រាជធានីភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ចាប់ជនសង្ស័យ៣នាក់ (ស្រីម្នាក់) ដែលលួចគាស់បន្ទប់ជួលស្រ្តីម្នាក់ ហើយយកប្រាក់របស់នាងអស់៣ម៉ឹនដុល្លារ។ នេះបើតាមការផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃ២៩វិច្ឆិកានេះ។
កម្លាំងជំនាញ ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ សហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ រួមគ្នាស្រាវជ្រាវឃាត់ រហូតតាមចាប់ជនសង្ស័យទាំង៣នាក់នៅព្រលប់ម៉ោង៦កន្លះ ថ្ងៃ២៨វិច្ឆិកា។

ចោរទាំង៣នាក់ បានឆ្កិះសោបន្ទប់ជួលមួយកន្លែង ហើយចូលលួចប្រាក់៣ម៉ឺនដុល្លារ ស្ថិតនៅភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កាលពីម៉ោង៥កន្លះជិតភ្លឺ ថ្ងៃ២១ខែវិច្ឆិកា។ អគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់ទុកអំពើនេះ ថាជាអំពើលួចមានស្ថានទម្ងន់ទោស។ ពួកគេទាំង៣នាក់ ជាជនជាតិខ្មែរ ដោយក្នុងនោះ មានអាយុ២៥ឆ្នាំ ៣២ឆ្នាំ និង៣៣ឆ្នាំ។
សម្ភារៈដែលសមត្ថកិច្ច ដកហូតពីក្រុមចោរនោះ រួមមាន ម៉ូតូ១គ្រឿងម៉ាក ADV ពណ៌ស ទូរសព្ទ៣គ្រឿង ខ្សែក ខ្សែដៃ ចិញ្ចៀន បូករួមទាំងប្រាក់ដុល្លារ ២១០០ដុល្លារ និងប្រាក់យេនជប៉ុនជាង១លានយេន ឬជាង៥៥០០ដុល្លារទៀត។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតិវិធី។

ចំណែកស្រ្តីជាម្ចាស់បន្ទប់ជួល និងជាម្ចាស់ប្រាក់៣ម៉ឺនដុល្លារ មានវ័យ៣២ឆ្នាំ ជាជនជាតិខ្មែរ ធ្វើការងារនៅហាងមួយកន្លែងក្នុងរាជធានីភ្នំពេញ។ ទោះយ៉ាងណា អគ្គស្នងការដ្ឋាននគរបាលជាតិ ពុំបានបញ្ជាក់នោះទេថា នាងនឹងអាចទទួលបានប្រាក់វិញចំនួនប៉ុន្មាន ខណៈប្រាក់ដែលសមត្ថកិច្ចរកឃើញពីក្រុមចោរ មានតែជាង៧៦០០ដុល្លារប៉ុណ្ណោះ៕
