អគ្គិភ័យលេបត្របាក់តំបន់អនាធិបតេយ្យ​ដ៏ធំបំផុតនៅបង់ក្លាដែស បណ្ដាលឱ្យ​មនុស្ស​រាប់​ពាន់​នាក់​គ្មាន​ផ្ទះសម្បែង
ហៀប ស៊ីថេត
26 វិច្ឆិកា 2025 07:45 AM

រដ្ឋធានីដាកា៖ ក្រុមមន្រ្តីបានអះអាងថា អគ្គិភ័យដ៏កំណាចមួយបានឆាបឆេះនៅតំបន់អនាធិបតេយ្យដ៏ធំបំផុតមួយនៃរដ្ឋធានីដាកា ប្រទេសបងក្លាដែស កាលពីល្ងាចថ្ងៃអង្គារទី២៥ ខែវិច្ឆិកា ដោយបានធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែងជ្រកកោន...។

ភ្លើងចាប់ផ្តើមឆាបឆេះភ្លាមៗ លើតំបន់អនាធិបតេយ្យដ៏ធំបំផុត និងមានមនុស្សរស់នៅច្រើនកកកុញរបស់ប្រទេសបង់ក្លាដែស។ តំបន់អនាធិបតេយ្យមួយនេះ ជាផ្ទះរបស់មនុស្សជិត៨ម៉ឺននាក់ បានតាំងទីលំនៅស្ថិតនៅចន្លោះសង្កាត់ហ្គូលសាន (Gulshan) និងបាណានី (Banani) ហើយត្រូវបានអមដោយសំណង់នៃអគារផ្ទះល្វែងទំនើបៗ។ អណ្តាតភ្លើងពណ៌ទឹកក្រូច បានឆាបឆេះអណ្តែតពេញផ្ទៃមេឃនៅពេលយប់ ហើយផ្សែងហុយខ្លាំង បានគ្របដណ្ដប់លើតំបន់នេះ ខណៈមនុស្សម្នារបានរត់ភៀសខ្លួនជាមួយនឹងអ្វីដែលពួកគេអាចយកទៅតាមខ្លួនបាន។

មន្ត្រីសេវាពន្លត់អគ្គិភ័យ លោក តាឡា ប៊ីន ហ្សាស៊ីម (Talha Bin Zasim) បានអះអាងថា យ៉ាងហោចណាស់មានម៉ាស៊ីនពន្លត់ភ្លើងចំនួន១៩គ្រឿង ត្រូវបានបញ្ជូនទៅ ដើម្បីដោះស្រាយគ្រោះអគ្គិភ័យនេះ។ លោក​បាន​សង្កត់ធ្ងន់ថា​៖«​ចរាចរណ៍​មាមារញឹកខ្លាំង​បាន​ពន្យឺត​ការ​មក​ដល់​របស់​យើង ហើយ​នៅ​ពេល​ចូល​ទៅ​ក្នុង​ផ្លូវ​តូច​ចង្អៀត​បាន​បង្ខំ​យើង​ឱ្យ​ដាក់​ម៉ាស៊ីន​ចុះ នៅ​ចម្ងាយឆ្ងាយ[ពីកន្លែងកើតហេតុ]»។ ក្រុមអ្នកពន្លត់អគ្គិភ័យបានអូសទុយោវែងកាត់តាមផ្លូវតូចចង្អៀត ដោយបានចាយពេលអស់រយៈពេលជាង៥ម៉ោងដើម្បីពន្លត់ភ្លើង។ យ៉ាងណា មូលហេតុ​នៃ​ការ​ឆេះ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ។ គិតមកទល់ពេលនេះ មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ភ្លាមៗ​អំពី​ការ​ស្លាប់​ និង​របួស​នោះ​ទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត