
ក្រុងប៉ៃលិន៖ បើទោះបីជាច្រកទ្វារព្រំដែនកម្ពុជា-ថៃ កំពុងបិទក៏ពិតមែន ប៉ុន្តែបច្ចុប្បន្ន បន្លែ ផ្លែឈើ និងកសិផលផ្សេងៗនៅក្នុងខេត្តប៉ៃលិន មិនបានកកស្ទះនោះទេ ពោលគឺមានក្រុមហ៊ុនជាច្រើនបាននិងកំពុងទទួលទិញ ដើម្បីនាំចេញទៅក្រៅប្រទេស។ នេះបើតាមការឱ្យដឹងរបស់មន្ត្រីរដ្ឋបាលខេត្ត...។

ក្នុងឱកាសដឹកនាំមន្រ្តីចុះពិនិត្យមើលដោយផ្ទាល់ការបង្កបង្កើនផលដំណាំស្រូវ និងបន្លែផ្លែឈើ ក្នុងខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រីអភិបាលខេត្តបានលើកឡើងថា៖«បច្ចុប្បន្ន សម្រាប់ខេត្តប៉ៃលិន បើទោះបីជាច្រកទ្វាររព្រំអន្តរជាតិកម្ពុជា-ថៃ ត្រូវបានបិទក៏ពិតមែន ប៉ុន្តែមានក្រុមហ៊ុនជាច្រើនកំពុងទទួលទិញបន្លែផ្លែឈើ និងកសិផលផ្សេងៗទៀត ដើម្បីធ្វើការវេចខ្ចប់ និងសម្ងួតសម្រាប់នាំចេញយកទៅលក់នៅក្រៅប្រទេស ដូចជា៖ ប្រទេសចិន, ប្រទេសវៀតណាម, សហគមន៍អឺរ៉ុប និងសហរដ្ឋអាម៉េរិក ជាដើម»។ ដូច្នេះ លោកស្រីលើកទឹកចិត្តដល់ប្រជាកសិករ សូមបន្តធ្វើការផលិតឱ្យបានច្រើន ជាពិសេសបន្លែងសរីរាង្គ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញក្រៅប្រទេស ដែលធានាបាននូវតម្លៃសមរម្យ និងគុណភាពតាមបែបធម្មជាតិ ប្រកបដោយទំនុកចិត្តមិនប៉ះពាល់ដល់សុខភាព។

លោកស្រីអភិបាលខេត្តគូសបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាល បានជំរុញក្រសួងកសិកម្ម ធ្វើការបណ្ដុះបណ្ដាលដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំនាញទៅបណ្ដុះបណ្ដាលដល់មូលដ្ឋានផ្ទាល់តែម្ដង គឺធ្វើយ៉ាងណាឱ្យការដាំដុះរបស់បងប្អូនប្រជាកសិករទទួលបានទិន្នផលច្រើន ចំណាយលើការផលិតតិច និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ ក៏ដូចជាអ្នកដាំផ្ទាល់ ជាពិសេស ផលិតកសិផលទាំងបរិមាណ និងគុណភាពទៅតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ សម្រាប់ខេត្តប៉ៃលិន ក្រសួងពាណិជ្ជកម្មតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចហៅកាត់ថា «អេមស៍» ក៏បានរៀបចំជាបណ្តុំផលិតផលក្នុងស្រុកតាមបែបធម្មជាតិ ដើម្បីជំរុញឱ្យប្រជាកសិករបង្កើនការចិញ្ចឹម និងការដាំដុះបន្ថែមទៀត ក្នុងការផ្គត់ផ្គង់ឱ្យបានទាន់ពេលវេលា និងតាមតម្រូវការទីផ្សារ ក្នុងតម្លៃមួយសមរម្យ ជៀសវាងការផលិតដែលគ្មានគុណភាព និងគ្មានទីផ្សារ។ ប៉ុន្តែបើក្នុងករណីបន្លែ ផ្លែឈើគ្មានទីផ្សារ ប្រជាកសិករអាចទំនាក់ទំនងទៅកាន់ក្រុមការងាររដ្ឋបាលខេត្ត ដើម្បីជួយរកទីផ្សារជូន៕










