
រាជធានីភ្នំពេញ៖ បន្ទាប់ពីអ្នកសារព័ត៌មានម្នាក់ប្រើពាក្យ «ទំនួញចោរជាយដែរ[ន]» ដែលសំដៅដល់ពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតជាតំបន់ជាយដែន បង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេស ប្រជាពលរដ្ឋរស់នៅទីក្រុងជាប់ព្រំដែនខ្មែរ-ថៃនេះផ្ទាល់តែម្ដង...។

ករណីមហាជនរស់នៅក្រុងប៉ោយប៉ែតផ្ទុះកំហឹងនឹងពាក្យ «ទំនួញចោរជាយដែរ» នេះ ក៏ព្រោះតែកាលពីថ្ងៃទី២៧មេសា ឆ្នាំ២០២៦ លោក មាស ឫទ្ធី ពិធីករទូរទស្សន៍ហង្សមាស បានផុសសំណេរមួយដោយលើកឡើងពីក្រុមអាជីវករលក់ដូរ និងប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត ត្អូញត្អែរពីការលំបាកនៃកត្តាជីវភាពរស់នៅប្រចាំថ្ងៃ ព្រោះតែច្រកព្រំដែនកម្ពុជា-ថៃ ត្រូវបានបិទ។ លោក មាស ឫទ្ធី លើកឡើងយ៉ាងដូច្នេះថា៖«ស្ដាប់អ្នកប៉ោយប៉ែតត្អូញ: ច្រកក៏បិទ, ជនបរទេសក៏អស់, អាជីវកម្មក៏អត់ ដើរ, តើពួកខ្ញុំរស់ដោយរបៀបណា..? (២៧/៤/២៦)»។ ក្រោយបង្ហោះបានប្រមាណជាង៣០នាទី លោក ផែង វណ្ណៈ បានចូលទៅចែករំលែកសារដែលលោក មាស ឫទ្ធី បង្ហោះនោះ ដោយភ្ជាប់នូវសំណេរមួយឃ្លាថា «ទំនួញចោរជាយដែរ» ដែលលោកចង់សំដៅដល់ពាក្យ ជាយដែន តែអាចជាការសរសេរខុសអក្ខរាវិរុទ្ធ។

ទោះជាយ៉ាងណាក៏ដោយ ក្រោយ លោក ផែង វណ្ណៈ បង្ហោះសារចែករំលែកនេះភ្លាម មហាជនជាច្រើន ជាពិសេស ប្រជាពលរដ្ឋរស់នៅទីក្រុងប៉ោយប៉ែតផ្ទាល់តែម្តង បានប្រតិកម្មជាខ្លាំង ដោយពួកគាត់សម្ដែងការខឹងសម្បារនឹងពាក្យ «ទំនួញចោរជាយដែរ[ន]» នេះ ថាជាការប្រមាថមើលងាយពលលរដ្ឋខ្មែររស់នៅជាយដែន គឺជា ចោរ! ខណៈដែលប្រជាពលរដ្ឋក្រុងប៉ោយប៉ែត កំពុងរងទុក្ខពីការឈ្លានពានរបស់យោធាថៃ ធ្វើឱ្យជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ជួបនូវការលំបាក ដូច្នេះ ការត្អូញត្អែររបស់បងប្អូនប្រជាពលរដ្ឋរង់គ្រោះ មិនអាចចោទប្រកាន់ថាជា «ទំនួញចោរជាយដែរ[ន]» បែបនេះឡើយ។

ចំណែក ពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតម្នាក់ឈ្មោះ វណ្ណា បានថ្លែងប្រាប់ SBM News តាមប្រព័ន្ធតេឡេក្រាមថា ការណ៍ដែលលោករិះគន់ លោក ផែង វណ្ណៈ ប្រើពាក្យ «ទំនួញចោរជាយដែរ[ន]» នេះ ក៏ព្រោះតែលោកមិនអាចទទួលយកបានឡើយនូវពាក្យប្រមាថ គ្មានក្រមសីលធម៌ និងខ្វះវិចារណញ្ញាណ ក្នុងនាមលោកជាបុគ្គលម្នាក់ធ្វើការជាអ្នកសារព័ត៌មាន ដែលមានការយល់ដឹងខ្ពស់ជាងពលរដ្ឋ ប៉ុន្តែបែរជាប្រើពាក្យសម្តីមើលងាយមើលថោកពលរដ្ឋរស់នៅជាយដែន ដោយប្រៀបប្រដូចទៅនឹងចោរជាយដែនទៅវិញ តើពាក្យសម្តីទាំងអស់នោះ សក្តិសមជាអ្នកសារព័ត៌មាន និងជាបុគ្គលគំរូក្នុងសង្គមដែរឬទេ...? នេះជាការបញ្ជាក់បន្ថែមរបស់លោក វណ្ណា។

សូមជម្រាបផងដែរថា ក្រោយឃើញមហាជនប្រតិកម្មខ្លាំង លោក ផែង វណ្ណៈ ក៏បានឡាយវីដេអូបកស្រាយពន្យល់ពលរដ្ឋ អំពីពាក្យដែលលោកប្រើ«ទំនួញចោរជាយដែរ[ន]» ថា មិនសំដៅលើបងប្អូនអាជីវករ ឬប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតឡើយ តែពាក្យសំដីនោះ គឺលោកចង់សំដៅទៅលើក្រុមស្កេមអនឡាញខ្មៅតែប៉ុណ្ណោះ។ យ៉ាងណា ការបកស្រាយរបស់លោក ផែង វណ្ណៈ បានទទួលរងនូវការរិះគន់បន្ថែមសាជាថ្មីម្តងទៀត ពីសំណាក់មហាជន តារាសិល្បៈ និងអ្នកធ្វើវីដេអូមាតិកា ដោយពួកគាត់យល់ថា ជាការឆ្លើយដោះសារមិនសមហេតុផល នោះក៏ព្រោះតែ លោក មាស ឫទ្ធី និយាយសំដៅលើក្រុមអាជីវករ និងបងប្អូនប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត មិនបានសំដៅលើក្រុមឧក្រិដ្ឋជនស្កេមអនឡាញឡើយ ដូច្នេះ ការឆ្លើយបំភ្លឺនេះ វាមិនសមហេតុ សមផលទាល់តែសោះ៕



