តខ្លួនឱ្យបានទាន់ពេលវេលា។ នេះបើតាមរបាយការណ៍សង្ខេប ដែលចេញដោយរដ្ឋសភា ស្តីពីសកម្មភាពការងាររបស់ខ្លួន ក្នុងរយៈពេលជាង៣ខែដើមឆ្នាំ២០២៥..។

តាមរបាយការណ៍កម្រាស់៣០ទំព័រ មានចំណុចមួយលើទំព័រទី១៤ និង១៥ រដ្ឋសភាបញ្ជាក់ថា ក្នុងតួនាទីជាអ្នកតាមដាន ត្រួតពិនិត្យការអនុវត្តច្បាប់ គណៈកម្មការនានានៃរដ្ឋសភា បានចុះបំពេញបេសកកម្មនៅតាមក្រសួង ស្ថាប័ន រាជធានី-ខេត្ត យ៉ាងសកម្ម ដើម្បីសិក្សាឈ្វេងយល់អំពីវឌ្ឍនភាព ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ព្រមទាំងពីសមិទ្ធផល និងបញ្ហាប្រឈមនានា ដែលកើតមាននៅក្នុងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។ ក្នុងនោះ គណៈកម្មការទី១ (គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច) បានចុះបំពេញបេសកកម្ម នៅភាគពាយ័ព្យនៃប្រទេស ដោយជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអភិបាលខេត្ត និងសហការី ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយករណីទំនាស់ដីធ្លីរបស់ខេត្តបន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់។

រដ្ឋសភាបន្ថែមថា ក្នុងដំណើរនោះ គណៈកម្មការទី១ បានពិនិត្យឃើញថា នៅក្នុងខេត្តទាំង៤ មានការរីកចម្រើនគួរកត់សម្គាល់ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធមានការរីកដុះដាលគ្រប់ទីកន្លែង ធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តនីមួយៗ មានជីវភាពរស់នៅបានល្អប្រសើរ។ រីឯបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ អាជ្ញាធរខេត្តទាំង៤ បានអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពប្រកបដោយការទទួលខុសត្រូវ និងបានទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលកើតមាននៅក្នុងខេត្ត ព្រមទាំងមានយន្តការដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនប្រជាពលរដ្ឋល្អថែមទៀត។

ទោះជាសង្កេតឃើញដូច្នេះក្ដីតែគណៈកម្មការទី១ នៅតែជំរុញឱ្យអាជ្ញាធរខេត្តពន្លឿការដោះស្រាវរាល់បញ្ហាវិវាទនានាបន្ថែមទៀត។ រដ្ឋសភាគូសរំលេចថា៖«ផ្តល់អនុសាសន៍មួយចំនួនដល់អាជ្ញាធរខេត្តទាំង៤ ឱ្យបន្តខិតខំដោះស្រាយបញ្ហា ទំនាស់ផ្សេងៗដែលនៅសេសសល់ឱ្យបានចប់ជាស្ថាពរ ជាពិសេសយកចិត្តទុកដាក់ ដោះស្រាយទំនាស់ដីធ្លីឱ្យទាន់ពេលវេលា កុំទុកឱ្យមានរឿងទំនាស់កាន់តែធំ»។ ដើម្បីប្រជាពលរដ្ឋមានជំនឿជឿជាក់ទៅលើរាជរដ្ឋាភិបាល និងកុំឱ្យជនឆ្លៀតឱកាសមួយចំនួនយកបញ្ហានេះទៅធ្វើជាឈ្នាន់នយោបាយដែលនាំឱ្យមានការថ្នាំងថ្នាក់ ពីប្រជាពលរដ្ឋក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល។

សូមជម្រាបថា តាមរដ្ឋសភាដដែកក្នុងអំឡុងចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៣ និងលើកទី៤ នីតិកាលទី៧ ដែលមានរយៈពេលជាង៣ខែមកនេះ តំណាងរាស្ត្រ បានបំពេញតួនាទីស្នូលរបស់ខ្លួនយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយសម្រេចបានលទ្ធផលគួរជាទីមោទនៈ ដែលក្នុងនោះមានមុខងារនីតិកម្ម ការតាមដានត្រួតពិនិត្យការអនុវត្តច្បាប់ ភាពជាតំណាង និងការងារការទូតសភា។ ក្រៅពីនេះសមាជិក សមាជិកា រដ្ឋសភា ក៏បានបំពេញចុះតាមមូលដ្ឋាន និងមណ្ឌលរបស់ខ្លួន នៅទូទាំងប្រទេសយ៉ាងសកម្ម ដើម្បីស្វែងយល់ពីសុខទុក្ខ តម្រូវការ បញ្ហាប្រឈម និងក្ដីកង្វល់របស់ ប្រជាពលរដ្ឋ ព្រមទាំងបានចូលរួម អន្តរាគមន៍ និងដោះស្រាយនូវសំណូមពរ និងសំណើផ្សេងៗរបស់ប្រជាពលរដ្ឋ។ល៕




