
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញមកបញ្ជាក់សាជាថ្មី អំពីការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ចំពេលភាពតានតឹងរវាងចិន និងជប៉ុន កើនឡើង ជុំវិញបញ្ហាតៃវ៉ាន់…។

អ្នកនាំពាក្យក្រសួងការបរទេស បានចេញសេចក្ដីថ្លែងការណ៍នៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចប្រឹងប្រែងនានាក្នុងការរក្សាសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនាក្នុងតំបន់ ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក និងការដោះស្រាយទំនាស់ ក៏ដូចជាជម្លោះដោយសន្តិវិធី។ «កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិន[តែ]មួយ និងទទួលស្គាល់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់ គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន»។

អ្នកនាំពាក្យក្រសួងការបរទេស បញ្ជាក់បន្ថែមថា៖«កម្ពុជាចាត់ទុកបញ្ហាដែលទាក់ទងនឹងតៃវ៉ាន់ ជាកិច្ចការផ្ទៃក្នុងនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងប្រឆាំងនឹងឯករាជ្យតៃវ៉ាន់គ្រប់ទម្រង់»។ ការចេញមកបញ្ជាក់ជាថ្មីពីគោលជំហររបស់កម្ពុជា គឺដើម្បីឆ្លើយតបសំណួរររបស់អ្នកកាសែតទាក់ទងនឹងទស្សនៈរបស់កម្ពុជា ជុំវិញភាពតានតឹងរវាងប្រទេសចិន និងជប៉ុន ជុំវិញបញ្ហាតៃវ៉ាន់ នាពេលថ្មីៗនេះ។

សូមរំឭកថា ភាពតានតឹងរវាងប្រទេសចិន និងជប៉ុន បានកើតឡើងក្រោយនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី សាណា តាកៃឈី បានប្រកាសពីផែនការដាក់ពង្រាយមីស៊ីលលើកោះមួយក្បែរកោះតៃវ៉ាន់ ខណៈចិន បានចាត់ទុកផែនការនេះ ថាមានគ្រោះថ្នាក់ខ្លាំងណាស់ និងមានចេតនាបង្កើតភាពតានតឹងក្នុងតំបន់ ហើយក៏អាចបង្កឱ្យមានការប្រឈមមុខដាក់គ្នាខាងយោធា។ កាលពីថ្ងៃទី២៦វិច្ឆិកា ប្រទេសចិន ក៏បានព្រមានចាត់ការត្រឡប់ទៅវិញផងដែរ នូវរាល់ការប៉ុនប៉ងជ្រៀតជ្រែកពីរដ្ឋបរទេសណាមួយលើបញ្ហាកោះតៃវ៉ាន់៕



