
រាជធានីបាងកក៖ បន្ទាប់ពីប្រជាជនថៃ រិះគន់ដូចទឹកបាក់ទំនប់រឿងរាជរដ្ឋាភិបាលសាងកំហុងក្នុងការដោះស្រាយបញ្ហាគ្រោះទឹកជំនន់ខេត្តភាគខាងត្បូង ដំបូងឡើយ លោក អានុទីន ឆានវីរគុល ជានាយករដ្ឋមន្រ្តី ប្រឹងប្រកែក ប៉ុន្តែដោយសារសំឡេងប្រជាជនរិះគន់ខ្លាំងពេក ពេលនេះ លោកក៏លើកដៃលន់តួសុំទោស ព្រមទាំងទទួលស្គាល់កំហុសក្នុងការដោះស្រាយវិបត្តិគ្រោះទឹកជំនន់ ពោលគឺលោកបានចេញមុខសុំទោសអ្នកស្រុក ដែលរងផលប៉ះពាល់ដោយការបំផ្លិចបំផ្លាញ...។

នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃរូបនេះ បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅមន្ទីរពេទ្យ ស៊ុងក្លាការីន (Songklanagarind) ក្នុងទីក្រុងហាតយ៉ៃ ខេត្តស៊ុងក្លា កាលពីថ្ងៃសុក្រទី២៨ ខែវិច្ឆិកាថា លោកបានទទួលស្គាល់ភាពបរាជ័យរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងវិបត្តិគ្រោះទឹកជំនន់នៅភាគខាងត្បូង។ លោកបានសង្កត់ធ្ងន់លើភាពបន្ទាន់នៃកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ រួមទាំងផែនការប្រគល់អ្នកស្លាប់ទៅក្រុមគ្រួសាររបស់ពួកគេ ជាមួយនឹងប្រាក់ឧបត្ថម្ភបុណ្យសពនីមួយៗចំនួន២លានបាត ឬជាង៦ម៉ឺនដុល្លារ។

លោក អានុទីន បានសង្កត់ធ្ងន់ថា៖«ខ្ញុំព្រួយបារម្ភអំពីអ្វីៗទាំងអស់។ បន្ទាប់ពីទឹកស្រក អាទិភាពចម្បងរបស់យើងគឺធានាឱ្យប្រជាជនអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។ អាជ្ញាធរនឹងផ្តោតលើការសម្អាត និងជួសជុលផ្ទះសម្បែងដែលអាចសង្គ្រោះបាន។ [...] ខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំង និងទទួលខុសត្រូវទាំងស្រុង។ មិនចាំបាច់បែងចែកមូលហេតុអ្វីនោះទេ។ គ្មានអ្នកណាបន្ទោសខ្ញុំទេ ខ្ញុំជាអ្នកទទួលខុសត្រូវចំពោះស្ថានការណ៍ទាំងមូលនេះ[...]»។ លោកក៏បានបន្ថែមថា៖«យើងត្រូវតែទទួលយកកំហុសរបស់យើង ប៉ុន្តែយើងក៏ត្រូវតែធានាថាមិនមានកំហុសអ្វីទៀតត្រូវបានបង្កើតឡើង និងធ្វើការឱ្យបានឆាប់រហ័សដើម្បីស្តារភាពប្រក្រតីភាពឡើងវិញ»។

ការចេញមុខសុំទោសរបស់លោក អានុទីន កើតឡើងក្រោយ ប្រជាជនរិះគន់រាជរដ្ឋាភិបាលថា គិតតែថតរូបយកមុខមាត់ មិនខំប្រឹងប្រែងដើម្បីសង្គ្រោះប្រជាជនរងគ្រោះនោះទេ។ គួរបញ្ជាក់ថា គ្រោះទឹកជំនន់បានវាយប្រហារប្រទេសថៃយ៉ាងគំហុកមិនធ្លាប់មានពីមុនមក ខណៈសាកសពអណ្តែតតាមផ្ទៃទឹក ខ្លះទៀតស្លាប់នៅក្នុងផ្ទះ ហើយខ្លះបានដាច់ខ្យល់នៅឯមន្ទីរពេទ្យ។ គិតមកទល់ពេលនេះ មនុស្សប្រមាណ១៤៥នាក់បានក្លាយជាចំណីមច្ចុរាជ ដោយខ្លះត្រូវលង់ទឹក ទឹកកួច និងឆក់អគ្គិសនីជាដើម ខណៈផ្លូវថ្នល់ ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធខូចខ្ទេចខ្ទី ហើយសំរាមរាយប៉ាយពេញទីក្រុង៕






