
រដ្ឋធានីដាកា៖ ប៉ូលិសបានអះអាងថា យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៥,៧រ៉ិចទ័រ វាយប្រហារប្រទេសបង់ក្លាដែស នៅថ្ងៃសុក្រទី២១ ខែវិច្ឆិកានេះ ខណៈសំណង់អគារក្នុងតំបន់ជាច្រើនបានរងការខូចខាត រួមទាំងក្នុងរដ្ឋធានីដាកាផងដែរ។

អាជ្ញាធរបានបញ្ជាក់ថា គ្រោះរញ្ជួយនេះត្រូវបានគេកត់សម្គាល់ថា កើតមានក្នុងរដ្ឋភាគខាងកើតនៃប្រទេសឥណ្ឌា ជាប់ព្រំប្រទល់ប្រទេសបង់ក្លាដែស។ ជុំវិញគ្រោះមហន្តរាយនេះ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាម៉េរិក បានអះអាងថា ចំណុចកណ្តាលនៃការរញ្ជួយដីនេះ គឺនៅក្នុងទីក្រុងណារស៊ីងឌី(Narsingdi) ចម្ងាយប្រហែល ៤០គីឡូម៉ែត្រភាគខាងកើតនៃទីក្រុងដាកា។ សាក្សីរាយការណ៍ថា ពលរដ្ឋបានប្រញាប់ប្រញាល់ចាកចេញពីផ្ទះ ខណៈសំណង់អគារបានរង្គើ ដូចដើមឈើត្រូវខ្យល់បក់បោក ទន្ទឹមនឹងសំណង់អគារមួយចំនួនបានដួលរលំក្រាបដល់ដី។ ប៉ូលិសបានរាយការណ៍ថា មនុស្ស៣នាក់បានស្លាប់នៅពេលដែលបង្កាន់ដៃអគារ៦ជាន់បាក់រលំធ្លាក់ចុះក្នុងអំឡុងពេលនៃគ្រោះរញ្ជួយដី។ មនុស្សម្នារញ័រដៃញ័រជើង ភ័យស្លន់ស្លោ ចំណែកក្មេងៗស្រែកយំយ៉ាងទ្រហឹងអឺងកង។

លោក មហាម៉ាដ យូនុស (Muhammad Yunus) ប្រមុខរដ្ឋាភិបាលស្តីទីរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ បានជំរុញឱ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់ ខណៈអាជ្ញាធរវាយតម្លៃការខូចខាត។ លោកបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«មនុស្សគ្រប់គ្នាត្រូវបានជំរុញឱ្យរក្សាការប្រុងប្រយ័ត្ន និងមិនត្រូវយកចិត្តទុកដាក់ចំពោះពាក្យចចាមអារ៉ាម ឬព័ត៌មានមិនពិតណាមួយឡើយ។ ការណែនាំបន្ថែមនឹងត្រូវបានផ្ដល់ជូនតាមរយៈ hotlines និងបណ្តាញផ្លូវការ ប្រសិនបើចាំបាច់។ យើងនៅតែប្តេជ្ញាចិត្តក្នុងការធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋទាំងអស់»៕



