ព្យុះកំបុតត្បូងកួចផ្តា.ច់ជីវិតមនុស្សជិត៥០នាក់នៅស្រីលង្កា
ហៀប ស៊ីថេត
28 វិច្ឆិកា 2025 09:30 AM

រដ្ឋធានីកូឡុំបូ៖ ព្យុះកំបុតត្បូងមួយ បានកួចបក់បោកពាសពេញប្រទេសស្រីលង្កា នៅថ្ងៃសុក្រទី២៨ ខែវិច្ឆិកានេះ ដោយបានផ្តាច់ជីវិតមនុស្សចំនួន៤៦នាក់ និង២៣នាក់ទៀតកំពុងបាត់ខ្លួន។ នាយកដ្ឋានអាកាសធាតុបានព្រមានថា ព្យុះកំណាចមួយនេះ អាចនឹងមានកម្លាំងបោកបក់ខ្លាំងនៅពេលវាផ្លាស់ទីឆ្លងកាត់កោះនេះ ក្នុងរយៈពេល១២ម៉ោងបន្ទាប់...។

រូបភាព៖ Sri Lanka Tweet (X)
រូបភាព៖ Sri Lanka Tweet (X)

ព្យុះកំបុតត្បូងនេះមានឈ្មោះថា «ឌីតវ៉ាហ៍ (Ditwah)» បានបោកបក់លើប្រទេសកោះនេះគ្មានត្រាប្រណី ដោយតំបន់ភាគខាងកើត និងភាគកណ្តាលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត។ ព្យុះកំណាចមួយនេះ បានដឹកនាំទឹកភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ នាំឱ្យមានការបាក់ស្រុតដីយ៉ាងគំហុក។ មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ (DMC) បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅទូទាំងប្រទេស មនុស្សចំនួន៤៣៩៩១នាក់ត្រូវបានជម្លៀសទៅកាន់សាលារៀន និងទីជម្រកសាធារណៈផ្សេងទៀត រួមទាំងគ្រួសារជាប់គាំងនៅលើដំបូលផងដែរ។ សាលារៀនបិទទ្វារ សេវារថភ្លើងត្រូវបានផ្អាក ហើយផ្សារហ៊ុនកូឡុំបូបានប្រកាសផ្អាកការជួញដូរមុនកាលកំណត់ ដោយសារភ្លៀងធ្លាក់ខ្លាំងពេក។

រូបភាព៖ Sri Lanka Tweet (X)
រូបភាព៖ Sri Lanka Tweet (X)

លោក អេស ដាម៉ាវីករ៉េម៉ា (S.Dharmawickrema) នាយកប្រតិបត្តិការសង្គ្រោះបន្ទាន់នៅ DMC បានសង្កត់ធ្ងន់ថា៖«យើងកំពុងបន្តប្រតិបត្តិការជួយសង្គ្រោះនៅតំបន់ដែលរងគ្រោះខ្លាំងបំផុត ប៉ុន្តែភូមិខ្លះពិបាកទៅដល់ណាស់ ដោយសារផ្លូវត្រូវបានស្ទះព្រោះការរអិលបាក់ដី[..]យើងកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីឱ្យអ្នកគ្រប់គ្នាទៅកាន់ទីទួលសុវត្ថិភាព»។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ជើងហោះហើរចំនួន៦ រួមទាំងពីទីក្រុងមូសខេត(Muscat) ទីក្រុងឌូបៃ រដ្ឋធានីញូវដេលី និងរាជធានីបាងកក ត្រូវបានប្តូរទិសដៅរួចហើយ ចេញពីអាកាសយានដ្ឋានអន្តរជាតិបានដារ៉ាណៃគី (Bandaranaike) របស់កូឡុំបូ៕

រូបភាព៖ Sri Lanka Tweet (X)
រូបភាព៖ Sri Lanka Tweet (X)
រូបភាព៖ Sri Lanka Tweet (X)
រូបភាព៖ Sri Lanka Tweet (X)
រូបភាព៖ Sri Lanka Tweet (X)
រូបភាព៖ Sri Lanka Tweet (X)
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត