
ក្រុងហុងកុង៖ អាជ្ញាធរហុងកុងបានប្រកាសនៅថ្ងៃអង្គារទី៤វិច្ឆិកាថា ខ្លួនបានបង្កកទ្រព្យសម្បត្តិដែលមានតម្លៃ២,៧៥ពាន់លានដុល្លារហុងកុង (៣៥៤លានដុល្លារអាម៉េរិក) ដែលជាប់ទាក់ទងនឹងក្រុមឧក្រិដ្ឋជនដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុន Prince Group...។

កាលពីខែតុលា ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក បានដាក់ទណ្ឌកម្មលើបណ្តាញពហុជាតិដែលមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍ ដែលត្រូវបានចោទប្រកាន់ពីបទដំណើរការមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតទ្រង់ទ្រាយធំ។ ក្រុមហ៊ុន Prince Group ត្រូវបានគ្រប់គ្រងដោយមហាសេដ្ឋីចិន-ខ្មែរ ចេន ហ្ស៊ី (Chen Zhi)។ លោក ចេន អាយុ៣៨ឆ្នាំ ត្រូវបានតុលាការអាម៉េរិកចោទប្រកាន់ពីបទពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអេឡិចត្រូនិក និងលាងលុយកខ្វក់។

ប៉ូលិសហុងកុងបានបញ្ជាក់ថា ការបង្កកទ្រព្យសម្បត្តិនេះពាក់ព័ន្ធនឹងក្រុមមួយដែលត្រូវបានសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាពក្លែងបន្លំទូរគមនាគមន៍ឆ្លងដែនអន្តរជាតិ និងសកម្មភាពលាងលុយកខ្វក់ ដោយផ្អែកលើចារកម្ម និងព័ត៌មានដែលប្រមូលបានពីប្រភពជាច្រើន។ ប៉ូលិសបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅយប់ថ្ងៃអង្គារទី៤វិច្ឆិកា ដោយមិនបានបញ្ជាក់ឈ្មោះថា៖«ទ្រព្យសម្បត្តិដែលត្រូវបានបង្កក រួមទាំងសាច់ប្រាក់ ភាគហ៊ុន និងមូលនិធិដែលកាន់កាប់ដោយបុគ្គល និងអង្គភាពសាជីវកម្ម ត្រូវបានគេជឿថា ជាប្រាក់ចំណូលពីឧក្រិដ្ឋកម្មដែលជាប់ទាក់ទងនឹងសម្ព័ន្ធពាក់ព័ន្ធ»។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ការិយាល័យស៊ើបការណ៍សម្ងាត់ និងស៊ើបអង្កេតហិរញ្ញវត្ថុហុងកុងកំពុងបន្តការស៊ើបអង្កេត ប៉ុន្តែមិនទាន់មានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងនៅឡើយទេ។

យ៉ាងហោចណាស់ក្រុមហ៊ុនហុងកុងចំនួន១៨ ត្រូវបានដាក់ក្នុងបញ្ជីខ្មៅដោយសហរដ្ឋអាម៉េរិកទាក់ទងនឹងក្រុមហ៊ុន Prince Group។ ទាំងនេះរួមមានក្រុមហ៊ុនចុះបញ្ជីពីរគឺ Khoon Group និង Geotech Holdings។ នៅថ្ងៃទី៤វិច្ឆិកាដដែល ព្រះរាជអាជ្ញាទីក្រុងតៃប៉ិបានប្រកាសនៅថ្ងៃអង្គារទី៤វិច្ឆិកា ពីការឃុំខ្លួនមនុស្សចំនួន២៥នាក់ និងរឹបអូសទ្រព្យសម្បត្តិចំនួន៤,៥ពាន់លានដុល្លារតៃវ៉ាន់ ឬស្មើនឹង១៤៧,០៩លានដុល្លារអាម៉េរិក ក្រោយជាប់ទាក់ទងនឹងក្រុមហ៊ុន Prince Group ដែលជាបណ្តាញពហុជាតិសាសន៍ ត្រូវបានចោទប្រកាន់ពីបទដំណើរការប្រតិបត្តិការមជ្ឈមណ្ឌលឆបោកដ៏ធំ។ កាលពីខែមុន ប៉ូលិសសិង្ហបុរី ក៏បានរឹបអូសទ្រព្យសម្បត្តិជាង១៥០លានដុល្លារសិង្ហបុរី ឬស្មើនឹងប្រមាណ១១៥,៩០លានដុល្លារអាម៉េរិក ដែលមានជាប់ទាក់ទងនឹងក្រុមហ៊ុន Prince Group៕



