
រាជធានីភ្នំពេញ៖ យោងតាមច្បាប់កម្ពុជា អាយុអ្នកកាន់បណ្ណបើកបររថយន្ត, ទោចក្រយានយន្ត, ត្រីចក្រយានយន្ត, ត្រូវបានកំណត់ដោយច្បាប់ និងតាមប្រភេទបណ្ណបើកបរ ដោយរាប់ចាប់ពីអាយុ១៨ឆ្នាំយ៉ាងតិច។ ខាងក្រោមនេះ គឺជាប្រភេទបណ្ណបើកបរ និងអាយុអ្នកមានសិទ្ធិកាន់បណ្ណ ដោយរាប់ចាប់ពីប្រភេទ «ក» ដល់ «ង»..។

អាយុអ្នកកាន់បណ្ណបើកបរ ត្រូវកំណត់តាមប្រភេទបណ្ណបើកបររួមមាន៖ អាយុ១៨ឆ្នាំយ៉ាងតិច ចំពោះប្រភេទ «ក» មានសិទ្ធិប្រើប្រាស់លើទោចក្រយានយន្តមានទំហំស៊ីឡាំងលើសពី១២៥សង់ទីម៉ែត្រគូប ទោចក្រយានយន្តមានសណ្តោង និងត្រីចក្រយានយន្ត។ រីឯប្រភេទ «ខ» អាយុយ៉ាងតិច១៨ឆ្នាំ អ្នកប្រើប្រាស់មានសិទ្ធិបើករថយន្តដឹកអ្នកដំណើរមិនលើសពី៩នាក់ ដោយគិតទាំង អ្នកបើកបរ រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាមិនលើសពី៣,៥តោន។ សម្រាប់អ្នកចង់ដាក់ពាក្យស្នើសុំបណ្ណបើកបរទាំងពីរប្រភេទនេះ អាចប្រឡងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។

ដោយឡែក បណ្ណបើកបរប្រភេទ «គ» អ្នកបើកបរ ត្រូវមានអាយុយ៉ាងតិច២២ឆ្នាំ មានសិទ្ធិប្រើលើរថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាលើសពី៣,៥តោន និងអាចសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុប អតិបរមាមិនលើសពី០,៧៥តោន។ រីឯប្រភេទ «ឃ» អ្នកបើកបរត្រូវមានអាយុយ៉ាងតិច២២ឆ្នាំដូចគ្នា មានសិទ្ធិប្រើលើរថយន្តដឹកអ្នកដំណើរ ប្រភេទ «ឃ១» ដឹកអ្នកដំណើរចាប់ពី១០នាក់ ដល់២០នាក់ ដោយគិតទាំងអ្នកបើកបរ និងអាចមានសណ្តោងរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី០,៧៥តោន។ ចំពោះបណ្ណបើកបរ ប្រភេទ«ឃ២» និង «ង» អ្នកបើកបរត្រូវមានអាយុ២៤ឆ្នាំយ៉ាងតិច អាចប្រើបានលើរថយន្តទាំងប្រភេទ «ខ» «គ» និង«ឃ» មានសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាលើសពី០,៧៥តោន ត្រូវចែកជាបីប្រភេទ គឺប្រភេទ«ង»(ខ) ប្រភេទ «ង»(គ) និងប្រភេទ«ង»(ឃ)ផងដែរ។

សូមជម្រាបថា ចំពោះបណ្ណបើកបរចាប់ពីប្រភេទ«គ»ឡើងទៅ តម្រូវឱ្យទៅរៀននៅសាលាបង្រៀនបើកបរ ដើម្បីទទួលបានវិញ្ញាបនបត្រទទួលស្គាល់ការបើកបរទើបមានសិទ្ធិដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរបាន។ សម្រាប់អ្នកចង់ដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរ និងប្តូរបណ្ណបើកបរ អាចធ្វើទៅបានតាមប្រព័ន្ធស្វ័យប្រវត្តិកម្មផ្តល់បណ្ណបើកបរយានយន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឬទៅទីតាំងផ្តល់សេវាសាធារណៈរបស់ក្រសួងចំនួន៧ទីតាំង, អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត, មជ្ឈមណ្ឌលបណ្ដុះបណ្ដាលយានយន្តធុនធ្ងន់, តាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ទូទាំងប្រទេស៕








