
សុខភាព៖ វីតាមីន D ជួយទ្រទ្រង់ដល់ដំណើរការក្នុងរាងកាយដូចជា ការស្រួបយកកាល់ស្យូម សុខភាពឆ្អឹង ការលូតលាស់របស់កោសិកា មុខងារប្រព័ន្ធភាពស៊ាំ និងមុខងារសាច់ដុំ។ ចំពោះអ្នកដែលខ្វះវីតាមីន D តែងប្រើប្រាស់អាហារបំប៉នដើម្បីបង្គ្រប់ ប៉ុន្តែការទទួលទានវីតាមីន D ច្រើន ក៏អាចបង្កផលប៉ះពាល់ដល់សុខភាពផងដែរ...។

ផលប៉ះពាល់ដល់ទាំង៥នោះមានដូចជា៖ ១.ខូចតម្រងនោម៖ តម្រងនោម គឺងាយនឹងមានកាល់ស្យូមស្តុកណាស់ ព្រោះតម្រងនោមមានតួនាទីចម្រោះ។ នៅពេលកាល់ស្យូមជាប់នឹងជាលិកា តម្រងនោមច្រើននោះ nephrocalcinosis អាចនឹងកើតឡើង ហើយក្នុងករណីធ្ងន់ធ្ងរអាចបង្កឱ្យមានការខូចខាតជាអចិន្ត្រៃយ៍លើតម្រងនោម និងអាចឈានទៅខ្សោយតម្រងនោម។ រោគសញ្ញានៃ nephrocalcinosis មានដូចជាចង្អោរ ក្អួត គ្រុនក្ដៅ គ្រុនរងា ឈឺចាប់ខ្លាំងនៅពោះ ចំហៀងខ្នង ឬនៅក្រលៀន។ ២.រលាកលំពែង៖ ការលើសកាល់ស្យូមក្នុងឈាមបង្កឱ្យមានការរលាកលំពែង។ រោគសញ្ញានៃជំងឺរលាកលំពែង មានឈឺចាប់ពោះផ្នែកខាងលើ និងរាលទៅខ្នង ចង្អោរ ក្អួត ជីពចរដើរលឿន ស្រកទម្ងន់ និងគ្រុនក្ដៅ។

៣.លើសជាតិកាលស្យូមក្នុងឈាម (Hypercalcemia)៖ នៅពេលរាងកាយទទួលបានវីតាមីន D ច្រើនអាចបង្កឱ្យឆ្អឹងបញ្ចេញកាល់ស្យូមទៅក្នុងឈាម ហើយកាល់ស្យូមច្រើននៅក្នុងឈាមអាចបង្កផលវិបាក និងរោគសញ្ញាមួយចំនួន។ រោគសញ្ញាធ្ងន់ធ្ងររួមមាន៖ បាត់បង់ចំណង់អាហារ រាករូស ទល់លាមក ច្របូកច្របល់ លើសសម្ពាធឈាម ចង្អោរ ក្អួត ឈឺចាប់សន្លាក់ និងសាច់ដុំ។ ៤.ឈឺចាប់ក្នុងឆ្អឹង៖ នៅពេលមានកាល់ស្យូមក្នុងឈាមច្រើន រាងកាយនឹងមិនមានអ័រម៉ូនគ្រប់គ្រាន់ក្នុងការភ្ជាប់ជាតិរ៉ែទៅនឹងឆ្អឹងឱ្យមានប្រសិទ្ធភាព។ រោគសញ្ញាដែលកើតមានលើឆ្អឹងដោយសារលើសវីតាមីន D មានឈឺចាប់ក្នុងឆ្អឹង ងាយនឹងដួល ឆ្អឹងងាយបាក់ ឈឺខ្នងខ្លាំង និងឈឺសន្លាក់។

៥.គាំងបេះដូង៖ បញ្ហាលើសកាល់ស្យូមក្នុងឈាមក៏អាចបន្ថយ
ឬផ្លាស់ប្ដូរសមត្ថភាពរបស់មុខងារកោសិកាបេះដូង។
ភាគច្រើនអ្នកមានបញ្ហាលើសកាល់ស្យូមក្នុងឈាមធ្ងន់ធ្ងរ តែងមានបញ្ហាចង្វាក់បេះដូងមិនប្រក្រតី។ លើសពីនេះ អ្នកជំងឺក៏អាចមានកាល់ស្យូមកកស្ទះនៅសរសៃអាកទែរ
ឬប្រឹសបេះដូង។ រោគសញ្ញានៃផលវិបាកលើបេះដូងបង្កដោយការលើសវីតាមីន D រួមមាន៖ ចង្វាក់បេះដូងមិនប្រក្រតី
ឈឺទ្រូង អស់កម្លាំងដោយគ្មានមូលហេតុ លើសសម្ពាធឈាម និងវិលមុខ៕
អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ



