អ្នកស្លា.ប់ដោយសារអគ្គិភ័យលេបត្របាក់អគាររាប់សិបខ្នងនៅហុងកុងកើនដល់៩៤នាក់ និងរាប់រយនាក់បាត់ខ្លួន
ម៉េងហុង
28 វិច្ឆិកា 2025 01:54 AM

ទីក្រុងហុងកុង៖ អាជ្ញាធរហុងកុងបានបង្ហាញនៅថ្ងៃសុក្រទី២៨ ខែវិច្ឆិកានេះថា ចំនួនអ្នកស្លាប់ដោយសារអគ្គិភ័យដ៏អាក្រក់បំផុតរបស់ទីក្រុង ក្នុងរយៈពេលជាច្រើនទសវត្សរ៍បានកើនឡើងដល់យ៉ាងហោចណាស់៩៤នាក់ ដោយអគ្គិភ័យស្ទើរតែត្រូវបានពន្លត់ទាំងស្រុង ហើយក្រុមជួយសង្គ្រោះកំពុងរុករកអគារខ្ពស់ៗដែលត្រូវបានដុតបំផ្លាញ ដើម្បីស្វែងរកមនុស្សរាប់សិបនាក់កំពុងបាត់ខ្លួន...។

ក្រុមអ្នកជួយសង្គ្រោះកាន់ពិល កំពុងធ្វើដំណើរពីអាផាតមិនមួយទៅអាផាតមិនមួយ នៅក្នុងអគារដែលឆេះខ្ទេចខ្ទី ខណៈផ្សែងក្រាស់បានហុយចេញពីបង្អួចមួយចំនួននៅអគារមានមនុស្សរាប់ពាន់នាក់រស់នៅក្នុងសង្កាត់តៃប៉ូ (Tai Po) ជាយក្រុងភាគខាងជើងជិតព្រំដែនហុងកុងជាមួយចិនដីគោក។ លោក ដេរិក អាមស្ត្រង ចាន់ (Derek Armstrong Chan) អនុប្រធាន​ប្រតិបត្តិការ​សេវា​ពន្លត់​អគ្គិភ័យ​បាន​បញ្ជាក់ថា៖«ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​របស់​យើង​ជិតបញ្ចប់​ហើយ។ ក្រុម​ពន្លត់​អគ្គិភ័យ​កំពុង​ធ្វើការ​យ៉ាង​សស្រាក់សស្រាំ ដើម្បី​ការពារ​កុំ​ឱ្យ​កម្ទេចកម្ទី និង​ធ្យូង​ឆេះ​ឡើង។ បន្ទាប់​មក​ គឺ​ប្រតិបត្តិការ​ស្វែងរក និង​សង្គ្រោះ។» លោក ចាន់ បាននិយាយថា អណ្តាតភ្លើងបានរាលដាលលឿនខ្លាំង ហើយក្រុមជួយសង្គ្រោះបន្ទាន់ បានតស៊ូដើម្បីចូលទៅខាងក្នុងអគារទាំងលំបាក។

លោកបានប្រាប់អ្នកយកព័ត៌មានថា៖«កម្ទេចកម្ទី និងរន្ទាបានធ្លាក់ពីជាន់ខាងលើ។ ក៏មានហេតុផលផ្សេងទៀតដូចជាសីតុណ្ហភាពខ្ពស់ ភាពងងឹត..(និង)ការប្រើយានយន្តសង្គ្រោះបន្ទាន់ត្រូវបានរារាំងដោយរន្ទា និងកម្ទេចកម្ទីដែលធ្លាក់ ធ្វើឱ្យការចូលទៅកាន់អគាររបស់យើងមានការលំបាកខ្លាំងណាស់។» វាមិនច្បាស់ទេថា តើមានមនុស្សប៉ុន្មាននាក់ដែលនៅបាត់ខ្លួន ឬជាប់គាំង។ មេដឹកនាំហុងកុង លោក ចន លី បាននិយាយថា មនុស្ស២៧៩នាក់មិនអាចទាក់ទងបានទេ។ អាជ្ញាធរមិនបានផ្តល់ព័ត៌មានថ្មីៗអំពីមនុស្សដែលបាត់ខ្លួន ឬចំនួនប៉ុន្មាននាក់ដែលនៅខាងក្នុងអគារត្រូវអគ្គិភ័យលេបត្របាក់ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននោះទេ។ វីដេអូបង្ហាញពីក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកនៅក្នុងអាផាតមិនមួយចំនួននៅក្នុងទីងងឹត។ អណ្តាតភ្លើងពណ៌ទឹកក្រូចនៅតែត្រូវបានគេមើលឃើញពីខាងក្នុងបង្អួចជាច្រើន។

លោក ចន លី (John Lee)
លោក ចន លី (John Lee)

នាយកដ្ឋានពន្លត់អគ្គិភ័យបានបង្ហាញថា មនុស្សជាង៧០នាក់បានរងរបួស រួមទាំងអ្នកពន្លត់អគ្គិភ័យ១១នាក់ ក៏ដូចជាមនុស្ស៩៤នាក់បានស្លាប់។ មនុស្សប្រហែល៩០០នាក់ត្រូវបានជម្លៀសទៅកាន់ជម្រកបណ្តោះអាសន្នពេញមួយយប់។ បុរសបីនាក់ ដែលជានាយក និងទីប្រឹក្សាផ្នែកវិស្វកម្មនៃក្រុមហ៊ុនសំណង់មួយ ត្រូវបានចាប់ខ្លួនពីបទមនុស្សឃាតដោយអចេតនា។ ប៉ូលិសមិនទាន់បានបញ្ចេញឈ្មោះក្រុមហ៊ុនដែលពួកគេធ្វើការដោយផ្ទាល់នៅឡើយទេ។ លោកស្រី អេលីន ជុង (Eileen Chung) អធិការនគរបាលហុងកុងបញ្ជាក់ថា៖«យើងមានហេតុផលដើម្បីជឿថា អ្នកដែលទទួលបន្ទុកក្រុមហ៊ុនសំណង់មានការធ្វេសប្រហែសយ៉ាងខ្លាំង។ បុរសទាំងបីនាក់ ដែលត្រូវបានចាប់ខ្លួន មានអាយុចន្លោះពី៥២ទៅ៦៨ឆ្នាំ គឺជានាយក និងជាអ្នកប្រឹក្សាផ្នែកវិស្វកម្មរបស់ក្រុមហ៊ុន»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត