កងទ័ពតាមព្រំដែនកម្ពុជា-ថៃ ចាប់ដៃសន្យា «បញ្ចៀសការប៉ះទង្គិចគ្នា»
អុន សម្ផស្ស
25 សីហា 2025 06:36 AM

ក្រុងប៉ៃលិន៖ តាមរយៈកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅព្រឹកថ្ងៃទី២៥សីហា ឆ្នាំ២០២៥ ភាគីទាំង២ បានឯកភាពគ្នារក្សាទំនាក់ទំនងជាប្រចាំ ដើម្បីជៀសវាងការប៉ះទង្គិច។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា..។

ក្រោយមេបញ្ជាការយោធភូមិភាគនៃប្រទេសទាំង២ ជួបប្រជុំគ្នារយៈពេលជិត១ម៉ោង ក្រសួងការពារជាតិកម្ពុជា អះអាងថា កិច្ចប្រជុំ RBC ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ដោយជោគជ័យ។ ក្នុងនោះ ភាគីកម្ពុជា ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់ RBC។ រីឯភាគីថៃ ដឹកនាំដោយ លោកឧត្តមនាវីឯក អភិឆាត សាប់ប្រះសើត មេបញ្ជាការបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាត និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់ RBC។ 

ក្រសួងគូសរំលេថា៖«ក្នុងកិច្ចប្រជុំវិសាមញ្ញនេះ ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំ រវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា»។ ជាមួយគ្នានេះ ភាគីទាំង២ក៏បានបញ្ជាក់ពីសារសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាង ជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំង២ បានសង្កត់ធ្ងន់ពីការវិវឌ្ឍជាវិជ្ជមាន និងវឌ្ឍនភាពដែលសម្រេចបានកន្លងមក សំដៅជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត