ស្ថានការណ៍ព្រំដែន​​ថៃ-មី​យ៉ាន់​ម៉ា អាចនឹងឡើងកម្តៅ ក្រោយយោធាថៃ​ដាក់ពង្រាយ​អាវុធធុនធ្ងន់
ហៀប ស៊ីថេត
24 វិច្ឆិកា 2025 01:39 AM

រាជធានីបាងកក៖ កងកម្លាំងពិសេស រាជមនូ (ราชมนู) នៃកងទ័ពភូមិន្ទថៃ បានដាក់ពង្រាយរថពាសដែកបំពាក់ដោយកាំភ្លើងយន្តធុនធ្ងន់ទៅព្រំដែននៅតាមបណ្តោយព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា ដើម្បីឆ្លើយតបទៅនឹងការប្រយុទ្ធគ្នាជាបន្តបន្ទាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបង្កការគំរាមកំហែងដល់សន្តិសុខព្រំដែនថៃ និងហានិភ័យនៃការចូលដីថៃខុសច្បាប់។ យ៉ាងណា ការដាក់ពង្រាយអាវុធធុនធ្ងន់បែបនេះ កំពុងក្លាយជាសញ្ញាបង្ហាញពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងភាពផុយស្រួយនៃស្ថានការណ៍ព្រំដែនថៃ-ភូមាអាចនឹងផ្ទុះឡើងគ្រប់ពេល។

រូបភាព៖ ខាវសដ
រូបភាព៖ ខាវសដ

កងកម្លាំងពិសេសរបស់កងទ័ពភូមិន្ទថៃ បានបង្កើនការល្បាតទាំងយប់ទាំងថ្ងៃ និងបានបង្កើតចំណុចត្រួតពិនិត្យបណ្តោះអាសន្ននៅច្រកឆ្លងកាត់ធម្មជាតិ ដែលមានហានិភ័យខ្ពស់នៃការប៉ះទង្គិចគ្នា។ ជាងនេះទៅទៀត រថពាសដែកបំពាក់ដោយកាំភ្លើងយន្តធុនធ្ងន់ ត្រូវបានដាក់ពង្រាយទៅកាន់ទីតាំងយុទ្ធសាស្ត្រ ដើម្បីត្រៀមលក្ខណៈប្រយុទ្ធ និងការវាយប្រហារ ប្រសិនបើជម្លោះរីកកាន់តែធំ។

រូបភាព៖ ខាវសដ
រូបភាព៖ ខាវសដ

គួរជម្រាបថា ការដាក់ពង្រាយកងកម្លាំងយោធា និងអាវុធរបស់ថៃទៅកាន់ព្រំដែនមីយ៉ាន់ម៉ាកើតឡើង ក្រោយមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងទ័ពយោធាមីយ៉ាន់ម៉ា(SAC) និងកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច(EAOs) ដូចជា កងទ័ពរំដោះជាតិការ៉ែន(KNLA) និងកម្លាំងការពារប្រជាជន(PDFs) នៅតាមតំបន់ព្រំដែនក្នុងរដ្ឋកាយីន(Kayin)។ គេនៅចាំបានថា កន្លងទៅ គ្រាប់ផ្លោងបានហោះចេញពីការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា រួចធ្លាក់ចូលទៅក្នុងទឹកដីថៃ បណ្ដាលឱ្យខូចខាតផ្ទះសម្បែងមួយចំនួន។ អ្វីដែលគួរឱ្យកត់ស្គាល់ទៀតនោះ គឺថាពេលនេះរបបយោធាមីយ៉ាន់ម៉ាបានបើកប្រតិបត្តិការទ្រង់ទ្រាយធំប្រឆាំងនឹងមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅតំបន់ព្រំដែនជាប់ក្លៀកថៃ ជាពិសេស តំបន់ស្វីកុកកូ (Shwe Kokko)។ ការបង្ក្រាបដោយរដ្ឋាភិបាលមីយ៉ាន់ម៉ាទៅលើមជ្ឈមណ្ឌលទាំងនេះ បង្កឱ្យមានអំពើហិង្សា និងភាពចលាចលនៅជិតព្រំដែនថៃជាខ្លាំង។ 

រូបភាព៖ ខាវសដ
រូបភាព៖ ខាវសដ

គួរបញ្ជាក់ថា ការដាក់ពង្រាយអាវុធរបស់ថៃនៅពេលនេះ ចំពេលថៃកំពុងប្រើវិធីសាស្ដ្រកាត់បន្ថយជម្លោះជាមួយកម្ពុជា ហើយងាកទៅប្រើវិធីសាស្ដ្រដាក់ពង្រាយកម្លាំងយោធាទប់ទល់ជាមួយមីយ៉ាន់ម៉ាវិញម្ដង ដោយសារតែមីយ៉ាន់ម៉ាមិនមានអ្នកគ្រប់គ្រងច្បាស់លាស់ និងមានសង្គ្រាមស៊ីវិលផ្ទៃក្នុងដ៏រ៉ាំរៃ ជាបុព្វហេតុនៃការគំរាមកំហែងផ្នែកសន្តិសុខកំពូលទៅកាន់ប្រទេសថៃនាពេលបច្ចុប្បន្ន។ ដូច្នេះ ចង់មិនចង់ថៃត្រូវតែបង្ខំចិត្តឱ្យត្រៀមលក្ខណៈយោធាកម្រិតខ្ពស់នៅតំបន់ព្រំដែនថៃ-ភូមា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត