
រាជធានីបាងកក៖ កន្លងទៅ គេឃើញយ៉ាងជាក់ភ្នែកថា ថៃបានប្រើប្រាស់ទាំងកម្លាំងយោធា និងប៉ូលិសដើម្បីមកធ្វើទុក្ខបុកម្នេញ និងឈ្លានពានមកលើកម្ពុជា។ ប៉ុន្តែត្រឹមមួយប៉ប្រិចភ្នែក អ្វីគ្រប់យ៉ាងបានប្រែប្រួស ព្រោះថាពេលនេះ ថៃបានបញ្ជូនប៉ូលិស យោធា និងមន្ត្រីរាជរដ្ឋាភិបាលទៅកាន់ខេត្តភាគខាងត្បូងវិញម្ដង ក្រោយមានហេតុការណ៍បាញ់ប្រហារ និងប្លន់នៅតំបន់ហាតយ៉ៃ ខណៈទីនោះកំពុងតែរងគ្រោះយ៉ាងដំណំ ដោយសារវិបត្តិគ្រោះទឹកជំនន់។ នេះបើតាមទូរទស្សន៍ Amarin របស់ថៃ។

កាន់តែធ្ងន់ធ្ងរ! ក្រៅពីទៅសង្គ្រោះប្រជាជននៅតំបន់ភាគខាងត្បូង ពេលនេះ ប៉ូលិស យោធា និងមន្ត្រីរាជរដ្ឋាភិបាលត្រូវបានដាក់ពង្រាយ និងប្រមូលផ្តុំនៅស្រុកហាតយ៉ៃបន្ទាប់ពីឧប្បត្តិហេតុបាញ់ប្រហារ និងការប្លន់នៅក្នុងតំបន់នោះ។ ស្របពេលស្ថានភាពទឹកជំនន់នៅស្រុកហាតយ៉ៃ ខេត្តស៊ុងក្លា បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ក៏មានសេចក្តីរាយការណ៍មកថា ជនរងគ្រោះដោយសារគ្រោះមហន្តរាយទឹកជំនន់នៅតំបន់ហាតយ៉ៃបានបណ្តេញក្រុមសង្គ្រោះចេញ រួមទាំងការបាញ់ប្រហារ និងយករបស់ផ្សេងៗ គប់សំដៅទៅកាន់ក្រុមសង្គ្រោះផងដែរ។ ប្រការនេះបានធ្វើឱ្យស្ថានការណ៍នៅស្រុកហាតយ៉ៃកាន់តែមានភាពតានតឹងថែមមួយកម្រិតទៀត។

តើហេតុអ្វីបានជាជនរងគ្រោះដោយសារទឹកជំនន់នៅខេត្តភាគខាងត្បូងវាយប្រហារលើក្រុមសង្គ្រោះ...? នោះក៏ដោយសារតែពួកគេមិនពេញចិត្ត ចំពោះការជួយសង្គ្រោះដ៏យឺតយ៉ាវ និងមិនពេញដៃពេញជើងរបស់ក្រុមមន្ត្រី។ ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព ក្រុមជួយសង្គ្រោះមួយចំនួនដកខ្លួនចេញពីតំបន់នោះ ទើបធ្វើឱ្យស្ថានការណ៍សង្គ្រោះកាន់តែយ៉ាប់ទៅៗ ធ្វើឱ្យមនុស្សម្នាស្លាប់កាន់តែច្រើន។ ក្រៅពីការបាញ់ប្រហារលើក្រុមសង្គ្រោះ ក៏មានរបាយការណ៍ចោរកម្ម និងករណីលួចប្លន់ផ្សេងៗនៅតាមបណ្តាហាងលក់ទំនិញនានា រួមទាំងទូកុងតឺន័រដឹកជញ្ជូនជាដើម។ ប្រការនេះហើយនាំឱ្យយោធា ប៉ូលិស និងក្រុមមន្រ្តីថៃប្រមូលគ្នីគ្នាទៅដោះស្រាយដ៏ស្មុគស្មាញនេះនៅតំបន់ភាគខាងត្បូង៕





