យន្តហោះ​ដឹក​ទំនិញ​រអិល​ធ្លាក់​ពី​ផ្លូវ​រត់​ក្នុង​ទីក្រុង​ហុងកុង បណ្ដាលឱ្យ​មនុស្ស​២នាក់​ស្លា.ប់
ម៉េងហុង
20 តុលា 2025 01:30 AM

ហុងកុង៖ យន្តហោះដឹកទំនិញដែលហោះហើរពីទីក្រុងឌូបៃ បានរអិលធ្លាក់ចេញពីផ្លូវរត់ចូលទៅក្នុងសមុទ្ទ ខណៈចុះចតនៅអាកាសយានដ្ឋានអន្តរជាតិហុងកុងនៅព្រឹកថ្ងៃចន្ទទី២០តុលានេះ ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្ស២នាក់បានស្លាប់។

យន្តហោះដឹកទំនិញ Boeing 747 បានលិចក្នុងទឹកមួយផ្នែកនៅក្នុងសមុទ្ទក្បែរអាកាសយានដ្ឋាន។ អាកាសយានដ្ឋានហុងកុងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកអាកាសយានិកទាំង៤នាក់នៅលើយន្តហោះត្រូវបានជួយសង្គ្រោះ ហើយមិនមានទំនិញនៅលើយន្តហោះទេ។ កាសែត South China Morning Post បានរាយការណ៍ដោយដកស្រង់សម្តីប៉ូលិសថា មនុស្ស២នាក់ដែលស្ថិតនៅក្នុងរថយន្តក្បែរផ្លូវរត់ត្រូវបានបុកដោយយន្តហោះ បានបាត់បង់ជីវិត។

ផ្លូវរត់ភាគខាងជើងនៅឯអាកាសយានដ្ឋានដឹកទំនិញដ៏មមាញឹកបំផុតរបស់ពិភពលោកត្រូវបានបិទបន្ទាប់ពីឧបទ្ទវហេតុនេះ ប៉ុន្តែផ្លូវរត់ភាគខាងត្បូង និងកណ្តាលនៅបន្តដំណើរការ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅប្រហែលម៉ោង៣:៥០ នាទីទៀបភ្លឺម៉ោងនៅទីក្រុងហុងកុងនាថ្ងៃចន្ទទី២០តុលា។ សេវាកម្មតាមដានជើងហោះហើរ FlightRadar24 បានឱ្យដឹងថា យន្តហោះដែលជាប់ពាក់ព័ន្ធក្នុងឧបទ្ទវហេតុនេះ មានអាយុ៣២ឆ្នាំ ហើយធ្លាប់បម្រើការជាយន្តហោះដឹកអ្នកដំណើរ មុនពេលត្រូវបានប្តូរទៅជាយន្តហោះដឹកទំនិញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត