
រដ្ឋធានីវ៉ាស៊ីនតោន៖ មនុស្សយ៉ាងហោចណាស់២៧នាក់ ត្រូវបានស្លាប់នៅរដ្ឋកេនទូគី (Kentucky) និងមីស៊ូអ៊ូរី(Missouri) ត្រឹមរយៈពេលមួយយប់បន្ទាប់ពីព្យុះកំបុតត្បូងបោកបក់ពាសពេញរដ្ឋទាំងពីរ ហើយចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត...។

អភិបាលរដ្ឋកេនទូគី លោក អេនឌី ប៊េស៊ៀរ៍ (Andy Beshear) បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស១៤នាក់ត្រូវបានស្លាប់នៅក្នុងរដ្ឋរបស់ខ្លួន។ យ៉ាងហោចណាស់មានអ្នកស្លាប់ចំនួន៩នាក់នៅក្នុងខោនធីលូរ៉ែល (Laurel) ជាកន្លែងដែលខ្យល់ព្យុះកំបុតត្បូង បានបោកបក់នៅមុនពាក់កណ្តាលអធ្រាត្រ និងមានអ្នករងរបួសធ្ងន់ធ្ងរជាច្រើននាក់ ហើយប្រតិបត្តិការស្វែងរកអ្នកនៅរស់កំពុងធ្វើឡើង។

ទន្ទឹមគ្នានោះ ក្រុមមន្ត្រីបានរាយការណ៍ថា ខ្យល់ព្យុះកំបុតត្បូងមួយបានបោកបក់កាត់ទីក្រុងអេសធី.ឡូហ្វីស (St. Louis) រដ្ឋមីស៊ូអ៊ូរី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៥នាក់ និងធ្វើឱ្យខូចខាតសំណង់ចំនួន៥០០០នាក់ ដោយរបេីកដំបូល កាត់ផ្តាច់ខ្សែបណ្តាញអគ្គិសនី និងនាំទឹកភ្លៀងហូរកាត់ផ្លូវថ្នល់ដ៏សំខាន់មួយអំឡុងម៉ោងធ្វើចរាចរណ៍ដ៏មាមាញឹក។ ទីក្រុងអេសធី.ឡូហ្វីស បានដាក់បម្រាមគោចរពីម៉ោង៩យប់ ដល់ម៉ោង៦ព្រឹក (ម៉ោងនៅសហរដ្ឋអាម៉េរិក) ដើម្បីការពាររបួសពីកម្ទេចកម្ទី និងកាត់បន្ថយការលួចប្លន់។

សេវាអាកាសធាតុជាតិបានរាយការណ៍ថា ព្យុះផ្គររន្ទះរីករាលដាលពាសពេញរដ្ឋមីស៊ីស៊ីបពី (Mississippi) រដ្ឋថេនីសស៊ី (Tennessee) និងរដ្ឋអូហៃយ៉ូ វ៉ាល់ឡី (Ohio Valleys) ខណៈខ្យល់ព្យុះកំបុតត្បូងបានបោកបក់មកលើរដ្ឋមីស៊ូអ៊ូរី និងរដ្ឋអ៊ីលីណូស (Illinois) ដែលនៅជាប់គ្នា ហើយលាតសន្ធឹងឆ្ពោះទៅកាន់តំបន់ Atlantic Coast រួមទាំងព្យុះមួយទៀតនៅរដ្ឋញូវ ជើស៊ី (New Jersey)។ គិតត្រឹមព្រឹកថ្ងៃសៅរ៍ មនុស្សប្រមាណ៣៣៤ ០០០នាក់ គ្មានថាមពលប្រើប្រាស់ នៅក្នុងរដ្ឋមីស៊ូអ៊ូរី រដ្ឋកេនទូគី និង រដ្ឋមីឈិហ្កេន(Michigan)៕




