
ទីក្រុងហុងកុង៖ អគ្គិភ័យឆាបឆេះអគារដ៏ធំខ្ពស់ស្កឹមស្កៃនៅសង្កាត់តៃប៉ូ (Tai Po) ពេញមួយយប់ថ្ងៃទី២៦ វិច្ឆិកា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៤៤ នាក់ និង២៧៩ នាក់បានបាត់ខ្លួន។ នេះជាអគ្គិភ័យដ៏សាហាវបំផុតនៅទីក្រុងហុងកុងក្នុងរយៈពេលជាច្រើនទសវត្សរ៍។

ប៉ូលិសបានចាប់ខ្លួនបុរស៣ នាក់ដោយសង្ស័យថាបានសម្លាប់មនុស្សដោយអចេតនាទាក់ទងនឹងអគ្គិភ័យដែលបានចាប់ផ្តើមនៅរសៀលថ្ងៃទី២៦ វិច្ឆិកានៅក្នុងអគារលំនៅដ្ឋានមួយក្នុងសង្កាត់តៃប៉ូ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៧ វិច្ឆិកា (ម៉ោងក្នុងស្រុក) អគ្គិភ័យមិនទាន់ត្រូវបានពន្លត់ទាំងស្រុងនៅឡើយទេ ហើយការជួយសង្គ្រោះនៅតែបន្ត។ មនុស្សរាប់រយនាក់ត្រូវបានជម្លៀសចេញ។ មន្ត្រីបានបង្ហាញថា ក្នុងចំណោមអ្នកស្លាប់ចំនួន៤០ នាក់ត្រូវបានប្រកាសថាស្លាប់នៅកន្លែងកើតហេតុ។ យ៉ាងហោចណាស់មានមនុស្ស៦២ នាក់ផ្សេងទៀតបានរងរបួស ដែលភាគច្រើនរងរបួសដោយសាររលាក និងស្រូបផ្សែងចូល។

អាជ្ញាធរសង្ស័យថាសម្ភារៈមួយចំនួននៅលើជញ្ជាំងខាងក្រៅនៃអគារនេះមិនបានបំពេញតាមស្ដង់ដារធន់នឹងអគ្គីភ័យទេ ព្រោះការរាលដាលយ៉ាងឆាប់រហ័សនៃអគ្គីភ័យគឺមិនធម្មតាទេ។ ប៉ូលិសក៏បាននិយាយផងដែរថា ពួកគេបានរកឃើញសម្ភារៈ Styrofoam ដែលអាចឆេះបានខ្លាំង។ លោកស្រី អេលីន ជុង (Eileen Chung) អធិការនគរបាលហុងកុងបានបញ្ជាក់ថា៖«យើងមានហេតុផលដើម្បីជឿថាអ្នកដែលទទួលបន្ទុកក្រុមហ៊ុនសំណង់មានការធ្វេសប្រហែសយ៉ាងខ្លាំង។ បុរសទាំងបីនាក់ដែលត្រូវបានចាប់ខ្លួន ដែលមានអាយុចន្លោះពី៥២ ទៅ៦៨ ឆ្នាំ គឺជានាយក និងជាអ្នកប្រឹក្សាផ្នែកវិស្វកម្មរបស់ក្រុមហ៊ុន។» មន្ត្រីបាននិយាយថា អគ្គិភ័យបានចាប់ផ្តើមនៅលើរនាំងខាងក្រៅនៃអគារមួយក្នុងចំណោមអគារទាំងនោះ ដែលជាប៉ម៣២ ជាន់ ហើយក្រោយមកបានរាលដាលដល់ខាងក្នុងអគារ ហើយបន្ទាប់មកដល់អគារក្បែរៗនោះ ដែលទំនងជាបណ្ដាលមកពីស្ថានភាពខ្យល់បក់ខ្លាំង។

មេដឹកនាំចិន លោក ស៊ី ជីនពីង កាលពីថ្ងៃទី២៦ វិច្ឆិកា បានចូលរួមរំលែកទុក្ខដល់អ្នកពន្លត់អគ្គីភ័យដែលបានស្លាប់ និងបានសម្ដែងការអាណិតអាសូរដល់ក្រុមគ្រួសារជនរងគ្រោះ។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV។ លោកក៏បានជំរុញឱ្យមានការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ និងការខូចខាតផងដែរ។ ទន្ទឹមនឹងនោះ លោក ចន លី (John Lee) នាយកប្រតិបត្តិក្រុង បាននិយាយថា រដ្ឋាភិបាលនឹងផ្តល់អាទិភាពដល់គ្រោះមហន្តរាយនេះ ហើយបញ្ឈប់កិច្ចខិតខំប្រឹងប្រែងរបស់សាធារណជនសម្រាប់ការបោះឆ្នោតនៅថ្ងៃទី៧ ខែធ្នូ សម្រាប់ក្រុមប្រឹក្សានីតិបញ្ញត្តិ ដែលជាស្ថាប័ននីតិបញ្ញត្តិក្រុង។ លោកមិនបាននិយាយថា តើការបោះឆ្នោតអាចត្រូវបានពន្យារពេលឬអត់នោះទេ ប៉ុន្តែបាននិយាយថា ការសម្រេចចិត្តនឹងធ្វើឡើងនៅពីរបីថ្ងៃក្រោយ។

អគារលំនៅដ្ឋាននេះមានអគារចំនួនប្រាំបី ដែលមានអាផាតមិនជិត២០០០ ខ្នង ដែលមានប្រជាជនរស់នៅប្រហែល៤៨០០ នាក់ រួមទាំងមនុស្សចាស់ជាច្រើនផងដែរ។ វាត្រូវបានសាងសង់ឡើងនៅទសវត្សរ៍ឆ្នាំ១៩៨០ ហើយថ្មីៗនេះទើបតែត្រូវបានជួសជុលឡើងវិញដ៏ធំមួយ។ ប្រធានក្រុមពន្លត់អគ្គីភ័យបាននិយាយថា សីតុណ្ហភាពខ្ពស់នៅកន្លែងកើតហេតុបានធ្វើឱ្យក្រុមជួយសង្គ្រោះមានការលំបាក។ អណ្តាតភ្លើង និងផ្សែងក្រាស់ៗបានហុយឡើង ខណៈដែលអណ្តាតភ្លើងបានរាលដាលយ៉ាងឆាប់រហ័សលើរនាំងឫស្សី និងសំណាញ់សំណង់ដែលត្រូវបានរៀបចំនៅជុំវិញខាងក្រៅអគារ។ មនុស្សប្រហែល៩០០ នាក់ត្រូវបានជម្លៀសទៅកាន់ជម្រកបណ្តោះអាសន្ន។ អ្នកពន្លត់អគ្គីភ័យ មន្ត្រីប៉ូលិស និងគ្រូពេទ្យរាប់រយនាក់ត្រូវបានដាក់ពង្រាយ។ ក្រុមពន្លត់អគ្គីភ័យបានដាក់ពង្រាយរថយន្តពន្លត់អគ្គីភ័យជាង២០០ គ្រឿង និងរថយន្តសង្គ្រោះបន្ទាន់ប្រហែល១០០ គ្រឿងទៅកាន់កន្លែងកើតហេតុ៕


