
រាជធានីគូឡាឡាំពួ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសនៅថ្ងៃទី១២ ខែសីហានេះថា ប្រទេសម៉ាឡេស៊ី បង់ក្លាដែស និងដៃគូផ្សេងទៀតក្នុងតំបន់ នឹងបញ្ជូនគណៈប្រតិភូរួមមួយទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជំរុញឱ្យមានសន្តិភាព និងជំនួយមនុស្សធម៌សម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា...។

ការកត់សម្គាល់របស់លោក អាន់វ៉ា បានធ្វើឡើងនៅក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់ប្រមុខបណ្តោះអាសន្នរបស់ប្រទេសបង់ក្លាដែស គឺ លោក មូហាំម៉ាត់ យូនុស ទៅកាន់ប្រទេសម៉ាឡេស៊ី។ លោក អាន់វ៉ា បានលើកឡើងថា៖«ការទទួលបានសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាអាទិភាពដ៏សំខាន់បំផុត រួមជាមួយនឹងជំនួយមនុស្សធម៌ជាបន្ទាន់សម្រាប់ប្រជាជន ជនភៀសខ្លួន និងជនរងគ្រោះដោយគ្រោះរញ្ជួយដី»។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី នឹងសម្របសម្រួលបេសកកម្មនេះ រួមជាមួយឥណ្ឌូណេស៊ី ហ្វីលីពីន និងថៃ។

ប្រទេសបង់ក្លាដែស បានផ្តល់ជម្រកដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង១លាននាក់នៅក្នុងជំរំនានាក្នុងតំបន់ Cox's Bazar ជាកន្លែងតាំងទីលំនៅជនភៀសខ្លួនធំជាងគេបំផុតរបស់ពិភពលោក។ អង្គការសហប្រជាជាតិបានរាយការណ៍ថា ការកើនឡើងនៃជម្លោះ និងជាគោលដៅនៃអំពើហិង្សាប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា បានបង្ខំឱ្យប្រជាជនប្រហែល ១៥០០០០នាក់ ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែសក្នុងរយៈពេល១៨ខែកន្លងមកនេះ។

ទន្ទឹមនោះ ម៉ាឡេស៊ី និងបង់ក្លាដែស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៥ ក្នុងអំឡុងពេលទស្សនកិច្ច រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងកិច្ចសហការក្នុងការផ្គត់ផ្គង់ និងហេដ្ឋារចនាសម្ព័ន្ធនៃឧស្ម័នធម្មជាតិរាវ និងផលិតផលប្រេង៕




