
ក្រុងប៉ៃលិន៖ ប៉ៃលិនក្លាយជាខេត្តទី១៦ហើយ ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) បន្ទាប់ពីខេត្តកំពង់ធំ ដែលទើបនឹងប្រកាសកាលពីពាក់កណ្ដាលខែមករាកន្លងទៅ…។

ក្រសួងអភិឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៨កុម្ភៈ ឆ្នាំ២០២៥ បានប្រកាស និងប្រគល់ជ័យលាភីជាខេត្តបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្រោមអធិបតីភាព លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមជាមួយវត្តមានលោកស្រីអភិបាលខេត្តប៉ៃលិន និងមន្រ្តីពាក់ព័ន្ធសរុបប្រមាណជាង១ពាន់៤រយនាក់។ លោក ឆាយ ឫទ្ធិសែន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានាដែលខេត្តប៉ៃលិនសម្រេចបាននាពេលកន្លងមក លើគ្រប់វិស័យ ជាពិសេសការផ្លាស់ប្ដូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ ការផ្ដល់សេវាទឹកស្អាត និងអនាម័យ។

លោកថែមទាំងបានអំពាវនាវដល់រដ្ឋបាលខេត្ត និងភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តការចូលរួមលើការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាពិសេស ការរិះរកយន្តការរក្សានិរន្តរភាពខេត្ត ODF និងជំរុញការងារទៅសម្រេច ODF Plus។ គិតត្រឹមថ្ងៃទី១៨កុម្ភៈនេះ មានរាជធានី-ខេត្តចំនួន១៦ សម្រេចបាននៃការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF+និងODF) ដែលរួមមាន៖ រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគិរី សៀមរាប ត្បូងឃ្មុំ តាកែវ ខេត្តស្ទឹងត្រែង កំពង់ធំ និងខេត្តប៉ៃលិន។ លោកស្រីអភិបាលខេត្តបញ្ជាក់ថា នៅទូទាំងខេត្ត មានខ្នងផ្ទះសរុប១៨១១៣ខ្នង, ភូមិមានបណ្តាញទឹកស្អាតគ្របដណ្ដប់ចំនួន៧៤ភូមិ ស្មើ៧៩,៥ភាគរយ, ចំនួនខ្នងផ្ទះប្រើប្រាស់បង្គន់សរុប១៨១១៣ខ្នងស្មើ១០០ភាគរយ។

ក្នុងនោះ មានខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួនសរុប១៧១៤៤ខ្នងផ្ទះ ស្មើ៩៥ភាគរយ និងខ្នងផ្ទះប្រើបង្គន់រួមសរុប៩៦៩ខ្នងផ្ទះ ស្មើ៥ភាគរយ, ស្ថានភាពក្រុង-ស្រុក, ឃុំ-សង្កាត់ និងភូមិ ដែលសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល សរុប២ក្រុង-ស្រុក ស្មើ១០០ភាគរយ ឃុំ-សង្កាត់ទាំង៨ ទទួលបាន ODF ស្មើ១០០ភាគរយ និងក្នុងចំណោម៩៣ភូមិ មានភូមិចំនួន៦០ ជាភូមិ ODF ស្មើ៦១ភាគរយ និង៣៨ភូមិ ជាភូមិ ODF Plus ស្មើ៣៩ភាគរយ៕




